ភ្នំពេញៈ អង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធបរិស្ថាន បានរៀបចំ ទិវាសម្អាតពិភពលោក (Word Cleanup day) រយៈពេល ២ ថ្ងៃនៅកម្ពុជា ដើម្បីចូលរួមជាមួយសហគមន៍អន្តជាតិចំនួន ១៨០ ប្រទេស ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងជំរុញដល់ពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមរយៈការគ្រប់គ្រងសំណល់របស់ខ្លួន។
កម្មវិធីទិវាសម្អាតពិភពលោក ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី ១៨-១៩ ខែ កញ្ញា ឆ្នាំ ២០២១ ដែលផ្តួចផ្តើម ដោយ អង្គការសំអាតទន្លេ សមុទ្រ សហការជាមួយយុវជនក្រៀលកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) អង្គការ COMPED អង្គការ OEOO និងក្រុមហ៊ុនឯកជនមួយចំនួន។
បើតាមសេចក្តីជូនដំណឹងរួមដែលបានផ្សព្វផ្សាយតាមរយៈខិតប័ណ្ណ ឆ្នាំនេះដោយសារស្ថានភាពការរីករាលដាលនៃមេរោគកូវីដ ១៩ នៅមានភាពសកម្មនៅឡើយ ដូច្នេះកម្ពុជាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ដោយសម្អាតបរិស្ថានបែបរក្សាគម្លាតនិងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យចូលរួមនៅតាមផ្ទះរៀងៗខ្លួន ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ខិតប័ណ្ណបន្តថា ដើម្បីរក្សាសុវត្ថិភាព និងដើម្បីបន្តបង្ហាញប្រទេសកម្ពុជា ជាមួយសហគមន៍អន្តជាតិ មាន ១៨០ ប្រទេស ក្នុងចលនាទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការសាយភាយឧស្ម័នកាបូនិកពីសំរាមប្លាស្ទិកទៅក្នុងបរិយាកាសនាំឱ្យមានការកើនកំដៅលើផែនដី ប្រទេសកម្ពុជាបន្តចូលរួមការប្រារព្វទិវាសម្អាតពិភពលោក នាថ្ងៃទី ១៨-១៩ ខែ កញ្ញា ឆ្នាំ ២០២១ នៅតាមផ្ទះនីមួយៗ ភូមិ ទន្លេ ឆ្នេរ ជាលក្ខណៈបុគ្គល ជាគ្រួសារ ឬជាក្រុមតូចៗ ដោយរក្សាគម្លាតសុវត្ថិភាព។
នាយកប្រតិបត្តិអង្គការសំអាតទន្លេសមុទ្រ និងជានាយកប្រចាំតំបន់អាស៊ី (Let’s Do It World-Asia) លោកនូ សុវណ្ណ ថ្លែងថា គោលបំណង នៃការរៀបចំ ទិវាសម្អាតពិភពលោក គឺដើម្បីបង្ហាញដល់អន្តរជាតិពីការរួមចំណែករបស់កម្ពុជាក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
លោកថ្លែងថា៖ «ធ្វើយ៉ាងណាបង្ហាញប្រទេសកម្ពុជាយើង ជាចំណែកមួយ នៃពិភពលោក ក្នុងការចូលរួមដោះស្រាយបញ្ហាបរិស្ថានសកលដែលកាត់បន្ថយហានិភ័យបម្រែបម្រួលអាកាសធាតុនៅក្នុងពិភពលោក ជាពិសេសក្នុងប្រទេសកម្ពុជា»។
លោកកត់សម្គាល់ថា ទោះបីជាក្នុងបរិបទកូវីដ១៩ ប៉ុន្តែការយល់ដឹងរបស់ពលរដ្ឋក្នុងការទុកដាក់សំរាមមានការផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគាត់មួយចំនួនបានទុកដាក់សំរាមនៅកន្លែងត្រឹមត្រូវ បើទោះបីពលរដ្ឋមួយចំនួនមិនទាន់បានត្រៀមខ្លួនក្តី។
