ភ្នំពេញៈ លោក ដាប់ប៊លយូ ផាទ្រីក មើហ្វ៊ី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅរាជធានីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី ១៤ ខែកញ្ញា ស្តីពីជំនួយរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកក្នុងការឆ្លើយតបចំពោះជំងឺកូវីដ ១៩ នៅកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា រៀបចំបានល្អ គួរឱ្យកត់សម្គាល់នូវការត្រៀមខ្លួនទប់ស្កាត់ ការផ្ទុះរាលដាលនៃវីរុសកូវីដ ១៩ ចាប់តាំងពីពេលដែលវីរុសនេះបានផ្ទុះឡើងដំបូងក្នុងប្រទេស ហើយកម្ពុជាជាប្រទេសមួយដែលឈានមុខគេ ក្នុងការរៀបចំ ខ្លួនបានមុនប្រទេសនានាក្នុងតំបន់ ដើម្បីទប់ស្កាត់ជំងឺនេះផងដែរ។ សន្និសីទសារព័ត៌មាន ចូលរួមដោយក្រសួងសុខាភិបាល អង្គការ UNICEF និងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា (WHO) តាមប្រព័ន្ធអនឡាញ។
លោក ដាប់ប៊លយូ ផាទ្រីក មើហ្វ៊ី បានឱ្យដឹងក្នុងពិធីនេះថា សហរដ្ឋអាមេរិក មកទល់ពេលនេះបានផ្តល់ជំនួយផ្ទាល់ដល់ប្រទេសកម្ពុជាក្នុងការឆ្លើយតបការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដែលមានជំនួយជាង ១៥ លានដុល្លារ រាប់ចាប់តាំងពីការផ្ទុះលើកដំបូង ដែលសហរដ្ឋអាមេរិកបានផ្តល់តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID មានដូចជាសម្ភារអប់រំលើការបង្ការហានិភ័យ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការការពារ និងទប់ស្កាត់ការឆ្លង និងប្រព័ន្ធមន្ទីរពិសោធន៍ជាដើម។ ជំនួយទាំងនេះគឺរួមបញ្ចូលទាំងការផ្តល់ជំនួយ ៤ លានដុល្លារកាលពីពេលថ្មីៗនេះផងដែរ តាមរយៈកម្មវិធីផែនការជួយសង្គ្រោះរបស់សហរដ្ឋអាមេរិក ដែលជំនួយនេះនឹងត្រូវអនុវត្តដោយ WHO និង UNICEF។
លោក មើហ្វ៊ី ថ្លែងថា៖ «ជំនួយរបស់យើងនាឆ្នាំកន្លងៗមក មានដូចជាជំនួយក្នុងការដោះស្រាយផលប៉ះពាល់លើសង្គម សេដ្ឋកិច្ច ពីជំងឺកូវីដ ១៩។ ទាំងសហរដ្ឋអាមេរិក និងកម្ពុជា សុទ្ធតែជួបប្រទះវិបត្តិសេដ្ឋកិច្ចពីជំងឺនេះ ហើយជំនួយរបស់យើងកន្លងមក សុទ្ធតែជួយដល់អ្នកដែលងាយរងគ្រោះជាងគេបំផុត»។
លោកបានបញ្ជាក់ថា ដំណោះស្រាយជាយូរអង្វែងក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ ពិតណាស់ គឺការចាក់វ៉ាក់សាំង ដែលកម្ពុជាកំពុងធ្វើបានល្អណាស់នាពេលនេះ។ សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងប្រភេទ ចនសុន ចនសុន មកដល់ប្រទេសកម្ពុជាចំនួនជាង ១ លានដូស តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់កាលពីខែកក្កដា។
លោក មើហ្វ៊ី ថា៖ «យើងមានការត្រេកអរយ៉ាងខ្លាំងដែលអាជ្ញាធរនៅទីនេះ ប្រើប្រាស់វ៉ាក់សាំងនេះ សម្រាប់ជនជាតិដើមភាគតិច ក្រុមបុគ្គលិកជួរមុខនៅតាមខេត្ត ដែលពួកគេពិតជាបានទទួលប្រយោជន៍នៃប្រសិទ្ធភាពពីការចាក់វ៉ាក់សាំងតែ ១ ដូសនេះ»។
លោកបន្តថា៖ «ពេលយើងនិយាយពីវិស័យសុខភាពសាធារណៈ ជារឿងសំខាន់ដែលយើងនិយាយពីទំនាក់ទំនងល្អរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា»។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា ជាទូទៅកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា គឺមិនមែនទើបតែមាននាពេលបច្ចុប្បន្នទេ គឺមានតាំងពីឆ្នាំ ១៩៩២ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោកស្រីថ្លែងថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយឥតសំណងដល់វិស័យសុខាភិបាលកម្ពុជាយ៉ាងច្រើនលើសលប់មកកម្ពុជា ប៉ុន្តែជំនួយទាំងនោះមិនបានផ្តល់មករដ្ឋាភិបាលផ្ទាល់ទេ គឺផ្តល់មកកម្ពុជាតាមរយៈអង្គការក្រៅរដ្ឋាភិបាល»។
លោកស្រី ឱ វណ្ណឌីន ថ្លែងថា ចំនួនទឹកប្រាក់ដែលជាជំនួយរបស់សហរដ្ឋអាមេរិកដែលរាជរដ្ឋាភិបាលបានដឹងគឺមានចំនួន ១៣៥ លានដុល្លារអាមេរិក តាមរយៈអង្គការក្រៅរដ្ឋាភិបាលដែលជាដៃគូរបស់ USAID ដើម្បីអភិវឌ្ឍសកម្មភាពនានាដែលពាក់ព័ន្ធទៅនឹងវិស័យសុខាភិបាល។
លោកស្រីបានបន្តថា៖ «ជាមួយនេះដែរ នៅពេលដែលមានការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា សហរដ្ឋអាមេរិករួមគ្នាជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ធ្វើការរួមគ្នាក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ផងដែរ តែតាមរយៈអង្គការដៃគូ រួមនឹងការផ្តល់នូវវ៉ាក់សាំងជាង ១ លានដូសតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ផងដែរ»។
លោក ឆាត រ៉ូដេមេយ័រ (Chad Roedemeier) អ្នកនាំពាក្យ ស្ថានទូតអាមេរិក បានឱ្យដឹងផងដែរថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (USCDC) នឹងផ្តល់ទឹកប្រាក់ចំនួន ១៤០ ០០០ ដុល្លារទៅដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) ដើម្បីពង្រឹងការអនុវត្តការត្រួតពិនិត្យការឆ្លងមេរោគអេដស៍នៅមណ្ឌលសុខភាពចំនួន ៧០ នៅទូទាំងប្រទេស។
យោងតាមស្ថានទូតអាមេរិកប្រចាំកម្ពុជាឱ្យដឹងថា ការធ្វើបែបនេះនឹងជួយកាត់បន្ថយនូវហានិភ័យនៃវីរុសកូវីដ ១៩ ក្នុងចំណោមអ្នករស់នៅជាមួយមេរោគអេដស៍ និងបុគ្គលិកថែទាំសុខភាព៕