សៀមរាបៈ ក្នុងរយៈពេលប្រមាណ ១៧ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៤ រហូតដល់ឆ្នាំ ២០២១ នេះ អាជ្ញាធរជាតិអប្សរាបានដាំដើមឈើក្នុងបរិវេណតំបន់រមណីយដ្ឋានអង្គរបានជាង ២ លានដើម ក្នុងគោលបំណងលើកកម្ពស់បរិស្ថាន សោភណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តនៅក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងបេតិកភណ្ឌពិភពលោកមួយនេះ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ កញ្ញាថា ក្នុងចំណោមដើមឈើចម្រុះទាំងជាង ២ លានដើមដែលត្រូវបានដាំដោយអាជ្ញាធរជាតិអប្សរាមានប្រភេទកូនឈើប្រណីត ដូចជា ដើមឈើគ្រញូង បេង ធ្នង់ ច្រេស នាងនួន និងកូនឈើប្រភេទលេខ ១។ រីឯការដាំដើមឈើលក្ខណៈប្រពៃណី រួមមានប្រភេទដើមរាំង ដើមស្តៅ ដើមអម្ពិល និងដើមត្នោត។
ទោះបីជាយ៉ាងណា លោកថា ក្នុងចំណោមដើមឈើដែលបានដាំទាំងជាង ២ លានដើមនេះក៏មានការងាប់ខ្លះដែរ។ ប៉ុន្តែភាគរយនៃការងាប់ទៅវិញ មានចំនួនតិចបំផុត ដោយសារនៅតំបន់អង្គរមានប្រភពទឹកគ្រប់គ្រាន់ និងការដាំទៅតាមកាលវេលាដោយចាប់ផ្តើមដាំក្នុងរដូវវស្សានីមួយៗ ជារដូវមានភ្លៀងគ្រប់គ្រាន់ និងយកចិត្តទុកដាក់ស្រោចទឹកជាប្រចាំនៅទីតាំងណាដែលគ្មានប្រភពទឹក។
លោកប្រាប់ថា ចំពោះការដាំដើមឈើប្រមាណជាង ២ លានដើមនេះ ជាពិសេសប្រភេទឈើប្រណីត និងឈើលេខ ១ ក្នុងគោលបំណងដើម្បីបន្តវេន ឬជំនួសឱ្យដើមឈើដែលងាប់ និងត្រូវដកហូត បន្ទាប់ពីមានហានិភ័យខ្ពស់ ដូចជាប្រហោងក្នុង ដើម្បីការពារសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ/អន្តរជាតិដែលមកលេងកម្សាន្ត ក៏ដូចជាបញ្ចៀសការប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ និងឯកជន។
លោកថ្លែងថា៖ «យើងដាំដើមឈើនេះ ដើម្បីនិរន្តរភាពព្រៃឈើនៅក្នុងរមណីយដ្ឋានអង្គរ ហើយដើមឈើដែលត្រូវដកចេញ ១ ដើម ឬ ២ ដើម វាជាការចាំបាច់ ដើម្បីសង្គ្រោះជីវិតមនុស្ស និងសង្គ្រោះដល់ទ្រព្យសម្បត្តិសាធារណៈ និងឯកជន។ ម្យ៉ាងទៀតដើម្បីរៀបចំនូវទីកន្លែងនេះឱ្យមានភាពទាក់ទាញ ព្រោះបើសិនជាមានករណីណាកើតឡើងណាមួយ គេនឹងបន្ទោសដល់អាជ្ញាធរជាតិអប្សរា មិនចេះមើល និងបាត់បង់ជំនឿចិត្តនៃការរៀបចំរបស់យើង»។
បើតាមលោក ឡុង កុសល រមណីយដ្ឋានតំបន់អង្គរដែលត្រូវបានទទួលស្គាល់ ជាបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ តាមរយៈស្ថាប័នជំនាញរបស់គេគឺត្រូវបានកំណត់ជាតំបន់ដែលមានតម្លៃលេចធ្លោជាសកលសម្រាប់មនុស្សជាតិទាំងមូល (Outstanding Universal Value) រួមមាន បរិស្ថានព្រៃឈើធម្មជាតិ ប្រាង្គប្រាសាទ និងសហគមន៍មនុស្ស។