លោកបញ្ជាក់ថា៖ «ក្នុងឆ្នាំនេះយើងជោគជ័យខ្លាំងមែនទែនទោះបីមានបញ្ហាកូវីដ ប៉ុន្តែស្មារតីពលរដ្ឋ គាត់ចូលរួមបានច្រើនដូចនៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ឆ្នាំង និងនៅរាជធានីភ្នំពេញបានចុះសម្អាតនៅតាមផ្លូវ តាមដងស្ទឹង ឃើញប្រមូលសំរាមបានរាប់តោន»។
បើតាមលោក នូវ សុវណ្ណ ក្នុងរយៈពេល ២ ថ្ងៃ នៃយុទ្ធនាការរើសសំរាម ក្រុមការងារបានប្រមូលសំរាមប្រមាណ ៨ តោន នៅ ៥ រាជធានី-ខេត្ត។
លោក នូ សុវណ្ណ ថ្លែងថា៖«បញ្ហាកាកសំណល់នៅប្រទេសកម្ពុជា មានការប្រឈមមុខខ្លាំង ដោយកាកសំណល់ត្រូវបានគេបោះចោលរាយប៉ាយពេញទឹកពេញដី ហើយយើងឃើញថា មានបញ្ហាខ្លះពាក់ព័ន្ធការយល់ដឹង ទុកដាក់សំរាម របស់ប្រជាពលរដ្ឋ។ ដូច្នេះធ្វើយ៉ាងណារើសសំរាមចាស់ទុកដាក់ឱ្យបានត្រឹមត្រូវ ឬយកទៅកែច្នៃ ឬយកទៅបោះចោលឱ្យបានត្រឹមត្រូវកុំឱ្យវានៅពាសវាលពាសកាលបង្កឱ្យមានឧស្ម័នកាបូនិច ហើរទៅលើបរិយាកាស ធ្វើឱ្យកម្តៅកាន់តែកើនឡើង»។
ស្ថាបនិកក្រៀលកម្ពុជា លោក ហួ ឆៃងន់ បានថ្លែងថា យុទ្ធនាការអន្តរជាតិដែលកម្ពុជាបានចូលរួមនាពេលនេះ គឺដើម្បីផ្ញើសារដល់ពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការចោលកាកសំណល់បែបអនាធិបតេយ្យ ដែលនឹងប៉ះពាល់ដល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុផងដែរ។
លោកថ្លែងថា៖ «ជាការផ្ញើសារទៅកាន់ប្រជាពលរដ្ឋ ចង់ឱ្យគាត់ថែរក្សាបរិស្ថាន ពេលបរិភោគហើយត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាការបណ្តុះស្មារតី ចំណេះដឹង ឥរិយាបទ ពាក់ព័ន្ធបរិស្ថាន ដើម្បីបញ្ជ្រាបជាព័ត៌មានបន្ថែមដល់ពួកគាត់»។
លោកឱ្យដឹងដែរថា សម្រាប់ផែនការសកម្មភាពឆ្នាំនេះ លោកបានរៀបចំក្រុមការងារប្រមាណ ១៥០ នាក់ ដើម្បីសម្អាតសំរាមនៅលើគោក និងនៅតាមដងទន្លេ។
លោកបន្តថា៖ «សម្រាប់ឆ្នាំនេះ យើងផ្តោតខ្លាំងទៅលើការសម្អាតបែបរក្សាគម្លាតក្នុងបរិបទកូវីដ។ ទី១ សម្រាប់ក្រុមការងារក្រៀលផ្ទាល់ មានសមាជិកចូលរួមចន្លោះ ១២០ ទៅ ១៥០ នាក់បានចូលរួមសម្អាតនៅតាមច្រាំងទន្លេប៉ែងខាងជ្រោយចង្វាររាជធានីភ្នំពេញ ដោយក្នុងនោះ ១២០ នាក់ រើសសំរាមនៅលើគោកនិងប្រហែល ៣០ នាក់ សម្អាតនៅតាមមាត់ទន្លេក្នុងទឹក»។
លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងថា សម្រាប់ឆ្នាំនេះ លោកមិនទាន់ទទួលបានគោលការណ៍ក្នុងការរៀបចំទិវាសម្អាតពិភពលោកនៅឡើយទេ។ ប៉ុន្តែលោកថា កាលមិនទាន់មានការរីករាលដាលនៃជំងឺកូវីដ ១៩ ក្រសួងបានរៀបចំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋពីការថែរក្សាបរិស្ថាន និងអនាម័យ។
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កាលពីឆ្នាំ ២០១៨ ទិវាពិភពលោកស្អាត ត្រូវបានរៀបចំឡើងក្នុង ១៥៧ ប្រទេស និងមានអ្នកចូលរួមសរុបប្រមាណ ១៧.៨ លាននាក់។ ក្នុងនោះសំរាមប្រមាណ ៨៨ ៥០០ តោន ត្រូវបានប្រមូលក្នុងយុទ្ធនាការនោះ៕