ពោធិ៍សាត់ៈ ប្រជាពលរដ្ឋ ២ នាក់រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ៥១ គ្រាប់ ដែលបន្សល់តាំងពីសម័យសង្គ្រាម ហើយសមត្ថកិច្ចបានប្រគល់គ្រាប់ទាំងនេះឱ្យស៊ីម៉ាក់ ដើម្បីកម្ទេចចោល។ នេះបើយោងតាមនគរបាលជាតិ។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី ១១ ខែកញ្ញា បានដកស្រង់សំដីមន្ត្រីនគរបាលស្រុកតាលោសែនជ័យថា ប្រជាពលរដ្ឋម្នាក់កាលពីថ្ងៃទី ១០ ខែកញ្ញាបានទៅភ្ជួរដីចំការនៅខាងក្រោយផ្ទះត្រង់ចំណុចម្ដុំច្រាំងចោទ ហើយក៏បានប្រទះឃើញក្បាលបំបែកគ្រាប់ប្រភេទ M47 ចំនួន ៥០ គ្រាប់ផលិតនៅប្រទេសចិន ខណៈប្រជាពលរដ្ឋម្នាក់ទៀតនៅថ្ងៃដដែលនេះបានជិះម៉ូតូតាមផ្លូវចំណុចម្ដុំមុខផ្ទះ ហើយក៏បានប្រទះឃើញគ្រាប់បែកដៃ «ក្រឡាទាប» ចំនួន ១ គ្រាប់ប្រភេទ F1 ផលិតនៅប្រទេសសូវៀត។
គេហទំព័រដដែលបញ្ជាក់ថា៖ «សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចនគរបាលបានទទួលព័ត៌មាននេះ ចុះទៅពិនិត្យដល់ទីតាំងកន្លែងគ្រាប់បែក និងក្បាលគីបបំបែក និងសហការជាមួយក្រុមកម្ទេចគ្រាប់របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់-CMAC) និងបានប្រគល់គ្រាប់ទាំង ៥១ គ្រាប់ទាំងនេះ ទៅមន្ត្រីជំនាញរបស់អង្គការស៊ីម៉ាក់ដើម្បីយកទៅកម្ទេចចោល»៕