ភ្នំពេញៈ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ អំពាវនាវ ឱ្យពលរដ្ឋប្រើប្រាស់បណ្តាញសង្គម មានការប្រុងប្រយ័ត្នល្បិចបោកប្រាស់ថ្មី របស់ជនខិលខូច តាមរយៈកម្មវិធី «ឈ្នះរង្វាន់កាតទូរស័ព្ទចំនួន ៥០ ០០០ រៀល ពីក្រុមហ៊ុន H&M» ដែលជនខិលខូចទាំងនោះ អាចប្រើប្រាស់គេហទំព័រក្លែងបន្លំនេះ ដើម្បីលួចយកទិន្នន័យផ្សេងៗ និងការចម្លងមេរោគជាដើម។
ទំព័រហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មានវិទ្យា បានប្រកាសនៅថ្ងៃទី ១៤ ខែកញ្ញាថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមការងារបច្ចេកទេសបានសង្កេតឃើញនូវសារចែករំលែកជាបន្តបន្ទាប់ក្នុងបណ្តាញសង្គម។ តួយ៉ាងដូចជាកម្មវិធី Facebook Messenger ស្តីអំពីកម្មវិធីឈ្នះរង្វាន់ប្រាក់ ៥០ ០០០ រៀល ពីក្រុម H&M ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ។
ស្ថាប័ននេះ បញ្ជាក់ថា បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យាបានរកឃើញថា កម្មវិធីខាងលើនេះ គឺជាល្បិចបោកប្រាស់របស់ក្រុមជនខិលខូច ក្នុងគោលបំណងទុច្ចរិត ដើម្បីធ្វើការអូសទាញជនរងគ្រោះឱ្យចូលទៅកាន់តំណភ្ជាប់ (Link) ដែលជាគេហទំព័រក្លែងបន្លំ។
នាយកដ្ឋានព័ត៌មានវិទ្យាបានបញ្ជាក់ថា៖ «ពួកគេអាចនឹងធ្វើការបញ្ឆោតឱ្យជនរងគ្រោះឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់ និងធ្វើការបញ្ឆោតជនរងគ្រោះចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដោយផ្តល់ សិទ្ធិឱ្យគេហទំព័រខិលខូចនោះ ដំណើរការកម្មវិធីផ្ញើសារ របស់ជនរងគ្រោះ។ តួយ៉ាងកម្មវិធី Facebook Messenger ដែលនឹងធ្វើការចែករំលែកតំណភ្ជាប់ខាងលើដោយស្វ័យប្រវត្តិ ទៅកាន់មិត្តភក្តិដទៃទៀតរបស់ជនរងគ្រោះដែលមានក្នុង (Contact List)»។
ក្រៅពីការរៀបរាប់ខាងលើ នាយកដ្ឋានព័ត៌មានវិទ្យា បានសង្កេតឃើញថា ជនខិលខូច ក៏អាចប្រើប្រាស់ល្បិចកលនេះ ក្នុងគោលបំណងទុច្ចរិតផ្សេងៗទៀត ដូចជាប្រើប្រាស់គេហទំព័រក្លែងបន្លំ ឆបោក លួចយកព័ត៌មានគណនីជនរងគ្រោះ។ ឧទាហរណ៍ គណនីអ៊ីធឺណិត ឬគណនីធនាគារ ឬប្រើប្រាស់គេហទំព័រក្លែងបន្លំនោះធ្វើការ-ចម្លងមេរោគជាដើម។
នាយកដ្ឋានបញ្ជាក់ថា៖ «អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន ដោយកុំធ្វើការចែករំលែក ឬចុចលើតំណភ្ជាប់ទាំងអស់ និងត្រូវលុបចេញពីប្រអប់សារភ្លាម ចៀសវាងនូវបញ្ហាដូចបានរៀបរាប់ជូនខាងលើ»។
លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ ខែកញ្ញាថា បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន គឺមានការកើនឡើង ដោយសារតែស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ ១៩ ដែលតំបន់ខ្លះត្រូវបានបិទខ្ទប់។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្នមានការបិទខ្ទប់តំបន់ខ្លះដោយសារជំងឺកូវីដ ១៩ ដូច្នេះមានអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើន គឺបទល្មើសប្រព័ន្ធបច្ចេកវិទ្យាក៏កើនឡើងដែរ។ មូលហេតុដោយសារបិទតំបន់ ដូចជាតំបន់លឿង លឿងទុំ និងតំបន់ក្រហម។ បើបិទទៅម្នាក់ៗប្រើអុីនធឺណិតហើយការប្រើប្រាស់ច្រើនទៅ គឺគាត់មានកំហុសដោយត្រូវគេឆបោកហើយ ព្រោះ ពលរដ្ឋមិនសូវពូកែព្រោះវាថ្មី»។
ទោះយ៉ាងណា លោក ជា ពៅ នៅតែទទូចឱ្យប្រជាពលរដ្ឋ ត្រូវប្រើប្រាស់នូវបច្ចេកវិទ្យា ដោយការប្រុងប្រយ័ត្ន និងមិនត្រូវចុចតំណភ្ជាប់ដែលមិនមានប្រភពច្បាស់លាស់នោះទេ ហើយត្រូវរាយការណ៍មកមន្ត្រីសមត្ថកិច្ចជំនាញ ដើម្បីមានចំណាត់ការទាន់ពេលវេលា នៅពេលជួបប្រទះនូវអំពើឆបោកណាមួយតាមប្រព័ន្ធនេះ៕
វីដេអូ៖