ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដាក់ចេញផែនការ សកម្មភាព និងជំរុញដល់អាជ្ញាធរខេត្តចំនួន ៥ ដែលនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ចរាចរណ៍គ្រឿងញៀនចេញពីតំបន់ត្រីកោណមាសព្រំដែន (ថៃ ឡាវ មីយ៉ាន់ម៉ា) ចូលមក បណ្ដាប្រទេសមហាអនុតំបន់ទន្លេមេគង្គ។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ ប្រាប់ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ កញ្ញា ថា ដើម្បីសម្រេចឱ្យបានការអនុវត្តគម្រោងសុវត្ថិភាពទន្លេមេគង្គដែលមានការឯកភាពគ្នាពីប្រទេសចំនួន ៦ រួមមាន កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម និងចិន នាពេលកន្លងមក ភាគីកម្ពុជាបានជ្រើសរើសយកខេត្តចំនួន ៥ ជាគោលដៅ ដើម្បីទប់ស្កាត់ចរាចរណ៍គ្រឿងញៀនចេញពីតំបន់ត្រីកោណមាសនេះ។
លោកថ្លែងថា៖ «នៅឆ្នាំ ២០២០ កម្ពុជាបានជ្រើសរើសខេត្តចំនួន ២ គឺខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ដើម្បីទប់ស្កាត់ចរាចរណ៍គ្រឿងញៀន ហើយនៅឆ្នាំ ២០២១ កម្ពុជាបានពង្រីក ៣ ខេត្តទៀត»។
លោកថ្លែងថា៖ «ឆ្នាំ ២០២១ យើងជ្រើស ៥ ខេត្ត ជាពិសេសខេត្តនៅតាមព្រំដែន ដែលសកម្មបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន ហើយយើងដាក់ផែនការសកម្មភាពក្នុងការអនុវត្តសកម្មភាពជាក់ស្តែងសម្រាប់កម្ពុជា ជាមួយបណ្តាខេត្តជាប់ព្រំដែន ដើម្បីបង្កើត និងបណ្តុះគំនិត បណ្តុះទម្លាប់ក្នុងការធ្វើសកម្មភាពទប់ស្កាត់ចរាចរណ៍ ការជួញដូរសារធាតុ និងគ្រឿងញៀន ឆ្លងកាត់ព្រំដែន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តស្ទឹងត្រែង»។
លោកបន្ថែមថា ការផលិតគ្រឿងញៀនចេញពីតំបន់ត្រីកោណមាសនោះ គឺបានជះឥទ្ធិពលបង្កើតឱ្យមានទីផ្សារក្នុងការប្រើប្រាស់គ្រឿងញៀន ដែលធ្វើឱ្យមានយុវជនជាច្រើនបានរងគ្រោះដោយសារការប្រើប្រាស់។ ដោយមើលឃើញបញ្ហាគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងញៀន ទើបរដ្ឋាភិបាលនៃប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គទាំង ៦ ដាក់ចេញនូវសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនរួមគ្នាក្នុងតំបន់សំដៅកាត់បន្ថយ និងបង្រួមទីផ្សារគ្រឿងញៀន។ បន្ថយទាំងបរិមាណ និងទំហំនៃតំបន់ត្រីកោណមាស ដើម្បីដាក់សម្ពាធលើក្រុមឧក្រិដ្ឋជនអ្នកផលិតជួញដូរគ្រឿងញៀន និងបណ្ដាញរបស់ពួកគេនៅក្នុងតំបន់ត្រីកោណមាស តាមរយៈការពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់។
លោកបន្តថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃការអនុវត្តកិច្ចសហប្រតិបត្តិរបស់ប្រទេសទាំង ៦ ក្នុងផែនការប្រតិបត្តិការសុវត្ថិភាពទន្លេមេគង្គ គឺបានឆ្លើយតបបញ្ហាគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់ត្រីកោណមាស ព្រោះយើងកត់សម្គាល់ឃើញថា បញ្ហាគ្រឿងញៀនមានការវិវឌ្ឍខ្លាំង តាមរយៈការងារស៊ើបអង្កេត និងចែករំលែកព័ត៌មាន»។
