ភ្នំពេញៈ មន្ត្រីក្រសួងការបរទេសចាត់ទុកការដែលកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ខាងមុខ គឺជាការបង្ហាញពិភពលោកឱ្យឃើញថា កម្ពុជាមានស្ថិរភាពនយោបាយ មានសន្តិភាព «ពេញលេញ» និងដើរលើផ្លូវត្រូវក្នុងការអភិវឌ្ឍប្រទេសហើយក៏ជាឱកាសលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងពង្រីកទំនាក់ទំនងទ្វេភាគីជាមួយបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់នៅអាស៊ី និងអឺរ៉ុបផងដែរ។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ASEM 13 ក្រោមមូលបទ«ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» រយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២៥-២៦ ខែវិច្ឆិកា តាមប្រព័ន្ធអនឡាញដោយ ក្រោយពីបានលើកពេល ២ ដងមកហើយ ដែលគ្រោងធ្វើកាលពីឆ្នាំ ២០២០ ដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩។ ASEM មានសមាសភាព ៥១ ប្រទេស និង ២ ស្ថាប័ន។
លោក លុយ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងក្នុងវេទិកាពិភាក្សាសារព័ត៌មានស្តីពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជាតាមប្រព័ន្ធវីដេអូនៅពីថ្ងៃទី ១៦ ខែកញ្ញាថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ASEM13 នេះគឺជាឱកាសសម្រាប់កម្ពុជាក្នុងការលើកមុខមាត់លើឆាកអន្តរជាតិតាមរយៈការចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោកដែលកំពុងជួបប្រទះ។
លោក ដាវីដ ថ្លែងថា៖ «ទី២ គឺជាឱកាសសម្រាប់កម្ពុជាយើងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយនឹងបណ្តាប្រទេស ASEM ទាំងអស់ ហើយចំណុចទី៣ នេះ គឺវត្តមានរបស់ថ្នាក់ដឹកនាំធំៗមកពីប្រទេសអាស៊ី និងអឺរ៉ុបហ្នឹងដូចជាប្រទេសបារាំង អាល្លឺម៉ង់ សហភាពអឺរ៉ុប ជប៉ុន កូរ៉េ និង រុស្ស៊ី នឹងបង្ហាញពិភពលោកថាកម្ពុជាមានស្ថិរភាពនយោបាយ មានសន្តិភាពពេញលេញ ហើយកំពុងតែដើរទៅលើវិថីមួយត្រឹមត្រូវក្នុងការអភិវឌ្ឍប្រទេសនាពេលអនាគត»។
លោកបន្តថា វាក៏ជាឱកាសសម្រាប់កម្ពុជាបង្ហាញពីការផ្សព្វផ្សាយអរិយធម៌ និងវប្បធម៌ និងទាក់ទាញវិនិយោគនិងភ្ញៀវទេសចរដែលកម្ពុជាត្រូវការពេលបច្ចុប្បន្ននេះ។ ដោយឡែក កម្ពុជាបានត្រៀមឯកសារចំនួន ៣ សម្រាប់ដាក់ឱ្យអនុម័តក្នុងកិច្ចប្រជុំនេះ គឺសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសង្គមសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ ១៩ សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ, និងការតភ្ជាប់ ASEM។
លោក ដាវីដ ថ្លែងថា សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញនេះ គឺជាឆន្ទៈនយោបាយរបស់ថ្នាក់ដឹកនាំកម្ពុជា ហើយក៏បង្ហាញពីឆន្ទៈរបស់ថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុបក្នុងការស្តារសង្គមសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ ១៩ ផងដែរ។
លោកថ្លែងថា៖ «ប្រសិនបើឯកសារហ្នឹងចេញគឺជាសមិទ្ធផលរបស់កម្ពុជាព្រោះនេះជាគំនិតរបស់កម្ពុជា ដើម្បីដាក់ឱ្យចេញឯកសារហ្នឹង។ ជាទូទៅកិច្ចប្រជុំ ASEM កន្លងទៅមានឯកសារតែមួយ[ដែល]ចេញគឺ Chair statement តែម្តង។ ប៉ុន្តែដោយឡែកសម្រាប់កិច្ចប្រជុំ ASEM13 នេះគឺមានឯកសារចេញដល់៣»។
កិច្ចប្រជុំកំពូលនឹងមានការពិភាក្សាពីការដោះស្រាយបញ្ហាប្រឈមដោយជំងឺកូវីដ១៩ និងការពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ១៩ផងដែរ៕