ភ្នំពេញៈ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅតាមបណ្តារាជធានីខេត្តទូទាំងប្រទេសនឹងចាប់បើកឡើងវិញជាដំណាក់កាលៗ ចាប់ពីសប្តាហ៍នេះទៅ ដោយក្នុងនោះគ្រប់សាលាទាំងអស់ត្រូវគោរព និងបំពេញលក្ខខណ្ឌគ្រប់គ្រាន់ទាំងអនាម័យ បរិស្ថាន និងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ក្នុងសាលារបស់ខ្លួនឡើយ។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានថ្លែងកាលពីថ្ងៃទី ១១ ខែកញ្ញា ថា សាលារៀនចាប់ពីកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យនៅក្នុងក្រុង និងស្រុកចំនួន ៧ ក្នុងខេត្តពោធិ៍សាត់នឹងបើកដំណើរការបង្រៀន និងរៀនឡើងវិញចាប់ពីថ្ងៃទី ១៥ ខែកញ្ញាតទៅ។
លោកបានថ្លែងថា៖ «មុននឹងឈានដល់ការសម្រេចចិត្តក្នុងការបើកដំណើរការគ្រឹះស្ថានសិក្សានេះឡើងវិញ យើងបានធ្វើការត្រួតពិនិត្យស្ថានភាពជាក់ស្ដែងរួចហើយក្នុងការបើកដំណើរការសាលារៀនឡើងវិញនេះ»។
លោក លី សុគន្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១២ ខែកញ្ញាថា សាលាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យចំនួន ៥៤ សាលាត្រៀមខ្លួនជាស្រេចក្នុងការបើកដំណើរការសិក្សាឡើងវិញនៅថ្ងៃទី ១៥ ខែកញ្ញា ខាងមុខនេះហើយ ខណៈដែលវិទ្យាល័យចំនួន ៦ ផ្សេងទៀត កំពុងធ្វើការវាយតម្លៃគ្រោងនឹងបើកដំណើរការដូចគ្នាផងដែរ។
លោកបានថ្លែងថា៖ «សិស្ស និងគ្រូដែលអនុញ្ញាតឱ្យចូលរៀន និងបង្រៀន យើងមិនមានការធ្វើតេស្តរហ័សទេ តែយើងនឹងធ្វើការពិនិត្យទៅលើបណ្ណចាក់វ៉ាក់សាំង បន្ទាប់មកធ្វើការពិនិត្យកម្ដៅ ការលាងសម្អាតដៃ និងត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ។ សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូស្ទើរតែទាំងអស់បានចាក់វ៉ាក់សាំងលើកទី១ និងលើកទី២ រួចហើយ»។
លោកបញ្ជាក់ថា សម្រាប់សិស្សក្រៅពីកម្រិតថ្នាក់ទី ៩ និងទី ១២ គឺនៅបន្តការចែកក្រដាសកិច្ចការរៀនតាមបណ្តុំដដែល ហើយប្រសិនបើការបើកដំណើរការសាលាទាំងនេះមិនមានបញ្ហាអ្វីទេ មន្ទីរនឹងបន្តបើកថ្នាក់កម្រិតផ្សេងៗទៀត។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងផងដែរថា សាលារៀនទាំងរដ្ឋ និងឯកជននឹងដំណើរការឡើងវិញ ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា នេះតទៅ ក្រោយពីខកខានអស់រយៈពេលជាង ៧ ខែ ដោយសារការរាតត្បាតជំងឺកូវីដ ១៩។
លោកថ្លែងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៩ ខែកញ្ញាថា៖ «ការបើកគ្រឹះស្ថានសិក្សាឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញនេះ លុះត្រាតែគ្រឹះស្ថានទាំងនោះបានបំពេញលក្ខន្តិកៈគ្រប់គ្រាន់របស់ក្រសួងសុខាភិបាល ដែលជឿបានថាមិនមានការឆ្លងរីករាលដាលជំងឺកូវីដ ១៩»។
លោកថា ការបើកឱ្យដំណើរការនេះបាន លុះត្រាតែគ្រឹះស្ថានសិក្សាទាំងអស់បានបំពេញលក្ខន្តិកៈគ្រប់គ្រាន់ ទាំងអនាម័យ បរិស្ថាន និងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល សំដៅធ្វើយ៉ាងណាអាចធានាបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ ១៩។
លោកថ្លែងដោយបានជំរុញឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញត្រូវសហការជាមួយមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ដើម្បីធ្វើតេស្តរហ័ស ទៅលើគ្រូបង្រៀន បុគ្គលិកសិក្សាទាំងអស់ ដោយត្រូវចាប់ផ្ដើមអនុវត្តការងារនេះចាប់ពីថ្ងៃទី ១០ ខែកញ្ញាតទៅ ហើយប្រសិនបើអនុវត្តតាមលក្ខន្តិកៈបានល្អប្រសើរហើយនោះ គ្រឹះស្ថានសិក្សានោះនឹងដំណើរការសិក្សាឡើងវិញបាន។
