ភ្នំពេញៈ អង្គការអុកស្វាម (Oxfam) អំពាវនាវជាថ្មីឱ្យមានការបង្កើតគោលនយោបាយជាតិរួមគ្នា ដើម្បីធានាបានថា ស្ដ្រីកម្មករទាំងអស់នៅកម្ពុជា ពិសេសចំពោះស្ត្រីកម្មករក្នុងការងារក្រៅប្រព័ន្ធ ឱ្យអាចទទួលបានការគាំពារមាតុភាពគ្រប់ៗគ្នា បន្ទាប់ពីយុទ្ធនាការកិច្ចគាំពារមាតុភាពរបស់អង្គការអុកស្វាម រយៈពេល ៣ ខែ ត្រូវបានបញ្ចប់។
យុទ្ធនាការឌីជីថលរបស់អង្គការអុកស្វាម ដែលមានចំណងជើងថា «កិច្ចគាំពារមាតុភាព» ត្រូវបានបញ្ចប់ បន្ទាប់ពីបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបញ្ហាកិច្ចគាំពារមាតុភាពនៅក្នុងតំបន់អាស៊ាន។ យុទ្ធនាការនេះ បានសម្ពោធជានិមិត្តរូបនៅក្នុងទិវាពលកម្មអន្ដរជាតិ ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២១ ដើម្បីគាំទ្រ ជាពិសេសដល់ស្ដ្រីកម្មករក្រៅប្រព័ន្ធ និងស្ដ្រីដែលធ្វើការស្វ័យនិយោជន៍ ដែលមានចំនួនប្រមាណ ៩០% នៃស្ដ្រីក្នុងកម្លាំងពលកម្មនៅប្រទេសកម្ពុជា ៩០% នៅប្រទេសឡាវ និង ៧៥% នៅប្រទេសវៀតណាម។
សេចក្ដីប្រកាសព័ត៌មានរបស់ អង្គការអុកស្វាម ចេញនៅថ្ងៃទី ១៥ ខែកញ្ញា ថ្លែងថា ដោយសារតែស្ថានភាពការងារក្រៅប្រព័ន្ធរបស់ស្ត្រី គឺមិនបានឱ្យពួកគេទទួលបានអត្ថប្រយោជន៍លើកិច្ចគាំពារមាតុភាពនោះទេ ដែលធ្វើឱ្យពួកគេក្លាយជាជនងាយរងគ្រោះដោយសារជំងឺ និងភាពក្រីក្រដ៏រ៉ាំរ៉ៃ។
អង្គការនេះ បានបញ្ជាក់ថា៖ «តាមរយៈយុទ្ធនាការនេះ អង្គការអុកស្វាម និងដៃគូ មានបំណងបំផុសការចូលរួមរបស់សាធារណជន និយោជក និងម្ចាស់អាជីវកម្ម អ្នកបង្កើតគោលនយោបាយជាតិ ដើម្បីរួមគ្នាជជែកពិភាក្សាអំពីការ-ធានាឱ្យបានថា ស្ដ្រីកម្មករទាំងអស់ក្នុងប្រទេសកម្ពុជា អាចទទួលបានការគាំពារមាតុភាពគ្រប់ៗគ្នា»។
ដូច្នេះអង្គការអុកស្វាម អំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើការពិចារណាលើសង្គតិភាពច្បាប់ និងគោលនយោបាយឱ្យបានប្រសើរ និងពេញលេញ ដើម្បីចងក្រងជាគោលការណ៍គំរូចំនួន ៥ ផ្នែកធំៗ ផ្តោតសំខាន់លើការសម្រាកមាតុភាព អត្ថប្រយោជន៍ផ្នែកប្រាក់គាំពារ និងវេជ្ជសាស្ត្រ ការការពារសុខភាពនៅកន្លែងធ្វើការ សម្រាប់ម្តាយ និងទារក អំឡុងពេលមានផ្ទៃពោះ និងអំឡុងពេលបំបៅដោះ ការការពារ និងការមិនរើសអើង ចំពោះការងារ និងការបំបៅកូន។
លោកស្រី លឹម សូលីន នាយិកាអង្គការអុកស្វាមថ្លែងថា អង្គការអុកស្វាម មានមោទនភាពយ៉ាងក្រៃលែង ដែលបានឃើញយុទ្ធនាការនេះផ្សព្វផ្សាយទៅដល់ប្រជាជនជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមជិត ៣ លាននាក់ និងលើវេទិកាបណ្ដាញសង្គម ដែលជាវេទិកាដ៏មានប្រជាប្រិយភាពពីសំណាក់យុវជនជំនាន់ក្រោយ។ យុទ្ធនាការនេះបានប្រឹងប្រែងផ្សព្វផ្សាយ កិច្ចគាំពារមាតុភាព គឺជាបញ្ហាមួយដែលមានផលប៉ះពាល់ ដល់យើងទាំងអស់គ្នា។
លោកស្រីបានបញ្ជាក់ថា៖ «នៅពេលដែលអ្នកម្ដាយ បងប្អូនស្រី និងភរិយារបស់យើងមានសុខភាពល្អ និងមានសុវត្ថិភាព ពួកយើងក៏មានសុខភាពល្អ និងមានសុវត្ថិភាពដូចគ្នាដែរ ប៉ុន្ដែនៅពេលពួកគាត់ឈឺ មានរបួសនៅកន្លែងធ្វើការ ឬធ្លាក់ចូលទៅក្នុងភាពក្រីក្រដោយសារតែយើងមិនគាំទ្រពួកគាត់ ក្នុងអំឡុងពេលដែលពួគគាត់ពពោះ សម្រាលកូន និងការចិញ្ចឹមបីបាច់កូន នោះគ្រួសារ និងសង្គមរបស់យើងក៏រងការឈឺចាប់ដូចគ្នាដែរ»។
