ភ្នំពេញៈ ចិនប្តេជ្ញាចិត្តពង្រីកទំនាក់ទំនងជាមួយកម្ពុជាឱ្យរឹងមាំជាង «ដែកថែប» និងបន្តជួយឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន ហើយប្រមុខការទូតកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចប្រមុខការទូតចិនមកកម្ពុជា គឺជាចំណុចប្រវត្តិសាស្ត្រ «សំខាន់» មួយទៀតក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ចិន។
លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១២-១៣ ខែកញ្ញា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
លោក វ៉ាង វីប៊ិន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិនបានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ១៣ ខែកញ្ញា មួយថ្ងៃបន្ទាប់ពីជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក វ៉ាង យី ថា ប្រទេសចិននឹងបន្តផ្តល់វ៉ាក់សាំង និងការផ្គត់ផ្គង់ផ្សេងៗដល់កម្ពុជា ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជា និងបន្តគាំទ្រឧស្សាហូបនីយកម្មកម្ពុជាដើម្បីផ្លាស់ប្តូរ និងធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចកម្ពុជា។
លោកសរសេរថា៖ «ប្រទេសចិននឹងបន្តធ្វើការងាររួមគ្នាជាមួយប្រជាជនកម្ពុជាក្នុងនាមជាបងប្អូន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការចិន-កម្ពុជា និងធ្វើឱ្យមិត្តភាពចិន-កម្ពុជារឹងជាងដែក និងខ្លាំងជាងដែកថែប»។
លោក Wenbin បានសរសេរថា៖ «យើងមិនចាត់ទុកប្រទេសណាមួយដោយផ្អែកលើទំហំតូច ឬធំនោះទេ ប៉ុន្តែយើងប្តេជ្ញាចិត្តក្នុងការពិគ្រោះយោបល់ដោយស្មើភាព និងគោរពគ្នាទៅវិញទៅមក»។
លោកសរសេរថា ការដែលរដ្ឋមន្ត្រីការបរទេសចិន និងរដ្ឋមន្ត្រីការបរទេសកម្ពុជាជួបទល់មុខគ្នា ៣ ដងក្នុងរយៈពេលមិនដល់ ១ ឆ្នាំផងនោះ ហើយទោះបីជាមានជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ក៏វាបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីលក្ខណពិសេសនៃទំនាក់ទំនងទ្វេភាគី និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២។
លោក Wenbin សរសេរបន្តទៀតថា ពហុកីឡដ្ឋាននេះមានទំហំធំបំផុត និងល្អបំផុតដែលចិនបានជួយសាងសង់នៅបរទេសដែលនឹងឈរជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការមិត្តភាពចិន-កម្ពុជាហើយក៏ជាអគារប្រវត្តិសាស្ត្រមួយទៀតនៃមិត្តភាពចិន-កម្ពុជា។
លោក ប្រាក់ សុខុន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ១៣ ខែកញ្ញាថា៖ «ភាពជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យី គឺជាចំណុចប្រវត្តិសាស្ត្រសំខាន់មួយទៀតនៃទំនាក់ទំនងកម្ពុជា-ចិន!»។
លោកសរសេរថា កម្ពុជាទន្ទឹងរង់ចាំប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាអំណោយរបស់ប្រជាជនចិន ដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាធំៗជាពិសេសការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ ២០២៣។
លោក ប្រាក់ សុខុន បានសរសេរបន្ថែមថា៖ «ការប្រកាសផ្តល់ជំនួយវ៉ាក់សាំងចំនួន ៣ លានដូសបន្ថែមដល់កម្ពុជាក៏នឹងជួយពន្លឿនការស្តារឡើងវិញ និងអាចវិលទៅរកជីវភាពធម្មតាវិញនាពេលឆាប់ៗខាងមុខនេះ»។
កាលពីថ្ងៃទី ១២ ខែកញ្ញា ចិនបានចុះហត្ថលេខាផ្តល់សម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន និងផ្តល់បរិក្ខារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរវាងប្រទេសទាំង ២ ហើយភាគីទាំង ២ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូរវាងប្រទេសទាំង ២ និងកិច្ចព្រមព្រៀងស្ដីពីការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង។
ក្រៅពីនោះចិនក៏បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងដល់កម្ពុជានូវទំហំទឹកប្រាក់ចំនួនប្រមាណ ២៧០ លានដុល្លារសម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស និងថវិកាចំនួន ២,៥ លានដុល្លារសម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
ក្នុងជំនួបសន្ទនាក្នុងពេលអាហារការងារពេលព្រឹកជាមួយលោក វ៉ាង យី កាលពីថ្ងៃទី ១៣ ខែកញ្ញា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើចិនឱ្យជួយទិញកសិផលកម្ពុជាបន្ថែមទៀតជាពិសេសផ្លែមៀនប៉ៃលិន ម្រេច ទុរេន និងស្ករ។
លោកបានដកស្រង់សម្ដីលោក វ៉ាង យី ក្នុងជំនួបនោះថា ចិននឹងជំរុញការសាងសង់ផ្លូវជាតិលេខ 71C និងបញ្ជូនអ្នកបច្ចេកទេសចិនមកសិក្សាផ្លូវជាតិលេខ ៣ ដែលមានការខូចខាតប្រវែង ២០ គីឡូម៉ែត្រ ព្រមទាំងនឹងជំរុញបន្ថែមទៀតលើគម្រោងខ្សែកាបអ៊ុបទិកក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ និងទីក្រុងហុងកុង ដើម្បីពន្លឿនប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។
យោងតាមហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១២ បានឱ្យដឹងថា រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយវ៉ាក់សាំងប្រមាណ ៣ លានដូសថែមទៀតដល់ប្រទេសកម្ពុជា ដើម្បីទុកសម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។
វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣ នេះបានមកដល់ចំនួន ២ លានដូសហើយហើយនឹងមកដល់ ៣ លានដូសទៀតដែលមានចំនួនសរុប ៥ លានដូសហើយបូកថែមនឹងជំនួយរបស់ចិនថ្មីនេះចំនួន ៣ លានដូសបន្ថែមទៀត។ ជាមួយនឹងការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ចិនបានក្លាយជាប្រទេសបង្អែកក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកម្ពុជា។ មកដល់ពេលនេះប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងបង្ការការពារមេរោគកូវីដ ១៩ ពីចិន និងប្រជាជន ចិនចំនួន ២៦,៨ លានដូសហើយ។
ហ្វេសប៊ុកលោកបានដកស្រង់សម្ដីលោក វ៉ាង យី ក្នុងអំឡុងជំនួបនោះថា៖ «ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិន។ យើងនឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឱ្យបានកាន់តែច្រើន»។ លោក វ៉ាង យី ត្រូវបានដកស្រង់សម្ដីថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា នឹងនាំចូលផលិតផលកសិកម្មទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់កសិករកម្ពុជា៕