លោកថ្លែងថា៖ «ចំពោះគ្រឹះស្ថានសិក្សាឯកជនទាំងអស់គឺត្រូវធ្វើពាក្យស្នើសុំ បើកគ្រឹះស្ថានសិក្សារបស់ខ្លួនឡើងវិញ មករដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយពីរដ្ឋបាលរាជធានីភ្នំពេញពិនិត្យឃើញថា បានបំពេញនូវលក្ខន្តិកៈដែលរដ្ឋបាលរាជធានីភ្នំពេញជំរុញឱ្យអនុវត្តបានល្អប្រសើរហើយនោះ គ្រឹះស្ថានទាំងនោះនឹងទទួលបានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យបើកដំណើរការសិក្សាជាធម្មតាឡើងវិញ»។
លោក ឃួង ស្រេង បានថ្លែងថា៖ «ការបើកសាលារៀនទាំងឯកជន និងរដ្ឋឡើងវិញនេះ គឺដំណើរការតែសាលាចាប់ពី អនុវិទ្យាល័យ និងវិទ្យាល័យគឺថ្នាក់ទី ៧ ទៅដល់ថ្នាក់ទី ១២ ប៉ុណ្ណោះ ហើយបើដំណើរការនេះឈានទៅរលូនហើយនោះ យើងនឹងគិតគូរពីថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាបន្តទៀត»។
គួរបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញ គ្រូបង្រៀនប្រមាណជា ៩៥% បានចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ដូស និងសិស្សដែលមានអាយុចាប់ពី ១២ ឆ្នាំដល់ ១៨ ឆ្នាំចំនួនជិត ២០ ម៉ឺននាក់បានចាក់វ៉ាក់សាំងរួចរាល់។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឱ្យដឹងថា លោកបានសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តនេះ សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពី ថ្នាក់ទី ៩ ថ្នាក់ទី ១០ ថ្នាក់ទី ១១ និងថ្នាក់ទី ១២ ដែលបានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់ខេត្ត។
លោកថ្លែងថា៖ «រដ្ឋបាលខេត្តនឹងបន្តពិនិត្យតាមដាន និងវាយតម្លៃពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅតាមមូលដ្ឋានឃុំសង្កាត់នៃស្រុកក្រុងទូទាំងខេត្ត និងឈានដល់ការបើកឱ្យដំណើរការសាលារៀននៅគ្រប់កម្រិតជាដំណាក់កាលនាពេលខាងមុខទៀត»។
ចំណែកនៅខេត្តកំពង់ចាមវិញ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនចាប់ពីកម្រិតអនុវិទ្យាល័យឡើងនឹងបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញ ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជុំទី ១ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ១៩ ខែកញ្ញា ខាងមុខនេះ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានលើកឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ១០ ខែកញ្ញា ដោយលោកបានបន្ថែមថា ការបើកឱ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនកម្រិតអនុវិទ្យាល័យ និងពុទ្ធិកសិក្សា ត្រូវបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ទាំងអនាម័យ បរិស្ថាន និងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកថ្លែងថា៖ «ការធ្វើបែបនេះគឺ ដើម្បីសំដៅធ្វើយ៉ាងណាអាចធានាបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ ១៩។ យើងក៏បានគិតគូរពីការវាយតម្លៃក្នុងការបើកគ្រឹះសា្ថនសិក្សាកម្រិតបឋមឡើងវិញផងដែរនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ ប្រសិនបើការដំណើរការកម្រិតអនុវិទ្យាល័យឡើងមិនមានបញ្ហាប្រឈមកើតឡើង»។
ជាមួយគ្នានេះដែរ លោក អ៊ុន ចាន់ដា ក៏បានជំរុញឱ្យមន្ទីរអប់រំ យុវជន និងកីឡា សហការជាមួយមន្ទីរសុខាភិបាល អាជ្ញាធរមូលដ្ឋានត្រូវរៀបចំក្រុមគ្រូពេទ្យប្រចាំការឆ្លើយតបបន្ទាន់ក្នុងករណីមានការសង្ស័យ និងរកឃើញសញ្ញាណណាមួយនៃការចម្លងក្នុងសាលារៀន ដើម្បីធានាបានសុវត្ថិភាពជូនសិស្សានុសិស្ស៕