ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រកាសប្រាប់អភិបាលរាជធានី-ខេត្តទាំងអស់ឱ្យពង្រឹងការអប់រំផ្សព្វផ្សាយ និងជំរុញការចូលរួមរបស់សហគមន៍ក្នុងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន បន្ទាប់ពីការឆ្លងជំងឺកូវីដ ១៩ មានការហក់ឡើងវិញនៅក្នុងពេលថ្មីៗនេះ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃទី ១៨ ខែកញ្ញា បានប្រកាសប្រាប់ដល់អភិបាលរាជធានី-ខេត្តទាំង ២៥ ឱ្យពង្រឹងការអប់រំផ្សព្វផ្សាយ និងជំរុញការចូលរួមរបស់សហគមន៍ក្នុងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ក្រោយមានការឆ្លងជំងឺកូវីដ ១៩ មានការហក់ឡើងវិញក្នុងរយៈពេលថ្មីៗនេះ។
ក្នុងលិខិតផ្ញើជូនអភិបាលរាជធានី-ខេត្តនៅថ្ងៃនេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលលើកឡើងថា ក្នុងពេលកន្លងមកការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ មានលទ្ធផលល្អប្រសើរ រីឯការចាក់វ៉ាក់សាំងកូវីដ ១៩ ក៏មានវឌ្ឍនភាពគួរជាទីមោទនៈ។ ប៉ុន្តែទោះបីប្រជាជនបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏មិនត្រូវភ្លេចខ្លួនក្នុងការការពារការចម្លងវីរុសកូវីដ ១៩ នោះដែរ។
លោក ម៉ម ប៊ុនហេង កត់សម្គាល់ថា ក្នុងពេលថ្មីៗនេះមានការហក់ឡើងវិញនូវការចម្លងកូវីដ ១៩ នៅតាមខេត្តមួយចំនួន ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ជំរុញបន្ថែមទៀតនូវការបន្តធ្វើយុទ្ធនាការអប់រំសុខភាពក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩»។
បើតាមលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល យុទ្ធនាការអប់រំសុខភាពនេះត្រូវប្រើប្រាស់ខ្លឹមសារវិធានការ ៣ ការពារ និង ៣ កុំ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ-សង្កាត់ ក្រុង-រាជធានី-ខេត្តនៅទូទាំងប្រទេស និងបង្កើនការទទួលខុសត្រូវរបស់បុគ្គលលើការថែទាំសុខភាពផ្ទាល់ខ្លួន និងជំរុញការចូលរួមរបស់សហគមន៍ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ- ១៩។
លោកថ្លែងថា៖ «ខ្ញុំសូមក្រើនរំឭកដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់បន្តទៀតអនុវត្តយុទ្ធនាការជាតិរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ- ១៩ ឱ្យបានខ្ជាប់ខ្ជួន»។
លោករដ្ឋមន្ត្រីបានជំរុញឱ្យអភិបាលរាជធានី-ខេត្ត បន្តការអប់រំផ្សព្វផ្សាយខ្លឹមសារនៃយុទ្ធនាការជាតិរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ ដល់បុគ្គល គ្រួសារ សហគមន៍ តាមរយៈអាជ្ញាធរថ្នាក់ក្រោមជាតិ និងដោយមានការចូលរួមពីសហគមន៍ ដូចជាការផ្សព្វផ្សាយតាមរយៈឧគ្ឃោសនស័ព្ទ ការបិទតាំងរូបភាពផ្ទាំងធំៗ ចែកចាយ ខិត្តប័ណ្ណ ការផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គមដល់ប្រជាជន។
លោក ម៉ម ប៊ុនហេង ក៏បានរំឭកពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការ ៣ ការពារ ដែលមានការពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល និង ៣ កុំ គឺកុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំប៉ះពាល់គ្នា។ លោកថា វិធានការនេះនៅតែចាំបាច់បំផុត និងត្រូវអនុវត្តជាប់ជាប្រចាំ ទោះបីបុគ្គលទាំងអស់បានចាក់វ៉ាក់សាំងរួចហើយក៏ដោយ។
លោក ម៉ម ប៊ុនហេង ក៏បានណែនាំឱ្យចាត់វិធានការអប់រំផ្សព្វផ្សាយ និងតាមដានជាប្រចាំលើការអនុវត្តវិធានការសុខាភិបាលនៅតាមទីតាំងនានា ជាពិសេសទីតាំងដែលមានហានិភ័យខ្ពស់ដូចជា ទីតាំងមានមនុស្សច្រើនជួបជុំគ្នា ទីតាំងបិទជិតគ្មានខ្យល់ចេញចូលគ្រប់គ្រាន់ និងទីតាំងដែលមានមនុស្សនៅជិតៗគ្នា) ដូចជាទីផ្សារ ទីប្រជុំជន ភោជនីយដ្ឋាន ទីកន្លែងលក់អាហារ ផ្សារទំនើប រោងចក្រ ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ៕
វីដេអូ៖