ភ្នំពេញៈ ក្រសួងព័ត៌មានបានរៀបចំផលិតវីដេអូចម្រុះគ្នាដើម្បីបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គម Tik Tok ទាក់ទងទៅនឹងការអប់រំលើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និងការអប់រំផ្សេងៗដែលផ្តោតសំខាន់ទៅលើស្រទាប់យុវជន។
លោក ងឿន ច័ន្ទលីន ប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឱ្យដឹងថា ក្រុមការងារក្រសួងព័ត៌មានសហការជាមួយគ្រប់ភាគីដែលពាក់ព័ន្ធ ដើម្បីជាវីដេអូផ្សព្វផ្សាយ ទៅតាមវិស័យមាតិកាភាពជាក់ស្ដែង និងបរិបទសង្គម។
លោកបានបន្តថា៖ «មូលហេតុដែលក្រសួងជ្រើសរើសយកបណ្តាញសង្គម Tik Tok ដោយសារ TikTok ជានវានុវត្តន៍ថ្មីមួយ ជា Trend (ការពេញនិយម) ថ្មីមួយសម្រាប់យុវជន ពីព្រោះយើងចង់បញ្ជ្រាបទៅគ្រប់ស្រទាប់វណ្ណៈទាំងអស់ ដោយសារយើងមាន Platform និង Social Media (បណ្តាញសង្គម) ផ្សេងៗទៀត យើងបានផ្សព្វផ្សាយទៅតាមគោលដៅរួចរាល់ហើយ តែសម្រាប់ TikTokនេះ គឺផ្តោតសំខាន់ទៅលើស្រទាប់យុវជន»។
លោក ងឿន ច័ន្ទលីន ប៉ូឡែន បានបន្តឱ្យដឹងថា៖ «ចំពោះការផលិតវីឌីអូ គឺយើងមិនអាចកំណត់ចំនួននោះទេ គឺវាអាស្រ័យនឹងបរិបទសង្គម និងភាពជាក់ស្ដែង ដោយយើង ព្យាយាមផលិតវីដេអូឱ្យបានច្រើន ហើយភាគច្រើនគឺយើងផ្តោតលើព័ត៌មាន ការកម្សាន្ត ការអប់រំ កីឡា ជាដើម និយាយទៅគឺគ្រប់ទម្រង់មាតិកាដែលជាប្រយោជន៍ដល់សាធារណជន»។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងថា ការផលិតវីដេអូនិងផ្សព្វផ្សាយវីដេអូអប់រំគឺផ្តោតទៅលើផ្នែកសំខាន់ចំនួន ២គឺ ផលិតស្ពតនិងសារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និងការអប់រំផ្សេងៗទៅដល់យុវវ័យនិងប្រជាពលរដ្ឋ។
លោកបានលើកឡើងថា ក្រសួងព័ត៌មានបានចងក្រងជាគណៈកម្មការមួយដើម្បីរៀបចំខ្លឹមសារពាក់ព័ន្ធនឹងការអប់រំផ្សេងៗ ជាមួយនឹងក្រសួងសុខាភិបាលក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត។
លោកបានបន្តថា កន្លងមកក្រសួងព័ត៌មានបានផ្សព្វផ្សាយសារជាច្រើនទាក់ទងជាមួយនឹងវិធានការណ៍ការពារនិងប្រយុទ្ធប្រឆាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីផ្សេងៗ។
លោកបាននិយាយថា៖ «ហើយការរៀបចំនេះ យើងក៏ផ្សព្វផ្សាយទៅតាមប្រព័ន្ធបណ្តាញថ្មីសង្គម Tik Tok ហ្នឹងដែលមានការសហការពីតំណាងក្រុមហ៊ុន Tik Tok នៅកម្ពុជារបស់យើងហ្នឹង ចូលរួមជាអ្នកផ្តល់ ក៏ដូចជាអ្នកផ្តល់នូវមធ្យោបាយនៃការផ្សព្វផ្សាយតាមប្រព័ន្ធ Tik Tok»។
លោក មាស សុភ័ណ្ឌ បានលើកឡើងថា៖ «នៅក្នុងបណ្តាញសង្គមថ្មីនេះ (Tik Tok) គឺយុវវ័យរបស់យើងនៅក្នុងប្រទេសរបស់យើង ក៏ដូចជានៅក្នុងតំបន់ហ្នឹងគឺមានការចាប់អារម្មណ៍ច្រើនទៅលើបណ្តាញផ្សព្វផ្សាយថ្មី Tik Tok នេះឯង។ ហើយបើយើងពិនិត្យជារួមតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនេះ គឺថាការរីករាលដាលនៃជំងឺកូវីដហ្នឹង ក៏វារីករាលដាលខ្លាំងនៅក្នុងចំណោមស្រទាប់យុវជនរបស់យើងផងដែរ ដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដហ្នឹងក្នុងអត្រាមួយដែលច្រើនផងដែរ»។
លោកបានបន្តថា៖ «ដូច្នេះហើយដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ទើបក្រសួងព័ត៌មានហ្នឹងយើងបង្កើតនូវគណៈកម្មការមួយដើម្បីសហការជាមួយនឹងការិយាល័យខាងតំណាង Tik Tok ហ្នឹងដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយនូវសារអប់រំផ្សេងៗជាពិសេសគឺសារអប់រំក៏ដូចជាវិធានការណ៍ផ្សេងៗពាក់ព័ន្ធទៅនឹងការរីករាលដាលនៃជំងឺកូវីដហ្នឹង ឱ្យជ្រួតជ្រាបទៅដល់យុវជនរបស់យើងហ្នឹងឱ្យបានច្រើន»។
លោក មាស សុភ័ណ្ឌ បានឱ្យដឹងថា បច្ចុប្បន្នការផលិតនិងផ្សព្វផ្សាយកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង។ លោកបានលើកឡើងថា បច្ចុប្បន្ននេះក្រុមការងារនៃក្រសួងព័ត៌មានបានផលិតវីដេអូមួយចំនួន និងបានផ្សព្វផ្សាយសាកល្បងនៅលើបណ្តាញសង្គមមួយចំនួនផងដែរ។
លោក ងឿន ច័ន្ទលីន ប៉ូឡែន បានបន្តថា៖ «ហើយពាក់ព័ន្ធជាមួយនឹងការផ្សព្វផ្សាយវីដេអូដែលយើងនឹងផលិត គឺយើងផ្តោតសំខាន់ទៅលើបណ្តាញទំនាក់ទំនង TikTokតែម្ដង ហើយចំពោះបណ្តាញសង្គមផ្សេងៗទៀត គឺយើងបើកឱ្យ User (អ្នកប្រើប្រាស់) ផ្សេងទៀតអាច Copy Link (ចម្លងតំណភ្ជាប់) អាច Share (ចែករំលែក) ពីយើងទៅបាន ចឹងក្នុងករណីដែលគេចង់ Share
(ចែករំលែក) គឺគេអាច Share (ចែករំលែក)បានគឺអត់បញ្ហាអីទេ»៕
រ៉ូ គីមឡុង