ទោះបីជាយុទ្ធនាការនេះបានបញ្ចប់ក៏ដោយ ក៏លោកស្រីនៅចង់ឃើញសាធារណជន និយោជក និងម្ចាស់អាជីវកម្ម និងអ្នកបង្កើតគោលនយោបាយជាតិ រួមគ្នាដើម្បីធានាបានថាស្ដ្រីកម្មករទាំងអស់ អាចទទួលបានការគាំពារមាតុភាពគ្រប់ៗគ្នា ហើយកិច្ចគាំពារមាតុភាព និងស្ដ្រីទាំងអស់គួរតែត្រូវបានការពារ រាប់បញ្ចូលទាំងស្ដ្រីដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាថ្លែងថា ក្រសួងបានអនុវត្តនូវគោលនយោបាយសម្រាប់ជនក្រីក្រក្នុងអំឡុងពេលវិបត្តិកូវីដ ១៩ និងកិច្ចគាំពារសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ៥ ឆ្នាំ។
លោកថ្លែងថា៖ «ចំពោះកិច្ចការងារដែលបានស្នើឡើងឱ្យមានការផ្តល់កិច្ចគាំពារមាតុភាពសម្រាប់ស្ត្រីកម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកាតព្វកិច្ចរបស់ក្រសួងការងារ ខណៈដែលក្នុងពេលនេះ ក្រសួងនេះ ក៏បានកំពុងយកចិត្តទុកដាក់ពីបញ្ហានេះផងដែរ»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី ១៥ កញ្ញា បានអះអាងយ៉ាងខ្លីថា ស្ថាប័នពាក់ព័ន្ធ និងដៃគូពាក់ព័ន្ធ កំពុងធ្វើការងារនេះ នៅក្នុងក្របខ័ណ្ឌកម្មវិធីគាំពារសង្គម ដើម្បីឱ្យប្រាកដថា កិច្ចគាំពារមាតុភាពអាចផ្តល់ឱ្យទៅដល់ស្ត្រីជាកម្មករបម្រើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោកស្រី នាង សុវ៉ាតនា ហៅ DJ Nana ដែលជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម បាននិយាយថា ក្នុងនាមជាម្ដាយដំបូងមួយរូប វាពិតជាសំខាន់ណាស់ក្នុងការ-ទទួលបានការគាំទ្រ ការពពោះ ការសម្រាលកូន និងការចិញ្ចឹមបីបាច់កូន គឺជាដំណាក់កាលដែលងាយរងគ្រោះ នៅក្នុងជីវិតរបស់ស្ដ្រីគ្រប់រូប។
លោកស្រីបានបញ្ជាក់ថា៖ «ដោយគ្មានកិច្ចគាំពារមាតុភាព ស្ដ្រីកម្មករ ក្រៅប្រព័ន្ធទាំងអស់ក្នុងប្រទេសកម្ពុជានឹងជួបនូវហានិភ័យកាន់តែខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់កូនៗ និងគ្រួសាររបស់ពួកគេ។ ប្រសិនបើយើងគ្រប់គ្នាពិតជាផ្ដល់តម្លៃដល់ស្ដ្រីទាំងអស់ ក្នុងប្រទេសកម្ពុជាយើងទាំងមូល សូមឱ្យយើងចូលរួមចំណែកក្នុងការផ្ដល់នូវកិច្ចគាំពារមាតុភាពដល់ពួកគាត់ទាំងអស់គ្នា ដោយមិនគិតពីស្ថានភាព ការងាររបស់ពួកគាត់ឡើយ»។
ចំណែកបវរកញ្ញាចក្កវាឡឆ្នាំ ២០២០ កញ្ញា រ៉េត សារីតា ដែលបានគាំទ្រដល់យុទ្ធនាការតស៊ូមតិរបស់អង្គការអុកស្វាម បាននិយាយថា ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារមាតុភាព នោះសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីនៅកម្ពុជា នៅតែមានវិធីសាស្ដ្រមួយចំនួន ដើម្បីបន្ដទៅមុខ។
កញ្ញាថា៖ «ការផ្ដល់ជូននូវអត្ថប្រយោជន៍លើកិច្ចគាំពារមាតុភាពដល់ស្ដ្រីទាំងអស់ ជាពិសេសស្ដ្រីដែលធ្វើការក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធ វានឹងជួយកាត់បន្ថយគម្លាតយេនឌ័រ ដែលរារាំងដល់ដំណើរការនៃការរីកចម្រើនផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ប្រទេស។ ស្ដ្រីដែលខ្លាំង ធ្វើឱ្យប្រទេសជាតិរឹងមាំ»។ យោងតាមទិន្នន័យ របស់អង្គការពលកម្មអន្ដរជាតិ បានរកឃើញថា ៨៧,៥% នៃកម្មករទាំងអស់ គឺជាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមិនទទួលបានអត្ថប្រយោជន៍កិច្ចគាំពារសង្គម ដូចជាការគាំពារមាតុភាពនេះជាដើម៕