ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ​លោក​ ឃួង ស្រេង បញ្ជាក់ថា រដ្ឋបាល​រាជធានី​នឹង​មិន​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​ណាមួយ ដែល​មិន​គោរព​ត្រឹមត្រូវ​តាម​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដា​ (SOP) បើក​ដំណើរការ​សាលា​ឡើងវិញ​ក្នុង​បរិបទ កូវីដ​ ១៩ របស់​ក្រសួង​អប់រំ​នោះទេ ខណៈ​សាលារដ្ឋ និង​ឯកជន​នៅ​ទូទាំង​ប្រទេស​កំពុង​ត្រៀម​បើក​ដំណើរការ​ឡើងវិញ​។

ការថ្លែង​បែបនេះ ខណៈ​លោក និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​បាន​ចុះ​ពិនិត្យ​ការសម្អាត​អនាម័យ​នៅ​វិទ្យាល័យ​ជាស៊ីម​សន្ធរមុខ នៅ​ខណ្ឌ​ទួលគោក នាព្រឹក ថ្ងៃទី​ ១៣ ខែកញ្ញា​។ លោក​បញ្ជាក់ថា ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ការថមថយ​គួរឱ្យ​កត់សម្គាល់​។ ប៉ុន្តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅតែ​ប្រុងប្រយ័ត្ន​ជាប់​ជាប្រចាំ​ពី​ការឆ្លង​រាលដាល​ឡើងវិញ​នៃ​វីរុស​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​បើក​សាលា​ឡើងវិញ ស្របតាម​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ [​ហ៊ុន សែន​] ចាប់ពី​ក្មេង​អាយុ​ពី​ ១២ ​ឆ្នាំ​ឡើងទៅ ដែល​ទទួល​បាន​ការចាក់​វ៉ាក់សាំង ហើយ​ការបើក​នេះ យើង​បើក​ជា​ជំហានៗ ដែល​មានន័យថា សាលា​ណា​ដែល​គោរព​តាម​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដា​របស់​ក្រសួង​អប់រំ យើង​នឹង​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​»​។

លោក​ ឃួង ស្រេង បន្ថែមថា​៖ «​ក្នុងករណី ដែល​សាលា​មាន​ការខ្វះខាត​មិនទាន់​គ្រប់គ្រាន់​ចូលក្នុង​គោលការណ៍ SOP របស់​ក្រសួង​អប់រំ​ទេ យើង​ក៏​នឹង​មិនទាន់​អនុញ្ញាត​ឱ្យ​បើក​ទេ ហើយ​យើង​នឹង​ធ្វើការ​ណែនាំ​ឱ្យ​មាន​ការបំពេញ​បន្ថែមទៀត​»​។

ទាក់ទង​នឹង​ការមិន​អនុញ្ញាត​នេះ ទាំង​សាលា​រដ្ឋ ទាំង​សាលា​ឯកជន លោក​អភិបាល​បាន​បញ្ជាក់​ជាមុន​ថា លោក​មាន​ការព្រួយបារម្ភ​នូវ​អ្វីដែល​អាច​នឹង​មាន​ការចោទ​មក​សាលា​រាជធានី​ភ្នំពេញ​ថា មាន​ការរើសអើង​លើ​សាលា​។ ប៉ុន្តែ​លោក​ថា ការធ្វើ​ដូចនេះ គឺ​អាស្រ័យ​លើ​ការគោរព​តាម​គោលការណ៍ ស្តង់ដា SOP របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​តែ​ប៉ុណ្ណោះ​។

លោក​ ឃួង ស្រេង ថ្លែងថា​៖ «​ខ្ញុំ​សុំឱ្យ​ម្ចាស់​គ្រឹះស្ថាន​ឯកជន និង​រដ្ឋ ត្រូវ​សហការ​ជាមួយ​នឹង​ក្រុមការងារ​យើងខ្ញុំ​ដែល​នឹង​ចុះ​ត្រួតពិនិត្យ​ទៅតាម​សាលា​ទាំងអស់ ទាំង​សាលា​រដ្ឋ និង​ឯកជន​។ ប្រសិន​បើ​សាលា​ណា ដែល​គោរព​បាន​តាម​ស្តង់ដា SOP ​របស់​ក្រសួង​អប់រំ យើង​នឹង​បើក​ឱ្យ​ដំណើរការ​ជា​បណ្តើរៗ​»​។