លោកបញ្ជាក់ថា បច្ចុប្បន្នភាពស្ដីពីស្ថានភាពគ្រឿងញៀន និងលទ្ធផលនៃការអនុវត្តច្បាប់បានបង្ហាញការផលិតគ្រឿងញៀនក្នុងតំបន់ត្រីកោណមាសកាន់តែសកម្មឡើង។ ទាំងបរិមាណនៃផលិតកម្មកាន់តែច្រើនឡើងៗបានបង្ហាញហានិភ័យ និងគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់ពិសេសបណ្ដាប្រទេស នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ។
លោកបន្តថា៖ «គ្រឿងញៀនដែលឆ្លងកាត់កម្ពុជា ភាគច្រើនចេញមកពីតំបន់ត្រីកោណមាសទាំងអស់ ហើយបច្ចុប្បន្នកាន់តែមានភាពស្មុគស្មាញ ដោយសារកំណើននៃការផលិតគ្រឿងញៀនមានការផ្លាស់ប្តូរនិន្នាការពីការផលិតថ្នាំញៀនធម្មជាតិចេញពីអាភៀន មកជាការផលិតថ្នាំញៀនសារធាតុញៀនសំយោគ ចេញពីសារធាតុគីមីផ្សំ ហើយមានតម្លៃថោក និងផលិតក្នុងរយៈពេលខ្លី នេះហើយដែលជាបញ្ហា»។
បើតាមលោក មាស វិរិទ្ធ កាលពីឆ្នាំ ២០១៩ ថ្ងៃទី ១៥ ខែវិច្ឆិកា ក្នុងកម្រិតប្រជុំថ្នាក់រដ្ឋមន្ត្រីទាំង ៦ ប្រទេស គឺបានដាក់ចេញនូវកិច្ចប្រតិបត្តិការរួមគ្នាដោយអនុលោមទៅតាមផែនការសកម្មភាព។ ក្នុងនោះបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ ដែលជាប៉ុស្តិ៍ស៊ើបអង្កេត និងត្រួតពិនិត្យសកម្មភាពដែលអាចមានជាប់ពាក់ព័ន្ធសកម្មភាពចរាចរណ៍ជួញដូរ ទាំងគ្រឿងញៀន និងសារធាតុគីមីផ្សំ។
ទន្ទឹមនឹងនេះ កាលពីថ្ងៃទី ១៥ កញ្ញា លោក មាស វិរិទ្ធ បានបើកកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តព្រះវិហារស្តីពីការទប់ស្កាត់ ចរាចរណ៍គ្រឿងញៀន ដោយបានចែករំលែកបទពិសោធ និងបណ្តុះទម្លាប់ក្នុងការធ្វើសកម្មភាពទប់ស្កាត់សកម្មភាព នានាពាក់ព័ន្ធគ្រឿងញៀនផងដែរ។
លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារដែលបានចូលរួមកិច្ចប្រជុំនោះ លើកឡើងថា សម្រាប់អាជ្ញាធរខេត្តបានត្រៀមខ្លួន ដើម្បីទប់ស្កាត់ចរាចរណ៍គ្រឿងញៀនចេញពីតំបន់ត្រីកោណមាស ចូលមកបណ្ដាប្រទេសមហាអនុតំបន់ទន្លេមេគង្គ និងទប់ស្កាត់ចរាចរណ៍សារធាតុគីមីផ្សំពីបណ្ដាប្រទេសមហាអនុតំបន់ទន្លេមេគង្គ និងក្រៅតំបន់ចូលទៅតំបន់ត្រីកោណដែលជាទីតាំងផលិត។
ដោយឡែក លោក ចែម ផានិត នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តស្ទឹងត្រែង បានថ្លែងថា ក្នុងឆ្នាំ ២០២១ សម្រាប់ខេត្តស្ទឹងត្រែងបានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនៅតាមដងទន្លេមេគង្គដោយបានដាក់កម្លាំងយាមល្បាតនៅគ្រប់ចំណុចគោលដៅ ដែលងាយធ្វើចរាចរណ៍គ្រឿងញៀនចូលតាមច្រកខេត្តស្ទឹងត្រែង។
លោកបញ្ជាក់ថា សម្រាប់កិច្ចសហប្រតិបត្តិការក្នុងគម្រោង ៦ ប្រទេស គឺ នៅឆ្នាំ ២០២១ ខេត្តស្ទឹងត្រែងបានបង្ក្រាបករណីរត់ពន្ធគ្រឿងញៀនឆ្លងដែនខុសច្បាប់បាន ១ ករណី ដោយបានដកហូតគ្រឿងញៀនចំនួន ៣ គីឡូក្រាមផងដែរ។
បើយោងតាមរបាយការណ៍មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងរយៈពេល ៦ ខែក្នុងឆ្នាំ ២០២១ នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនជាង ៨០០ គីឡូក្រាម និងឃាត់ខ្លួនមនុស្សជាង ៧ ០០០ នាក់ ក្នុងនោះមានជនបរទេសចំនួន ១២០ នាក់មាន ៨ សញ្ជាតិ៕