ភ្នាក់ងាររបស់ធនាគារវីងបានបង្កើតមូលនិធិភ្នាក់ងារវីង ដើម្បីទ្រទ្រង់បុព្វហេតុសង្គមចំពេលដែលជំងឺកំពុងរាតត្បាត និងបានជ្រើសរើសគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានតម្រូវការហិរញ្ញវត្ថុ
ភ្នាក់ងារវីងនៅទូទាំងប្រទេសកាលពីថ្ងៃសុក្របានស្ម័គ្រចិត្តបរិច្ចាគថវិកាប្រមាណ ៤៥,០០០ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យមួយបានផ្តល់ការថែទាំសុខភាពដល់កុមារនៅកម្ពុជាអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
មូលនិធិភ្នាក់ងារវីងទើបតែត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ ២០២១ នេះក្នុងគោលបំណងកៀរគរថវិកា ដើម្បីជួយគាំទ្រដល់បុព្វហេតុសង្គមក្នុងមូលដ្ឋានរបស់ពួកគេ។
ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផាមានសារ:សំខាន់ណាស់ ជាពិសេសក្នុងអំឡុងពេលដែលកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ ១៩។ ធនាគារ វីង សហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការកៀរគរថវិកាបរិច្ចាគមួយ តាមរយៈមូលនិធិភ្នាក់ងារវីងដើម្បីអំពាវនាវដល់ភ្នាក់ងារ វីង នៅទូទាំងប្រទេសចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា។ គិតត្រឹមថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ នេះ មូលនិធិភ្នាក់ងារវីងបានកៀរគរថវិកាបរិច្ចាគចំនួនប្រមាណ ៤៥,០០០ ដុល្លារអាមេរិក ដើម្បីចូលរួមជួយសង្គ្រោះជីវិតកុមារនៅកម្ពុជាដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង។
លោក ស្រ៊ុន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃធនាគារ វីង បានមានប្រសាសន៍ថា៖ «យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះសកម្មភាពប្រកបដោយទឹកចិត្តសប្បុរស និងមានការលះបង់ខ្ពស់របស់ភ្នាក់ងាររបស់យើងដើម្បីបុព្វហេតុកុមារនៅកម្ពុជាតាមរយៈការរួមគ្នាជាមួយមូលនិធិភ្នាក់ងារវីង បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ យើងមានទីភ្នាក់ងារវីងជិត ១០ ០០០ កន្លែងគ្រប់ស្រុកក្នុងប្រទេសកម្ពុជា ហេតុនេះហើយទើបធ្វើឱ្យយើងអាចកៀរគរថវិកា ដើម្បីបុព្វហេតុនេះបាន។ ភ្នាក់ងាររបស់យើងមិនត្រឹមតែបម្រើសេវាកម្មហិរញ្ញវត្ថុសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ពួកគេថែមទាំងបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីជួយដល់ជនងាយរងគ្រោះនៅក្នុងសហគមន៍របស់ពួកគេផងដែរ»។
លោកស្រី ផេង សារ៉េត អាយុ ៦១ ឆ្នាំ ដែលជាភ្នាក់ងារវីងនៅក្រុងព្រះសីហនុ បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ១០០ ដុល្លារអាមេរិកសម្រាប់បុព្វហេតុនេះផងដែរ ដោយបានលើកឡើងថា៖ «ខ្ញុំចាំបានថា នៅពេលដែលចៅខ្ញុំឈឺធ្ងន់វាពិបាកណាស់ដើម្បីស្វែងរកមន្ទីរពេទ្យដែលអាចជឿទុកចិត្តបានដើម្បីព្យាបាល។ មន្ទីរពេទ្យគន្ធបុប្ផាបានផ្តល់ក្តីសង្ឃឹម និងជីវិតថ្មីដល់ចៅរបស់ខ្ញុំ។ តាមរយៈមូលនិធិភ្នាក់ងារវីងខ្ញុំអាចសម្តែងការដឹងគុណដល់មន្ទីរពេទ្យគន្ធបុប្ផាបាន»។
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជាបានថ្លែងអំណរគុណដល់ភ្នាក់ងារវីងដែលបានជួយគាំទ្រដល់មន្ទីរពេទ្យកុមារក្នុងអំឡុងពេលដ៏លំបាកនេះ។ ឯកឧត្តម រស់ សីលវ៉ា បានមានប្រសាសន៍ថា៖ «មូលនិធិពិតជាត្រូវការការគាំទ្រពីសាធារណជន ដើម្បីជួយឱ្យប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផាអាចដំណើរការបានយ៉ាងរលូន។ ការបរិច្ចាគរបស់ភ្នាក់ងារនឹងជួយដល់កុមារដែលកំពុងមានតម្រូវការពិនិត្យ និងព្យាបាលជំងឺ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការរួមចំណែករបស់ភ្នាក់ងារ វីង និងសម្រាប់ការជួយលើកកម្ពស់យុទ្ធនាការសប្បុរសធម៌ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា»។
មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបបានផ្តល់ការព្យាបាលប្រកបដោយគុណភាព និងវិជ្ជាជីវ:ខ្ពស់ ដល់ទារក និងកុមារដោយឥតគិតថ្លៃចាប់តាំងពីការបង្កើតឡើងវិញនៅឆ្នាំ ១៩៩២ ដោយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner។
មន្ទីរពេទ្យបានចំណាយថវិកាប្រមាណ ៤០ លានដុល្លារសម្រាប់ប្រតិបត្តិការក្នុងមួយឆ្នាំៗ។ កុមារជាង ៦៣៩ ២៦០ នាក់បានមកទទួលការពិនិត្យ និងព្យាបាល និងអ្នកជំងឺធ្ងន់ធ្ងរចំនួន ១៣៣ ០២៦ នាក់បានមកសម្រាក និងព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំងដោយឥតគិតថ្លៃ នៅក្នុងឆ្នាំ ២០២០ កន្លងទៅនេះ។
ភ្នាក់ងារវីងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងបានជួយសម្រួលលំហូរសាច់ប្រាក់ប្រកបដោយភាពងាយស្រួល ជាពិសេសដល់ស្ត្រីនៅក្នុងសហគមន៍របស់ពួកគេ។ អ្នកប្រើប្រាស់សេវាកម្មវីងអាចចូលរួម ចំណែកដល់កិច្ចការសប្បុរសធម៌នេះ តាមរយៈការបរិច្ចាគទៅគណនីប្រាក់រៀលលេខ ៥៥៥៩ ឬ គណនីប្រាក់ដុល្លារលេខ ៥៥៥៨ ឬតាមភ្នាក់ងារវីងនៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរដោយមិនគិតថ្លៃសេវា។ ធនាគារវីងធានាថាប្រាក់វិភាគទានសប្បុរសធម៌ ១០០% នឹងទៅដល់មន្ទីរពេទ្យគន្ធបុប្ផា៕