ភ្នំពេញៈ មន្ត្រីជំនាញចំនួន ១៧ នាក់ តំណាងក្រសួងការងារ តំណាងសហជីព និងតំណាងនិយោជក ដែលនៅក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជួបប្រជុំកាលពីថ្ងៃទី ១៤ ខែកញ្ញានេះ នៅទីស្ដីការក្រសួងការងារ ដើម្បីពិភាក្សាចរចាប្រាក់ឈ្នួលគោលសម្រាប់កម្មករនៅឆ្នាំ ២០២២ នៅក្នុងវិស័យកាត់ដេរ។
កិច្ចចរចាត្រីភាគី ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០២២ បានចាប់ផ្តើម ដោយភាគីនិយោជកកំណត់តួលេខ ១៨៣,៤ ដុល្លារ រីឯនិយោជិតកំណត់តួលេខ ២១៤,២ ដុល្លារ។ ប្រាក់ឈ្នួលគោលឆ្នាំ ២០២១ មានចំនួន ១៩២ ដុល្លារក្នុង ១ ខែ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៤ កញ្ញា ក្រោយចប់កិច្ចប្រជុំថា កិច្ចប្រជុំនេះមិនទាន់មានលទ្ធផលរួមណាមួយត្រូវបានកំណត់ឡើងនោះទេ។
លោក ហេង សួរ បានថ្លែងថា៖ «(ថ្ងៃនេះ) ជាការចរចាបែបបច្ចេកទេសនៅឡើយ។ ថ្ងៃនេះភាគីទាំងសងខាងនៅបន្តការពារគោលជំហររបស់ខ្លួនរៀងៗខ្លួននៅឡើយ (ហើយ) កិច្ចប្រជុំនេះនឹងបន្តទៅតាមកាលវិភាគបន្តទៀត»។
ទោះបីជា មានការខ្វែងគំនិតគ្នាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា តាមបែបវិទ្យាសាស្ត្រឡើងវិញជាថ្មី ដោយផ្អែកលើកត្តាសង្គម និងសេដ្ឋកិច្ច ដោយហេតុវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ ក៏តំណាងសហជីពទាំង ១៧ នៅតែរក្សាតួលេខដែលបានឯកភាពរួមគ្នាចំនួន ២២,២ ដុល្លារអាមេរិក ឬ ១១,៦ ភាគរយ សម្រាប់ការចរចា។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគម GMAC បានលើកឡើងថា វិបត្តិនាពេលបច្ចុប្បន្ននេះ គឺវាច្បាស់ណាស់សម្រាប់គ្រប់ភាគី ហើយវាសំខាន់ណាស់ក្នុងការគ្រប់គ្រងការរំពឹងទុក ជាពិសេសគឺភាគីខាងសហជីព។
លោកបន្តថា គ្រប់គ្នាគួរដឹងថាប្រទេសផ្សេងទៀតគេបានផ្អាកការពិភាក្សាប្រាក់ឈ្នួលរបស់ពួកគេដោយរង់ចាំមើលឱ្យច្បាស់លាស់អំពីស្ថានភាព ហើយជាមួយគ្នានេះ ប្រទេសវៀតណាមក៏បានផ្អាកការពិភាក្សាប្រាក់ឈ្នួលរបស់ពួកគេកាលពីឆ្នាំមុនហើយឆ្នាំនេះក៏ពន្យារពេលការពិភាក្សាណាមួយដល់ឆ្នាំ ២០២២ ផងដែរ។
លោកបានបញ្ជាក់ថា៖ «គិតត្រឹមពេលនេះ ប្រាក់ឈ្នួលគោលរបស់យើងគឺបានខ្ពស់ជាងប្រទេសវៀតណាម ដែលប្រទេសមានប្រាក់ឈ្នួលគោលខ្ពស់ជាងគេក្នុងតំបន់រួចទៅហើយ។ សូមចងចាំថា យើងត្រូវការប្រកួតប្រជែងសម្រាប់អ្នកវិនិយោគិន មិនត្រឹមតែក្នុងវិស័យកាត់ដេរ និងស្បែកជើងប៉ុណ្ណោះទេ ប៉ុន្តែជាមួយគ្នានោះដែរ តម្លៃផ្សេងៗក៏ត្រូវបានបន្ថែមទៀតផងដែរ»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ភាគីនិយោជិតនៅតែរក្សាគោលជំហរក្នុងតួលេខ ២២,២ ដុល្លារអាមេរិក ឬស្មើ ១១,៦ ភាគរយ ដែលធ្វើឱ្យប្រាក់ឈ្នួលគោលរបស់កម្មករនិយោជិត សម្រាប់ឆ្នាំ ២០២២ គឺអាចឡើងប្រមាណ ២១៤,២ ដុល្លារ។
