ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បន្តអនុវត្តគោលនយោបាយគាំពារសង្គម ដោយចែកស្បៀងជាអង្ករដល់សិស្សមកពីគ្រួសារក្រីក្រជាង ១៣ ០០០ នាក់ និងចុងភៅជាង ៥០០ នាក់ ទៅដល់សាលាបឋមសិក្សាចំនួន ២០៥ សាលា ក្នុងខេត្តគោលដៅចំនួន ៦ ដែលរងផលប៉ះពាល់ខ្លាំងពីការផ្ទុះជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ ២០២១។
លោក ជួ ហុក ប្រធានការិយាល័យ អាហារូបករណ៍ នាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡាថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ២០ ខែកញ្ញាថា ការចែកស្បៀងជាអង្ករនេះជាកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ ២០២១។
លោកបានថ្លែងថា៖ «ការផ្ដល់ស្បៀងនេះ គឺផ្ដល់ជូនដល់ក្រុមសិស្សមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះរួមទាំងចុងភៅកំពុងរស់នៅតាមតំបន់ដែលមានអត្រាអសន្តិសុខស្បៀងខ្ពស់កំពុងរងផលប៉ះពាល់ខ្លាំង ដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ ២០២១ នៅតាមសាលាបឋមសិក្សាស្ថិតក្នុងខេត្ដគោលដៅ»។
លោកបានបន្តថា៖ «ការផ្ដល់ស្បៀងនេះ គឺផ្ដោតសំខាន់ដល់អាណាព្យាបាល និងឪពុក-ម្ដាយសិស្សឱ្យបន្តជំរុញកូនឱ្យនៅសិក្សាបន្តទៀត។ បើសិនជាពួកគាត់ទៅធ្វើចំណាកស្រុក សូមកុំនាំកូនទៅតាម និងឱ្យពួកគាត់រក្សាកូននៅផ្ទះ ឬផ្ញើសាច់ញាតិ ដើម្បីឱ្យកូនបានបន្តការរៀនរបស់ពួកគេ»។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ការផ្ដល់ស្បៀងដល់ក្រុមសិស្សរស់នៅក្នុងគ្រួសារទាំងនោះ និងចុងភៅនេះដោយមានកិច្ចសម្របសម្រួលពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។ ការផ្តល់ស្បៀងជាអង្ករនេះធ្វើឡើងចាប់ពីថ្ងៃទី ២០ ខែកញ្ញា រហូតដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ នៅតាមខេត្តគោលដៅចំនួន ៦ រួមមាន ខេត្ដសៀមរាប បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងកំពង់ចាមដែលគ្របដណ្តប់លើស្រុកចំនួន ១៦ ឃុំចំនួន ៨៣ ភូមិចំនួន ២០៤ និងសាលាបឋមសិក្សាចំនួន ២០៥ សាលា ក្នុងនោះមានសិស្សានុសិស្សចំនួន ១៣ ៧៥៧ នាក់ និងចុងភៅចំនួន ៥៣៦ នាក់ ដែលនឹងទទួលបានអង្ករក្នុងម្នាក់ចំនួន ២៥ គីឡូក្រាម។ ដោយឡែកគ្រួសារមានកូនលើសពីម្នាក់ដែលកំពុងមានកូនរៀនក្នុងសាលាបឋមសិក្សាគោលដៅតែមួយនឹងទទួលបានរបបជាអង្ករ ៥០ គីឡូក្រាម។
ក្រសួងបញ្ជាក់ថា កម្មវិធីនេះផ្ដល់អាទិភាពដល់ក្រុមសិស្សមកពីគ្រួសារក្រីក្រដែលទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាល និងក្រុមសិស្សមកពីគ្រួសារមានបណ្ណសមធម៌ (កម្រិត ១ កម្រិត ២) និងបណ្ណអាទិភាព ដែលមានសុតភាព ក៏មានសិទ្ធិទទួលបានការផ្តល់ជូនស្បៀងជាអង្ករផងដែរ។
យុវតី ភន់ ឡាត់ មានលំនៅក្នុងស្រុកបន្ទាយស្រីខេត្ដសៀមរាបបានឱ្យដឹងថា ប្អូនប្រុសរបស់នាងបានទទួលជំនួយស្បៀងជាអង្ករដែលក្រសួងអប់រំ យុវជន និងកីឡាផ្ដល់ជូននេះដែរ។ ការទទួលបានស្បៀងនេះ គឺអាជ្ញាធរហៅទៅទទួលជាលក្ខណៈគ្រួសារ ដោយមិនមានការជួបជុំទទួលទេ។
យុវតី ភន់ ឡាត់ បានប្រាប់ថា៖ «ដោយសារមានការផ្ទុះការឆ្លងកូវីដ ១៩ ខ្លាំង តំបន់មួយចំនួនក្នុងក្រុងសៀមរាបបិទខ្ទប់មិនឱ្យជួបជុំទេ។ ពលរដ្ឋមិនបានចេញទៅរកស៊ីអីទេ ដោយសារម្នាក់ៗខ្លាច។ បើអ្នកធ្វើស្រែ ចម្ការ នៅបន្តទៅធ្វើស្រែរបស់ពួកគាត់ធម្មតា ប៉ុន្ដែមិនចេញក្រៅជួបអ្នកផ្សេងទេ។ បើនិយាយពីស្ថានភាពសេដ្ឋកិច្ចវិញគឺយ៉ាប់ណាស់ មិនដឹងទៅធ្វើការងារអីកើតទេ។ ខ្ញុំនិយាយឱ្យត្រង់ស្ថានភាពឥឡូវកំពុងលំបាកណាស់ គឺដាច់យ៉ៃតែម្ដង»។
លោក ហុក ថ្លែងថា ការងារអប់រំកុមារនាពេលបច្ចុប្បន្ន ទោះបីជាមានបិទសាលារៀន ប៉ុន្ដែនៅបន្តដំណើរការបង្រៀន និងរៀនដដែល។ ក្នុងនោះតំបន់ដែលមានហានិភ័យខ្ពស់ គ្រូមិនបង្រៀនផ្ទាល់ទេ៕