​ព្រះសីហនុៈ គិត​មកទល់​ល្ងាច​ថ្ងៃទី​ ១៥​ កញ្ញា សមត្ថកិច្ច និង​សាច់ញាតិ​នៅ​មិនទាន់​រកឃើញ​កុមារា​រងគ្រោះ​ដែល​បាន​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​លិច​ទូក​នៅ​ចំណុច​ចុង​អូរ​នៃ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​ ១៤ ខែកញ្ញា​ នៅឡើយ​ទេ​។​ នេះ​បើតាម​ការអះអាង​ពី​សមត្ថកិច្ច​មូលដ្ឋាន​។​

​លោក វ៉ាន់ សេន នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ទំនប់រលក​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៥ ខែកញ្ញា​ថា កុមារា ស៊ន មករា អាយុ​ ១៤​ ឆ្នាំ រស់នៅ​ភូមិ​ ៤ ឃុំ​ទំនប់​​រលក បាន​បាត់​ខ្លួន ក្រោយ​ទូក​ដែល​គេ​ជិះ​ទៅ​នេសាទ​ជាមួយ​ឪពុក ឈ្មោះ មាឃ សៀក អាយុ​ ៤៧​ ឆ្នាំ បាន​លិច​ក្នុង​សមុទ្រ​ ​ដែលមាន​ចម្ងាយ​ប្រមាណ​ ១០០​ ម៉ែត្រ​ពី​មាត់ច្រាំង​។​

​លោក​ថា​៖ «​តាម​សម្ដី​បុរស​ជា​ឪពុក​​ពេលចេញ​ទូក ត្រូវ​ខ្យល់​សមុទ្រ​បោក​ពន្លិច កុមារ​រងគ្រោះ​បាន​ស្រវា​តោងក​ឪពុក​គេ​ដែរ ប៉ុន្តែ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង និង​រលក​សមុទ្រ​ធំៗ​ផង ក៏​ធ្វើឱ្យ​កុមារ​នោះ របេះ​ដៃ​ពី​ក​ឪពុក​ហើយ​លិច​ក្នុង​សមុទ្រ​បាត់​តែម្ដង​»​។​

​បើតាម​លោក សេន ក្រុម​សមត្ថកិច្ច និង​អ្នកភូមិ​បាននាំគ្នា​ជួយ​មុជទឹក​រាវ​​រក​កុមារ​រងគ្រោះ​ភ្លាមៗ​ដែរ ក្រោយ​ទទួលបាន​ដំណឹង​ពី​បុរស​ជា​ឪពុក ប៉ុន្តែ​ឃើញតែ​ទូក​លិច និង​ឧបករណ៍​នេសាទ​

​មួយចំនួន​ដែលមាន​នៅក្នុង​ទូក​។

​លោក សេន បាន​ថ្លែងថា នៅពេល​​នេះ​គ្រប់គ្នា «​មិន​សង្ឃឹម​» ថា កុមារា​រងគ្រោះ​នៅ​ជីវិត​ទេ​។ យ៉ាងណាក្ដី​ការ​សែ្វ​ងរ​ក​នៅតែ​បន្ត​តាម​មធ្យោបាយ​ផ្សេងៗ ដោយមាន​ទាំង​ពិធី​បន់ស្រន់​ផង​។​

​ចំណែក​លោក​ សែម វឌ្ឍនៈ មេឃុំ​ទំនប់រលក បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ដោយ​ហាក់ដូច​ចង់​ស្ដីបន្ទោស​ដល់​ឪពុក​កុមារា​រងគ្រោះ​ថា មិន​ស្ដាប់​ការផ្សព្វផ្សាយ និង​ការអំពាវនាវ​របស់​ស​ម​ត្ថ​កិច្ច ដែល​បាន​ហាម​មិន​ឱ្យចេញ​ទូក​នេសាទ ឬ​ធ្វើ​​ដំណើរ​កម្សាន្ត​តាម​សមុទ្រ​ក្នុង​រង្វង់​ ១ ​សប្ដាហ៍​នេះ ដោយសារ​អាកាសធាតុ​មិន​​អំណោយផល ប៉ុន្តែ​ពួកគេ​នៅតែ​ចេញ​នេសាទ​ទាំង​មិន​ពាក់អាវ​ពោង​សុវត្ថិភាព​។

លោក​ថា​៖ «​ករណីនេះ​មិនគួរ​កើត​ទេ ព្រោះ​អាជ្ញាធរ​យើង​បាន​ផ្សព្វផ្សាយ និង​ណែនាំ​ឱ្យ​ប្រុងប្រយ័ត្ន​ព្រោះ​១​សប្ដាហ៍​នេះ​អាកាសធាតុ​មិន​អំណោយផល មាន​ភ្លៀងខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ធំៗ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​»​។​

​ជាមួយគ្នានេះ​លោក វឌ្ឍនៈ បានឱ្យដឹង​ដែរ​ថា ជាង ​១ ​សប្ដាហ៍​កន្លងមកនេះ ភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់ បណ្ដាលឱ្យមាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​កំណាត់​ផ្លូវ​ជាច្រើន​កន្លែង​ក្នុង​ឃុំ​ទំនប់រលក និង​លិច​លំនៅឋាន​ពលរដ្ឋ​ក្នុង​ក្រុមទី​ ២១ ​ភូមិ ​១ ​ប្រមាណ​ជាង​ ២០ ​ខ្នង​ផ្ទះ​ផងដែរ​។​ ក៏ប៉ុន្តែ​ពេលនេះ​សមត្ថកិច្ច​នគរបាល ស្រុក​ស្ទឹងហាវ​បាន​ចុះជួយ​អន្តរាគមន៍​ជម្លៀស​គ្រួសារ​ពលរដ្ឋ​ក្នុង​តំបន់​រងគ្រោះ​ទាំងនោះ​​មកកាន់​ទីទួល​សុវត្ថិភាព​អស់ហើយ​៕​