ភ្នំពេញ: ក្រោយពីទទួលបានការចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកាដូសទី៣ នៅវិមានរដ្ឋសភាកាលពីព្រឹកថ្ងៃទី ១០ ខែកញ្ញានេះ ប្រធានរដ្ឋសភាលោក ហេង សំរិន បានថ្លែងអំណរគុណរដ្ឋាភិបាលប្រទេសជាមិត្ត និងដៃគូរអភិវឌ្ឍន៍ទាំងអស់ដែលបានចាក់វ៉ាក់សាំង ផ្គត់ផ្គង់វ៉ាក់សាំង និងឧបរណ៍វេជ្ជសាស្រ្តដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ រហូតទទួលបានជោគជ័យ។
លោក ហេង សំរិន បានលើកឡើងក្នុងហ្វេសប៊ុករបស់លោកថាការផ្តល់វ៉ាក់សាំង សម្ភារវេជ្ជសាស្រ្តនានា និងការចាក់វ៉ាក់សាំងបានកំពុងតែធ្វើឱ្យកំណើនការចាក់វ៉ាក់សាំងបានកើនឡើងជាលំដាប់។ ក្នុងនោះពលរដ្ឋដែលមានអាយុ ១៨ ឆ្នាំឡើងទៅសឹងតែសម្រេចបាន ១០០% ទៅហើយ នៃចំនួនគោលដៅ ១០ លាននាក់។ ចំណែកឯកុមារ និងយុវវ័យដែលមានអាយុពី ១២ ដល់ ១៧ឆ្នាំវិញ មកដល់ពេលនេះសម្រេចបានជិត ៩០% ហើយដែរ ក្នុងចំណោមជិត ២ លាននាក់។
លោកបានសរសេរថា៖«រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្រ្តគន្លឹះកាត់បន្ថយការឆ្លង និងឈឺធ្ងន់ ពិសេសសំដៅឈានទៅសម្រេចឱ្យបាននូវភាពស៊ាំសហគមន៍ ដែលជាកត្តាជំរុញធានា ឱ្យបាននូវការវិលត្រឡប់ទៅរកប្រក្រតីភាពថ្មី...ក៏ដូចជាការស្តារនូវបញ្ហាសេដ្ឋកិច្ច សង្គមឱ្យងើបឡើងវិញ»។
ប្រធានរដ្ឋសភា ក៏បានសម្ដែងការកោតសរសើរផងដែរដល់មន្រ្តីសុខាភិបាល អាជ្ញាធរដែនដី កងយុទ្ធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានខិតខំគ្រប់បែបយ៉ាងក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងធ្វើកិច្ចអន្តរាគមន៍តាមភារកិច្ច ព្រមទាំងការចូលរួមយ៉ាងពេញលេញពីពលរដ្ឋ។ កិច្ចខិតខំទាំងនេះ បានធ្វើឱ្យយុទ្ធសាស្រ្តចាក់វ៉ាក់សាំងការពារសុខុមាលភាពសង្គមជាតិ«ទទួលបានជោគជ័យនេះ»។
ដោយមើលឃើញពីកំណើននៃការចាក់វ៉ាក់សាំងនេះ លោក ហេង សំរិន បានសង្ឃឹមយ៉ាងមុតមាំថា៖«យើងនឹងអាចឈានទៅបើកដំណើរការសាលារៀន រមណីយដ្ឋានកម្សាន្តនានា ដោយត្រូវគោរពតាមស្តង់ដាវិធានការសុវត្ថិភាព ដើម្បីឱ្យចៅៗ កូនក្មួយរបស់យើងបានវិលទៅសិក្សានៅថ្នាក់រៀនដោយផ្ទាល់ ក៏ដូចជាស្តារវិស័យសេដ្ឋកិច្ចឡើងវិញ ជាបណ្តើរៗតាមរយៈការប្រកបកិច្ចការរកទទួលទានប្រចាំថ្ងៃផ្សេងៗនោះ»៕