លោកបន្តថា ចំណែកការអះអាងរបស់ភាគីនិយោជកបានបង្ហាញថា ការកំណត់ប្រាក់ឈ្នួលសម្រាប់ឆ្នាំ ២០២២ នេះ គឺមិនត្រឹមតែមិនឡើងហើយ គឺមានការថយចុះទៅទៀត គឺនៅត្រឹម ១៨៣,៤ ដុល្លារ បន្ទាប់ពីភាគីនិយោជក បានសំអាងលើការស្រាវជ្រាវរបស់ខ្លួនតាមគោលការណ៍វិទ្យាសាស្ត្រផ្អែកលើកត្តាសង្គម និងសេដ្ឋកិច្ច ដែលភាគីនេះបានរកឃើញ។ ចំពោះតួលេខដែលបង្ហាញដោយភាគីក្រសួងការងារ បន្ទាប់ពីបានសិក្សាតាមគោលការណ៍វិទ្យាសាស្ត្រផ្អែកលើកត្តាសង្គម និងសេដ្ឋកិច្ច ក៏បានកំណត់តួលេខរកឃើញមួយផងដែរ គឺចំនួន ១៩១,៩ ដុល្លារ។
លោកបានបញ្ជាក់ថា ដោយសារតែការចរចាមិនទៅមុខ ហើយភាគីនីមួយៗ មិនមានអ្នកណាឯកភាពបញ្ចុះតួលេខរកគ្នា ក៏ឯកភាពឱ្យភាគីទាំងអស់ ទៅប្រជុំពិភាក្សាគ្នាផ្ទៃក្នុង ហើយនិងក្នុងករណីកន្លែងណាមិនច្បាស់ គឺត្រូវមកជជែកគ្នាជាមួយអ្នកជំនាញក្រសួង និងអ្នកជំនាញរបស់ខ្លួននីមួយៗ ដើម្បីឈានទៅជួបគ្នានៅថ្ងៃទី ២១ ខែកញ្ញា។
ទោះយ៉ាងណាក៏ដោយលោក អាត់ ធន់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៣ កញ្ញាថា ក្រុមការងារសហជីពបានធ្វើការផ្ទៀងផ្ទាត់ទៅលើកត្តាសង្គម និងសេដ្ឋកិច្ចទាំង ៧ ចំណុច ដែលក្រសួងបានឱ្យផ្ទាល់ និងតួលេខដែលសហជីពយោង គឺមិនមានភាពស៊ីចង្វាក់គ្នានោះទេ។
លោកថ្លែងថា៖ «បើយោងតាមកត្តាសង្គម និងសេដ្ឋកិច្ចរបស់ក្រសួងឃើញថា ការគណនាដែលគិតជាភាគរយ ដែលអាចដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ គឺមានចំនួនតិចជាងឆ្ងាយណាស់ បើប្រៀបធៀបនឹងភាគរយដែលក្រុមសហជីពបានរកឃើញ និងផ្អែកទៅលើឯកសារស្ថិតិយោងផ្សេងៗ ដូចជា ILO ធនាគារពិភពលោក ទីផ្សារនានា»។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាបានលើកឡើងដែរថា ក្នុងពេលបច្ចុប្បន្ន ការសិក្សាបានរកឃើញថា ក្នុងសមាជិកគ្រួសារ ១ គ្រួសារ ដែលមានគ្នា ៥ នាក់ គឺសមាជិកតែ ២ នាក់ប៉ុណ្ណោះ ដែលមានប្រាក់ចំណូលសម្រាប់ទ្រទ្រង់គ្រួសារ។
បើសិនជាក្នុងឆ្នាំ ២០២២ ខាងមុខ ការចរចាប្រាក់ឈ្នួលគោលកម្មករ មិនទទួលបានការដំឡើង ឬឡើងមិនបានសមរម្យនោះទេ បានន័យថា ពួកគេនឹងត្រូវជួបប្រទះនឹងបញ្ហាកាន់តែលំបាកថែមទៀតជាមួយនឹងបំណុល ការចាយវាយប្រចាំថ្ងៃ និងការឈឺថ្កាត់។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចកំណត់កិច្ចប្រជុំជាក់លាក់នៅថ្ងៃទី ១៤ កញ្ញា ដើម្បីជួបចរចាប្រាក់ឈ្នួលគោលរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០២២៕
វីដេអូ៖