លោក​អភិបាល​បញ្ជាក់ថា នៅ​ថ្ងៃទី​ ១៥ ខែកញ្ញា ការបើក​ឡើងវិញ​នូវ​គ្រឹះសា្ថន​សិក្សា គឺ​មិនមែន​ដូច​ការបើក​សាលា​ទាំងអស់​ដូច​បើក​បវេសនកាល​ទេ គឺ បើក​បណ្តើរៗ​។ តែ​បើក​សាលា ដែល​គោរព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​របស់​ក្រសួង​អប់រំ និង​ការបំពេញ​បាន​ទៅតាម​កាតព្វកិច្ច​នីមួយៗ​របស់​លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និង​សិស្ស​ផ្ទាល់​តែម្តង​។

ក្នុង​រាជធានី​ភ្នំពេញ ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ហាក់​មាន​សុវត្ថិភាព ទោះបីជា​ការឆ្លង​នៅតែមាន​មែន​។ ប៉ុន្តែ​ចំនួន​មាន​ការធ្លាក់ចុះ​ច្រើន ហើយ​ការស្លាប់​ក៏​ថយចុះ​ខ្លាំង​ដែរ គឺ​ពី​ ៣០ ​នាក់​មក​នៅ​ ៥ ​នាក់​ក្នុង​ ១ ​ថ្ងៃ​ហើយ​អ្នក​ដែល​ស្លាប់ គឺជា​អ្នក​ដែលមាន​អាយុ​ច្រើន និង​មាន​ជំងឺ​ប្រចាំកាយ​។

ជាមួយ​គ្នា​នេះ សម្រាប់​លោកគ្រូ អ្នកគ្រូ ដែល​មាន​បញ្ហា​សុខភាព​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នឹង​ស្នើឱ្យ​ពួកគាត់​ធ្វើការ​បង្រៀន​តាម​ប្រព័ន្ធ​អនឡាញ​។ ចំណែក​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ ២ ​ដង​រួច និង​ទទួលបាន​ដូស​ជំរុញ​ហើយ​ទៀត ពួកគាត់​នឹងត្រូវ​បាន​លើកទឹកចិត្ត​ឱ្យមក​បង្រៀន​នៅក្នុង​ថ្នាក់​បាន​។

លោក​ ឃួង ស្រេង ថ្លែងថា​៖ «​សម្រាប់​សិស្ស ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង ក៏​អនុញ្ញាត​ឱ្យមក​រៀន​ដែរ តែ​ឱ្យនៅ​ឆ្ងាយ​ពី​គេ​។ ការដែល​យើង​ធ្វើ​ដូចនេះ គឺ​មិនមែន​ជា​ការរើសអើង​ទេ តែ​ជា​ការការពារ​ទៅដល់​ពួកគាត់ ដោយសារ​វា​មិន​ប្រាកដថា គាត់​ចម្លង​មក​គេ​ទេ​។ តែ​អាច​គាត់​ឆ្លង​ពី​គេ ដោយសារ​ពួកគាត់​មិនមាន​ប្រព័ន្ធ​ការពារ ពីព្រោះ​ពួកគាត់​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​»​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់​ក្នុង​ភូមិសាស្ត្រ​រាជធានី-ភ្នំពេញ​ដែលមាន​ហានិភ័យ​ទាប ចាប់ពី​ថ្ងៃទី​ ១៥ ខែកញ្ញា​តទៅ​។

នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ក៏​បាន​ត្រៀម​រួចរាល់​ផងដែរ​ក្នុង​ដំណើរការ​បើក​សាលា​ឡើងវិញ​នេះ​ ដែល​ភាគច្រើន គឺ​នឹង​បើក​ឡើងវិញ​នៅ​ថ្ងៃទី​ ១៥ ខែកញ្ញា​ដូចគ្នា​។

ការរៀបចំ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​លោក​ ហ៊ុន សែន បានស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ ហង់ជួន ណារ៉ុន ឱ្យមាន​ការត្រួតពិនិត្យ និង​វាយតម្លៃ​ក្នុង​ការបើក​ឡើងវិញ​៕

វីដេអូ៖