លោកបន្តថា ក្រៅពីការថែរក្សាដើមឈើ និងការដាំដើមឈើថ្មីៗបន្ថែម ដើម្បីចូលរួមលើកកម្ពស់គុណតម្លៃ នៃភាពលេចធ្លោជាសកលរបស់មនុស្សជាតិ។ ម្យ៉ាងទៀត ព្រៃឈើក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញទឹកភ្លៀងឱ្យធ្លាក់ចុះ និងជ្រាបចូលទៅក្រោមដីដែលអាចចូលរួមទ្រទ្រង់គ្រឹះរបស់ប្រាង្គប្រាសាទឱ្យមានភាពរឹងមាំ និងផ្តល់ក្តីសប្បាយរីករាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលផ្សារភ្ជាប់ជាមួយនឹងសម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោក។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងទទួលបន្ទុកការងារគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី ១៧ កញ្ញា ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ខ្ពស់ចំពោះការងារបរិស្ថាន ក៏ដូចជាការថែរក្សាដើមឈើនោះ គឺការបង្កើតឱ្យមានស្ថានីយបណ្ដុះកូនឈើរហូតដល់ ១០ ទីតាំង។ ជារៀងរាល់ឆ្នាំស្ថានីយទាំងនោះបណ្តុះកូនឈើបានប្រមាណជាង ២០០ ០០០ ដើម។ ចាប់តាំងពីឆ្នាំ ២០០៤ រហូតដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា ក្រៅពីខិតខំថែរក្សា និងព្យាបាលដើមឈើដែលមានស្រាប់ គឺបានដាំដើមឈើបន្ថែមសរុបជាង ២ លានដើមមកហើយក្នុងតំបន់អង្គរ។
មួយវិញទៀត ក្នុង ១ ឆ្នាំៗ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើលើផ្ទៃដីទំនេរក្នុងរមណីយដ្ឋានអង្គរបានប្រមាណ ជាង ២០ ០០០ ដើម និងជាង ១០០ ០០០ ដើមទៀតបានចែកចាយដល់សាធារណជនគ្រប់ទិសទី ដែលបានដាក់ពាក្យស្នើសុំយកទៅដាំដោយឥតបង់ថ្លៃ។ គោលបំណង សំខាន់លើកិច្ចការងារនេះ គឺដើម្បីឱ្យអង្គរមានភាពបៃតង និងបំផុសស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ និងការពារបរិស្ថាន។ នេះបើតាមលោក ចាន់ដារដ្ឋ។
លោកថ្លែងថា៖ «ក្នុងបេសកកម្មថែរក្សាព្រៃឈើវិញ អាជ្ញាធរជាតិអប្សរាមានក្រុមជំនាញសម្រាប់ព្យាបាលដើមឈើដែលមានជំងឺ ឬពុកផុយជាដើម។ ដើមឈើខ្លះយើងមើលពីខាងក្រៅឃើញថានៅល្អស្អាត និងពុំមានការខូចខាតនោះទេ តែតាមពិតខាងក្នុងប្រហោង ពុកផុយទៅហើយ។ គោលដៅសម្រាប់ការងារនេះ គឺព្យាយាមទុកដើមឈើនោះឱ្យអស់លទ្ធភាពមុននឹងសម្រេចឈានដល់ការកាត់ដកហូតចេញចៀសវាងបង្កគ្រោះថ្នាក់ដួលរលំសង្កត់ប្រាសាទ ឬមនុស្ស ជាពិសេសអ្នកដែលមកទស្សនាប្រាសាទ»។
បើតាមលោក យិត ចាន់ដារដ្ឋ ក្នុង ១ ឆ្នាំៗមានដើមឈើហានិភ័យមួយចំនួន ត្រូវបានកាត់ក្រី និងកាត់ដកហូតចេញដោយអ្នកជំនាញ និងជូនដំណឹងជូនសាធារណជនជ្រាបជាមុនផងដែរ។ ទោះជាយ៉ាងណា ទាក់ទងនឹងករណីនេះដែរលោកច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតដែលថា អាជ្ញាធរជាតិអប្សរា មានបំណងធ្វើជំនួញដើមឈើក្នុងរមណីយដ្ឋានអង្គរ ដោយធ្វើឱ្យដើមឈើងាប់ បន្ទាប់មកកាត់យកលក់។
លោកចាត់ទុកការផ្សព្វផ្សាយនេះថា ប្រាសច្រាកពីការពិតជាក់ស្ដែង និងពុំបានយល់ដឹងពីបច្ចេកទេសនៃការថែទាំដើមឈើ ព្រោះអាជ្ញាធរជាតិអប្សរាបានខិតខំយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ៕