ភ្នំពេញៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានផ្តល់ម៉ូតូចំនួន ៤០០ គ្រឿង ជូនដល់ក្រសួងសុខាភិបាល ដើម្បីពង្រឹងប្រព័ន្ធចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។
សេចក្តីប្រកាសព័ត៌មានរបស់ JICA បញ្ជាក់កាលពីថ្ងៃទី ១៥ ខែកញ្ញាថា៖ «ម៉ូតូទាំងអស់នោះនឹងត្រូវបានប្រើប្រាស់ដើម្បីពង្រឹងប្រព័ន្ធចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងដោយកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាល»។
ម៉ូតូចំនួន ៤០០ គ្រឿងនេះនឹងត្រូវផ្តល់ជូនជា ៣ ដំណាក់កាលផ្សេងគ្នានៅបំណាច់ឆ្នាំនេះ ហើយឧបករណ៍វេជ្ជសាស្ត្រដទៃទៀតនឹងត្រូវផ្តល់ជូនផងដែរតាមរយៈគម្រោងសម្រាប់ពង្រឹងបន្ថែមលើសមត្ថភាពការធ្វើរោគវិនិច្ឆ័យ ព្រមទាំងប្រព័ន្ធតាមដាន និងវាយតម្លៃដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះទីភ្នាក់ងារ JICA ប្តេជ្ញានឹងបន្តកិច្ចសហការជាមួយក្រសួងសុខាភិបាលដើម្បីផ្តល់នូវឧបករណ៍ និងការគាំទ្រផ្នែកបច្ចេកទេសចាំបាច់ផ្សេងៗទៀតក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ ១៩។
សេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ថា៖ «យើងសង្ឃឹមថាការគាំទ្រទាំងនេះនឹងអាចជួយដល់បុគ្គលិកសុខាភិបាលដែលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩»។
សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលកាលពីថ្ងៃទី ១៥ ខែកញ្ញា បញ្ជាក់ថា ការផ្តល់ជូនម៉ូតូ ៤០០ គ្រឿងនេះ គឺសម្រាប់ចែកជូនមន្ត្រីសុខាភិបាលជួរមុខនៅតាមបណ្តាខេត្ត-រាជធានីទាំង ២៥ ប្រើប្រាស់ក្នុងការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។
ការប្រគល់ម៉ូតូទាំងនេះធ្វើឡើងក្នុងពិធីមួយកាលពីថ្ងៃទី ១៥ ខែកញ្ញា នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាលក្រោមវត្តមានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី កាមេយ ហារូកុ (Kamei Haruko ) តំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលបានដកស្រង់សំដីលោកស្រី កាមេយ ហារូកុ ថា លោកស្រីកោតសរសើររដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាលដែលបានខិតខំប្រឹងប្រែង «មិនខ្លាចនឿយហត់» ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលលោកស្រី កាមេយ ហារូកុ បានអរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងកូវីដ១៩ ដល់ជនជាតិជប៉ុនទាំងអស់ដែលរស់នៅលើទឹកដីកម្ពុជា។
សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលបានដកស្រង់សំដីលោក ម៉ម ប៊ុនហេង ថា ទឹកចិត្តសប្បុរសធម៌«ដ៏ថ្លៃថ្លា»របស់ JICA ត្រូវបានចងចាំទុកដោយរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ ១៩។ លោក ម៉ម ប៊ុនហេង បានអរគុណចំពោះ«ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា» របស់ JICA ហើយបានចាត់ទុកជំនួយនេះជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរដ្ឋាភិបាលកម្ពុជា។
ការផ្តល់ជូនម៉ូតូទាំងនេះធ្វើឡើងតាមរយៈ «គម្រោងពង្រឹងសមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ ១៩ ក្នុងប្រទេសកម្ពុជា» ដើម្បីរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
កាលពីខែកក្កដា ក្រសួងសុខាភិបាលកម្ពុជានិង JICA បានចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការគម្រោងសហប្រតិបត្តិការបច្ចេកទេសស្ដីពី «គម្រោងពង្រឹងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា» គឺដើម្បីពង្រឹងប្រព័ន្ធចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ និងពង្រឹងសមត្ថភាពការធ្វើរោគវិនិច្ឆ័យ ព្រមទាំងប្រព័ន្ធតាមដាន និងវាយតម្លៃដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ ១៩។
គម្រោងនេះផ្តោតលើការតាមដានប្រព័ន្ធចែកចាយវ៉ាក់សាំង ការធ្វើរោគវិនិច្ឆ័យរកជំងឺកូវីដ ១៩ នៅតាមបណ្ដាមន្ទីរពិសោធន៍ថ្នាក់តំបន់ និងរកជំងឺរលាកសួត និងការតាមដានថែទាំមន្ទីរពិសោធន៍រកជំងឺកូវីដ ១៩ ក៏ដូចជាការវាយតម្លៃកម្មវិធីផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ តាមរយៈការណែនាំអំពីការធ្វើ Serological Test នឹងត្រូវបានពង្រឹង៕