​ភ្នំពេញៈ អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​(NACD)​ បាន​អំពាវនាវ​ដល់​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​ទៅ​ទទួលយក​សេវា​ព្យាបាល​ផ្ដាច់​គ្រឿងញៀន​​នៅតាម​មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព​ដែល​ស្ថិតក្នុង​សហគមន៍​របស់ខ្លួន​ដោយ​ឥតគិតថ្លៃ​។

​លោក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​អប់រំ​បញ្ហា​គ្រឿងញៀន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​​បាន​ថ្លែង​កាលពី​ថ្ងៃទី ​១៤ កញ្ញា​​ថា ការប្រើប្រាស់​គ្រឿងញៀន​តាមរយៈ ការជក់ ចាក់ និង​ផឹក មិន​គ្រាន់តែ​បង្ក​ផលប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត ផ្ទាល់ខ្លួន​របស់​អ្នកប្រព្រឹត្ត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ប៉ះពាល់​​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​ទៀតផង​។​

លោក​បាន​ថ្លែងថា​៖ «​វា​ពិត​​ជា​លំបាក​ក្នុងការ​ស្រោចស្រង់​ណាស់​នៅពេល​អ្នក​បណ្ដោយ​ខ្លួន​ឱ្យ​ធ្លាក់ចូល​យ៉ាងជ្រៅ​ទៅ​​ក្នុង​រណ្ដៅ​នៃ​ការប្រើប្រាស់​គ្រឿងញៀន ដូច្នេះ​អ្នក​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​វា និង​និយាយថា​ទេ​ចំពោះ​គ្រឿងញៀន​។ ចំណែក​អ្នក​ដែល​បាន​ប្រើប្រាស់​វា​ហើយ​នោះ សូម​ប្រញាប់​ទៅ​ព្យាបាល​ផ្តាច់​ភាព​ញៀន​របស់ខ្លួន នៅតាម​មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព ទាំង ​៤៥៤​ ទីតាំង នៅ​​ទូទាំងប្រទេស​ដោយ​មិន​បង់ប្រាក់ និង​អាច​រស់នៅ​ជុំ​ក្រុម​-​គ្រួ​សារបាន​ធម្មតា​»​។​

​បើតាម​លោក តុង ហួត ការអនុវត្ត​កម្មវិធី​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ការ​បើ​ប្រាស់​គ្រឿងញៀន​នេះ ​គឺ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​អង្គការ​ដៃគូ បាន​បន្ត​ផ្តល់​សេវា​ព្យាបាល​ដោយ​ឱសថ​ជំនួស​មេ​តា​ដូ ដល់​​អ្នកញៀន​គ្រឿងញៀន​ពួក​​អាភៀន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មន្ទីរពេទ្យបង្អែក​មានជ័យ​រាជធានី​ភ្នំពេញ​ដែល​គិត​ចាប់ពី​ត្រីមាស​ទី​១ ​ឆ្នាំនេះ​រហូតមកទល់​ពេលនេះ​ គឺមាន​អ្នក​មក​ទទួលយក​សេវា​ចំនួន ១០៧ ​នាក់​ ដែល​ក្នុងនោះ​មាន​ស្រី​ ១៦​ នាក់​។

​ចំណែក​អ្នក​ដែល​បានមក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ក្នុង​រាជធានី​-​ខេត្ត​ ​ទូទាំងប្រទេស​មាន​ចំនួន ​១ ៨០០ ​នាក់ ខណៈ​អ្នក​ដែល​បានធ្វើ​សមាហរណកម្ម​ចេញពី​មណ្ឌល​ស្ដារនីតិសម្បទា​រដ្ឋ និង​ឯកជន​មាន​ចំនួន​ ៣ ៩២៤ ​នាក់ និង​អ្នក​កំពុង​បន្ត​នៅ​បន្សាប​ព្យាបាល​តាម​មណ្ឌល​ស្ដារនីតិសម្បទា​រដ្ឋ និង​ឯកជន​មាន​ ៣ ៣៤៧ ​នាក់ ក្នុងនោះ​ភាគច្រើន​ជា​កម្មករ និង​ពលរដ្ឋ​ដែលមាន​អាយុ​ចន្លោះ​ពី​ ២៦-៣៥​ ឆ្នាំ​៕

វីដេអូ៖