ភ្នំពេញៈ មន្ត្រីអ្នកនាំពាក្យគណៈកម្មធិការជាតិរៀបចំកាបោះឆ្នោត (គជប) ឱ្យដឹងថា ប្រជាពលរដ្ឋ ដែលនឹងត្រូវចុះឈ្មោះថ្មីក្នុងបញ្ជីបោះឆ្នោត សម្រាប់ឆ្នាំ២០២១នេះ មានចំនួនជាង១លាន ៦ សែននាក់ បើធៀបនឹងឆ្នាំ ២០២០ មានជាង ៥០ ម៉ឺននាក់។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប.ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១២ ខែកញ្ញានេះ ថា មានមូលហេតុមួយចំនួនដែលមានប្រជាពលរដ្ឋត្រូវចុះឈ្មោះបោះឆ្នោតថ្មីនៅឆ្នាំនេះមានការកើនឡើង និងមានចំនួនច្រើនជាងឆ្នាំទៅ ដោយសារឆ្នាំនេះ គឺជាឆ្នាំដែលត្រូវរៀបចំបញ្ជីបោះឆ្នោត សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០២២។
លោកបន្តថា មួយវិញទៀត ផ្អែកទៅលើច្បាប់ដែលត្រូវបានកំណត់នៅក្នុងមាត្រា ៤៤ នៃច្បាប់បោះឆ្នោត បានចែងថា សម្រាប់បញ្ជីបោះឆ្នោត ត្រូវចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មានអាយុ ១៨ ឆ្នាំឡើងឱ្យបានគ្រប់គ្នា។
បើតាមលោក សោម សូរីដា តាមការប៉ាន់ស្មាន សម្រាប់ឆ្នាំ ២០២១ នេះ ប្រជាពលរដ្ឋដែលនឹងត្រូវមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដែលមានអាយុ ១៨ ឆ្នាំឡើងបូកជាមួយនឹង ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះថ្មី មានជាង ១ លាន ៦ សែននាក់។ សរុបគឺជាង ១០ លាននាក់ បើធៀបនឹងឆ្នាំ ២០២០ មានប្រមាណ ៨ លាន ៨ សែននាក់ប៉ុណ្ណោះ៕