ព្រះវិហារ/ស្ទឹងត្រែងៈ ប្រព័ន្ធផ្លូវជាតិ និងផ្លូវលំជនបទមួយចំនួនក្នុងខេត្តព្រះវិហារបានរងការជន់លិច និងខូចខាតដោយកន្លែង ខណៈទឹកស្ទឹងសែនជន់ឡើងជិតដល់កម្រិតប្រកាសអាសន្នដោយសារភ្លៀងធ្លាក់ខ្លាំង ៤-៥ ថ្ងៃចុងក្រោយនេះ។
ស្រដៀងគ្នានេះទឹកទន្លេទាំង ៣ នៃខេត្តស្ទឹងត្រែង ក៏បានឡើងជិតដល់ចំណុចប្រកាសអាសន្នផងដែរ។ នេះបើតាមមន្ត្រីមូលដ្ឋាន និងមន្ត្រីជំនាញនៃខេត្តទាំង ២។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២១ ថា ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានាប៉ុន្មានថ្ងៃកន្លងមកនេះបានធ្វើឱ្យកំណាត់ផ្លូវជាតិលេខ ៩៥, ៩៤,៩២ និងកំណាត់ផ្លូវ 2pvh4 ក្នុងខេត្តព្រះវិហារបានរងការជន់លិចខូចខាតជាច្រើនកន្លែងដែលបង្កការលំបាកដល់ការធ្វើដំណើររបស់ពលរដ្ឋ។
លោក លាង ទ្រី បានថ្លែងថា៖ «មានកន្លែងខ្លះទឹកជន់លិច និងហូរកាត់បណ្ដាលឱ្យរងការខូចខាតបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ប៉ុន្តែស្ថានភាពនៃជំនន់ទឹកភ្លៀងនោះមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ»។
បើតាមលោក លាង ទ្រី កំណាត់ផ្លូវដែលខូចខាតតិចតួចត្រូវបានបានជួសជុលកែសម្រួលវិញភ្លាមៗ ដោយការចាក់ដី និងថ្ម បន្ថែមពីលើដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ខណៈទីតាំងខ្លះត្រូវកាយផ្ដាច់ផ្លូវ និងដាក់លូកាត់ទទឹងផ្លូវ ដើម្បីបង្វែរផ្លូវទឹកឱ្យហូរចាក់ទៅតាមប្រព័ន្ធអូរ ប្រឡាយដើម្បីកាត់បន្ថយការជន់លិចខូចផ្លូវ និងលំនៅឋានពលរដ្ឋ។
ជាមួយគ្នានេះ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដែរថា នៅពេលនេះកម្ពស់ទឹកស្ទឹងសែនបានហក់ឡើងដល់ ១០,៨០ ម៉ែត្រ ជិតដល់កម្រិតប្រកាសអាសន្ន ១១ ម៉ែត្រ ដែលទាមទារឱ្យអ្នករស់នៅជាប់មាត់ទឹកបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ ខណៈមេឃនៅពេលនេះកំពុងបន្តធ្លាក់ភ្លៀងក្នុងកម្រិតពីតិចទៅមធ្យមនៅឡើយ។
លោកបានបញ្ជាក់ថា៖ «ប្រសិនបើភ្លៀងនៅតែធ្លាក់ខ្លាំងក្នុងរយៈពេល ២-៣ ថ្ងៃទៀត នោះកម្ពស់ទឹកស្ទឹងសែននឹងហក់ឡើងដល់កម្រិតដែលត្រូវប្រកាសអាសន្នហើយ ព្រោះនៅពេលនេះកម្ពស់ទឹកនៅខ្វះតែត្រឹម ២ តឹកទៀតប៉ុណ្ណោះនឹងឈានដល់កម្រិតប្រកាសអាសន្ន គឺ ១១ ម៉ែត្រហើយ»។
លោក កុយ បានបន្តទៀតថា ក្នុងពេលនេះ តំបន់មួយចំនួននៃស្រុកជាំក្សាន្ត ស្រុកជ័យសែន និងស្រុកឆែបបានរងការជន់លិចជាបណ្ដើរៗហើយ។ ថ្វីបើយ៉ាងដូច្នេះក្ដី អាជ្ញាធរពាក់ព័ន្ធនៅទូទាំងខេត្តបានត្រៀមនូវកម្លាំង និងមធ្យោបាយ ឧបករណ៍សម្ភារសម្រាប់ជួយអន្តរាគមន៍ពលរដ្ឋពីតំបន់រងគ្រោះរួចជាស្រេចហើយ។
លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែកញ្ញា ដែរថា ដោយសារជំនន់ទឹកភ្លៀង ប្រជាកសិករមួយចំនួនបានសម្រេចចិត្តដកដំឡូងមីរបស់ពួកគេលក់មុនរដូវកាលប្រមូលផល ដើម្បីចៀសវាងការខូចខាត។
លោកបានថ្លែងថា៖ «ចំពោះដំណាំស្រូវ នៅពេលនេះមានការលូតលាស់ល្អ ប៉ុន្តែដំណាំដំឡូងមីមិនអាចទ្រាំនឹងទឹកលិចបានយូរទេ គឺមើមរបស់វាងាយនឹងស្អុយរលួយ ប្រសិនបើមិនដកវាលក់មុនរដូវកាលប្រមូលផលទេនោះការខាតបង់នឹងកាន់តែច្រើន»។
ចំណែកនៅឯខេត្តស្ទឹងត្រែងវិញ កម្ពស់ទឹកទន្លេមេគង្គ ទន្លេសេសាន និងទន្លេសេកុង បានហក់ឡើងគួរឱ្យកត់សម្គាល់ផងដែរ បន្ទាប់ពីឥទ្ធិពលនៃព្យុះត្រូពិក Conson បានធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃមកនេះ។
លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កម្ពស់ទឹកទន្លេមេគង្គនៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា មានកម្ពស់ ៧,៦៣ ម៉ែត្រ ធៀបនឹងថ្ងៃទី ១៣ ខែកញ្ញា ទឹកបានហក់ឡើង ០,៨៩ ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្នទឹកមានកម្ពស់ ១០,៧០ ម៉ែត្រ។ ស្រដៀងគ្នានេះទឹកទន្លេសេសាននៅថ្ងៃទី ១៤ ខែកញ្ញាមានកម្ពស់ ៦,៧៨ ម៉ែត្រ គឺកើនឡើង ០,៨៧ ម៉ែត្របើធៀបនឹងថ្ងៃទី ១៣ ខែកញ្ញា ខណៈកម្រិតកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន ១០,៥០ ម៉ែត្រ។ ចំណែកទន្លេសេកុងវិញ ទឹកមានកម្ពស់ ៩,៥២ ម៉ែត្រ គិតត្រឹមព្រឹកថ្ងៃទី ១៤ ខែកញ្ញា គឺឡើង ៣,៦២ ម៉ែត្របើធៀបនឹងថ្ងៃទី ១៣ ខែកញ្ញា ខណៈកម្ពស់ទឹកត្រូវប្រកាសអាសន្នមានកម្រិត ១១,៥០ ម៉ែត្រ។
លោកបានបញ្ជាក់ថា៖ «នៅពេលនេះ យើងបានសង្កេតឃើញកម្ពស់ទឹកទន្លេទាំង ៣ ក្នុងខេត្តស្ទឹងត្រែងមានការហក់ឡើងជាបន្តបន្ទាប់គួរឱ្យបារម្ភ បើទោះជាវាមិនទាន់ជន់ឡើងដល់កម្រិតប្រកាសអាសន្នក៏ដោយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេទាំង ៣ ក្នុងខេត្តស្ទឹងត្រែងត្រូវត្រៀមលក្ខណៈលើកកម្ពស់ការប្រុងប្រយ័ត្ន»។
បើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ១៤ ខែកញ្ញា ប្រទេសកម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយកាត់លើប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម។
បន្ទាប់ពីនេះនៅថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ដែលធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀតក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕
វីដេអូ៖