The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សាលា​បឋមសិក្សា​ចំនួន ៦ និង​វិទ្យាល័យ ៦ ត្រូវ​បាន​ជ្រើសរើស​ជា​សាលា​មេត្រី​ជយលាភី​សម្រាប់​ឆ្នាំ ២០២១ នេះ




សាលា​បឋមសិក្សា​ចំនួន ៦ និង​វិទ្យាល័យ ៦ ត្រូវ​បាន​ជ្រើសរើស​ជា​សាលា​មេត្រី​ជយលាភី​សម្រាប់​ឆ្នាំ ២០២១ នេះ

Content image - Phnom Penh Post
លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ចូលរួម​ប្រគល់​ជយលាភី​សាលា​មេត្រី​បរិស្ថាន​ថ្នាក់ជាតិ​លើក​ទី ៣ ឆ្នាំ ២០២១ និង​ពិធី​សម្ពោធ​សួន​ជីវចម្រុះ «សួន​ព្រឹទ្ធាចារ្យ​ជុំហ៊ល» និង​សួន​អំណាន «ព្រឹទ្ធាចារ្យ​លឹមណៃ»។ រូបថត ក្រសួងបរិស្ថាន

សាលា​បឋមសិក្សា​ចំនួន ៦ និង​វិទ្យាល័យ ៦ ត្រូវ​បាន​ជ្រើសរើស​ជា​សាលា​មេត្រី​ជយលាភី​សម្រាប់​ឆ្នាំ ២០២១ នេះ

ព្រះសីហនុៈ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ចូលរួម​ប្រគល់​ជយលាភី​សាលា​មេត្រី​បរិស្ថាន​ថ្នាក់ជាតិ​លើក​ទី ៣ ឆ្នាំ ២០២១ និង​ពិធី​សម្ពោធ​សួន​ជីវចម្រុះ «សួន​ព្រឹទ្ធាចារ្យ​ជុំហ៊ល» និង​សួន​អំណាន «ព្រឹទ្ធាចារ្យ​លឹមណៃ» នៅ​ទីតាំង​វិទ្យាល័យ ហ៊ុនសែន មិត្តភាព​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ១៧ ខែកញ្ញា។ នេះ​បើតាម​ហ្វេសប៊ុក​របស់​ក្រសួងបរិស្ថាន​នៅ​ព្រឹក​នេះ។

ក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ថ្លែងថា សមិទ្ធផល​ដែល​បាន​កើតឡើង​ក្នុង​វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្នុង​ក្រុងព្រះសីហនុ​បាន​បណ្តុះ​គំនិត​ឱ្យ​សិស្សានុសិស្ស​បន្ត​វប្បធម៌​នៃ​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​ទៅ​អនាគត។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា សួន​ជីវៈចម្រុះ​ព្រឹទ្ធាចារ្យ ជុំ ហ៊ុល សួន​អំណាន​ព្រឹទ្ធាចារ្យ លឹម ណៃ និង​សមិទ្ធផល​មួយចំនួន​ទៀត​នៅ​ទី​នៅក្នុង​វិទ្យាល័យ​ហ៊ុនសែន​មិត្តភាព​ខេត្ត​ព្រះសីហនុ​បាន​កសាងឡើង​ ដើម្បី​ឱ្យ​សិស្សានុសិស្ស​មាន​ការស្រាវជ្រាវ​ពី​ជីវៈចម្រុះ ដើម្បីឱ្យ​សាលា​មាន​សោភណ្ឌភាព​ស្អាត​ជាង​មុន មាន​កន្លែង​អាន​សៀវភៅ​ស្ងប់ស្ងាត់​ល្អ និង​ជាពិសេស​គឺ​ដើម្បី​ឱ្យ​រំឭក​ដល់​ព្រឹទ្ធាចារ្យ​ជា​អ្នកមានគុណ​ចំពោះ​ជាតិ ដែល​បាន​តស៊ូ លះបង់​កម្លាំងកាយ​ចិត្ត អាយុជីវិត ខិតខំ​កសាង​ និង​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​នាពេល​កន្លងមក។

លោក​ថ្លែងថា៖ «ការខិតខំ​ដាំដុះ​របស់​ចាស់​ព្រឹទ្ធាចារ្យ​នាពេល​កន្លងមក​បាន​ផ្តល់​ជា​ផ្លែផ្កា​សម្រាប់​យុវជន​បន្តវេន»។

លោក សាយ សំអាល់ បានចាត់ទុក​គោលដៅ​សំខាន់​នៃ​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ គឺ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ឱ្យ​ក្លាយជា​អ្នក​ធុរៈកិច្ច ក្នុង​ពេល​អនាគត។ លោក​ថា​ការពង្រឹង​ការរៀន និង​បង្រៀន និង​ការថែទាំ​សុខភាព​ឱ្យ​ប្រសើរ​ថែមទៀត​ជា​រឿង​សំខាន់។ លោក​ថ្លែងថា៖ «មាន​សាលារៀន​ល្អ​ហើយ ត្រូវធ្វើ​យ៉ាងណា​ឱ្យ​សិស្ស​រៀន​ពូកែ ហើយ​កាលណា​មនុស្ស​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់ ការមើលឃើញ​ពី​ការអភិវឌ្ឍ​ប្រទេស​ជាតិ​កាន់តែមា​ន​ប្រសិទ្ធភាព​ថែមទៀត»។

លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បន្ថែមទៀតថា ការប្រឡងប្រណាំង​សាលា​មេត្រី​បរិស្ថាន​ថ្នាក់ជាតិ​លើក​ទី ៣ ទទួលបាន​មេដាយមាស និង​ទទួលបាន​រង្វាន់​ជយលាភី​សាលា​មេត្រី​បរិស្ថាន​នាពេលនេះ ជា​ចំណែក​មួយ​ក្នុង​ការគាំពារ​បរិស្ថាន ដើម្បី​ចូលរួម​ប្រកួតប្រជែង ព្រោះ​សាលា​ជា​ថ្នាល​បណ្តុះ​នូវ​ចំណេះដឹង និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស ភាសា កីឡា ដើម្បី​ប្រែក្លាយ​ធនធាន​សិស្ស​ឱ្យ​ស្របតាម​ការវិវឌ្ឍ​នៃ​សង្គម​រីកចម្រើន ផ្នែក​វិទ្យាសាស្ត្រ បង្កើត​បាន​អ្នក​ធុរកិច្ច​កាន់តែច្រើន​នាពេល​ខាងមុខ។

លោក ជួប ប៉ារីស អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​ថ្លែងថា ឆ្នាំ ២០២១ ជា​ឆ្នាំ​ប្រឡងប្រណាំង​សាលា​មេត្រី​បរិស្ថាន​ថ្នាក់ជាតិ​លើក​ទី ៣ ដែល​ប្រារព្ធ​ធ្វើជា​រៀងរាល់​ ២ ឆ្នាំ​ម្តង។ កម្មវិធី​នេះ​ចាប់ផ្តើម​រៀបចំ​តាំងពី​ឆ្នាំ ២០១៧ មក ដើម្បី​លើកកម្ពស់​ប្រតិបត្តិ​មេត្រី​បរិស្ថាន​សំដៅ​ចូលរួម​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

លោក​បញ្ជាក់ថា ជា​លទ្ធផល​សាលាបឋមសិក្សា​ចំនួន ៦ និង​វិទ្យាល័យ​ចំនួន ៦ ត្រូវបាន​ជ្រើសរើស​ជា​សាលា​មេត្រី​ជយលាភី​សម្រាប់​ឆ្នាំ ២០២១ នេះ ក្នុងនោះ​រួមមាន ជយលាភី​មាស​បាន​ទៅ​វិទ្យាល័យ​ហ៊ុនសែន មិត្តភាព ខេត្ត​ព្រះសីហនុ ជយលាភី​ប្រាក់​បាន​ទៅ​វិទ្យាល័យ​ ហ៊ុន សែន សម្ភុបុរៈ ខេត្ត​ក្រចេះ ជយលាភី​សំរិទ្ធ​បាន​ទៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម​សីហនុ ខេត្តកំពង់ឆ្នាំង។

ដោយឡែក​ជយលាភី​សាលាបឋមសិក្សា​រួមមាន ជយលាភី​មាស​បាន​ទៅ​សាលាបឋមសិក្សា​វត្ត​ចែង ខេត្ត​បាត់ដំបង ជយលាភី​ប្រាក់ បាន​ទៅ​សាលាបឋមសិក្សា​ក្រវ៉ាន់ ខេត្ត​សៀមរាប ជយលាភី​សំរិទ្ធ​បាន​ទៅ​សាលាបឋមសិក្សា​ឈើខ្លឹម ខេត្ត​ត្បូងឃ្មុំ។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែង​កោតសរសើរ​គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក​សិក្សា នៅ​វិទ្យាល័យ​ហ៊ុន សែន មិត្តភាព ដែល​បាន​ខិតខំ​ប្រឹងប្រែង​ថែរក្សា​ការពារ​បរិស្ថាន​រហូត​ទទួលបាន​ជយលាភី​សាលា​មេត្រី​បរិស្ថាន​ឆ្នាំ ២០២១។

លោក​ថ្លែងថា៖ «ជយលាភី​មាស​ពី​ក្រសួងបរិស្ថាន​លើ​ការបញ្ជ្រាប​ចំណេះដឹង ការផ្លាស់ប្ដូរ​ផ្នត់គំនិត ការលើកកម្ពស់​ស្មារតី​ស្រលាញ់​បរិស្ថាន និង​ជំរុញ​ប្រតិបត្តិការ​មេត្រីភាព​បរិស្ថាន គឺ​សំដៅ​គាំទ្រ​ដល់​កិច្ចគាំពារ​បរិស្ថាន និង​អភិរក្ស​ជីវៈចម្រុះ ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ឱ្យបាន​សមស្រប​មាន​និរន្តរភាព និង​ការរស់នៅ​ដោយ​ចីរភាព»៕

អត្ថបទគួរចាប់អារម្មណ៍