បន្ទាយមានជ័យៈ យ៉ាងហោចណាស់មានស្ថានីយ ឬទីទួលបុរាណចំនួន ៩១១ ទីតាំង ត្រូវបានរកឃើញនៅទូទាំងខេត្តបន្ទាយមានជ័យក្នុងរយៈពេលជិត ៣ ឆ្នាំ គិតពីឆ្នាំ ២០១៩ មកក្នុងនោះរួមមាន ទួលប្រាសាទ ទួលបុរាណ ទួលកប់សព ស្រះបុរាណ និងផ្លូវបុរាណជាដើម។ នេះបើតាមលោក យង់ តាំងកូយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តនេះ។
លោក យង់ តាំងកូយ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ ថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានរកឃើញជាបន្តបន្ទាប់នូវស្ថានីយ ឬទីទួលបុរាណជាច្រើន។ ការរកឃើញនេះដោយសារតែមន្ទីរបានសហការជាមួយនឹងអាជ្ញាធរដែនដី ជាពិសេសខាងមន្ទីរសុរិយោដីបានជួយសម្រួលចុះបញ្ជីជូនមកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីគ្រប់គ្រងស្ថានីយ និងទីទួលបុរាណទាំងនោះ។
លោកបានបន្តថា កន្លងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានណែនាំឱ្យគ្រប់មន្ទីរទាំងអស់នៅទូទាំងប្រទេសចុះស្រាវជ្រាវ និងធ្វើរបាយការណ៍ពីស្ថានីយបុរាណ និងទីទួលបុរាណជាដើម ប៉ុន្តែសម្រាប់ខេត្តបន្ទាយមានជ័យបានរកឃើញច្រើនកន្លែងរហូតដល់ជាង ៩០០ ទីតាំងឯណោះ ក្នុងរយៈពេលជិត ៣ ឆ្នាំ (២០១៩-២០២១) កន្លងមកនេះ។
លោក យង់ តាំងកូយ បន្តថា មុនឆ្នាំ ២០១៩ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យរកឃើញស្ថានីយ និងទីទួលបុរាណមានចំនួនតែ ២០០ ទីតាំងប៉ុណ្ណោះ។ ទីតាំងស្ថានីយ និងទីទួលបុរាណទាំងនេះត្រូវបានចុះបញ្ជីនិយាមការរួចរាល់អស់ ប៉ុន្តែសម្រាប់ប្លង់កម្មសិទ្ធិមិនទាន់ទទួលបានអស់នៅឡើយទេ។ លោកបញ្ជាក់ថា ស្ថានីយ និងទីទួលបុរាណដែលបានរកឃើញទាំងនេះត្រូវបានកសាងឡើងចាប់ពីសតវត្សរ៍ទី ៩ ដល់ទី ១១។
លោកបានថ្លែងថា៖ «ចាប់ឆ្នាំ ២០១៩ ដល់ ២០២១ យើងរកឃើញ ៩១១ ទីតាំង ហើយត្រូវបានចុះបញ្ជី សម្រាប់ឆ្នាំនេះយើងធ្វើបានតែ ៥ ខែ ដែលខែភ្លៀង យើងធ្វើលែងកើតហើយ។ ប៉ុន្តែកាលពីពេលថ្មីៗដោយមានការរាយការណ៍ពីអាជ្ញាធរឃុំ ឬស្រុកយើងបានចុះទៅស្រាវជ្រាវឃើញ ១២ ទីតាំងទៀត»។
បើតាម លោក យង់ តាំងកូយ ទីតាំងស្ថានីយបុរាណទាំងនេះមានមួយចំនួន មិនទាន់ធ្វើកំណាយទេ ដោយមន្ទីរមានបំណងចង់ធ្វើដែរ ប៉ុន្តែមិនទាន់មានលទ្ធភាព ជាពិសេសថវិកាក្នុងការចុះស្រាវជ្រាវ និងធ្វើដោយគ្រោងចងក្រងទីតាំងណាដែលមានហានិភ័យ ទីតាំងណាដែលមានផលប៉ះពាល់ និងទីតាំងណាដែលត្រូវអភិវឌ្ឍ។
ទោះជាយ៉ាងណា លោកក៏បានឱ្យដឹងដែរថា ក្រៅពីចំនួនដែលបានរកឃើញនេះ ក៏នៅមានទីតាំងរាប់រយកន្លែងផ្សេងទៀត ដែលមន្ទីរនឹងបន្តស្វែងរក និងហ៊ុមព័ទ្ធដើម្បីរក្សាទុកជាបេតិកភណ្ឌ និងធ្វើកំណាយកុំឱ្យមានការបាត់បង់នូវកេរមរតកដូនតា កាលពីសម័យមុន។
លោកបានឱ្យដឹងដែរថា កន្លងមកមានស្ថានីយបុរាណរាប់សិបកន្លែងត្រូវបានប្រជាពលរដ្ឋមួយចំនួននាំគ្នាជីកកកាយ ដើម្បីរុករកគ្រឿងអលង្ការបុរាណ យកទៅធ្វើអាជីវកម្ម ដែលធ្វើឱ្យខូចខាតប៉ះពាល់ដល់សម្បត្តិវប្បធម៌របស់ជាតិ។ ករណីនេះអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធបានចុះទៅបង្ក្រាបជាបន្តបន្ទាប់ និងខិតខំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យចូលរួមការពារ និងថែរក្សាកេរដំណែលរបស់ជាតិកុំឱ្យបាត់បង់។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៣ ខែកញ្ញាដែរថា កន្លងមកក្រសួងក៏បានឱ្យគ្រប់មន្ទីរអង្គភាពក្រោមឱវាទចុះស្រាវជ្រាវរកនូវទីតាំងស្ថានីយបុរាណ ទីទួលបុរាណ និងទីទួលប្រាសាទផ្សេងៗ ដើម្បីថែរក្សា ការពារកុំឱ្យបាត់បង់ និងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីរក្សាទុកជាមរតក សម្រាប់ឱ្យអ្នកជំនាន់ក្រោយបានដឹង និងសិក្សាស្រាវជ្រាវបន្តទៀត៕