ភ្នំពេញៈ ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ផ្ញើ​ព្រះរាជសារ​ជូន​ប្រធានាធិបតី​ប្រទេស​ហុងគ្រី លោក Ja''no Sa''der ខណៈ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ផ្ញើលិខិត​ជូន​នាយករដ្ឋមន្ដ្រី​ប្រទេស​ហុងគ្រី​លោក វ៉ិចទ័រ អរបាន (Viktor Orba''n) ដើម្បី​អបអរសាទរ​ខួប​លើក​ទី​ ៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២​។

ព្រះរាជសារ​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ការបរទេស​កាលពី​យប់​ថ្ងៃទី​ ១៩ ខែកញ្ញា ​ឱ្យ​ដឹងថា ព្រះមហាក្សត្រ​បាន​សម្តែង​ការអបអរសាទរ​យ៉ាង​កក់ក្តៅ​បំផុត​ជូន​ចំពោះ​លោក Jano Sader និង​ជូនពរ​ដល់​ប្រជាជន​ហុងគ្រី​ជួបតែ​សេចក្តីសុខ​សេចក្តី​ចម្រើន និង​សុខុមាលភាព​។ ក្នុង​ព្រះរាជសារ ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា ចំណង​ទំនាក់ទំនង​ និង​មិត្តភាព​រវាង​កម្ពុជា​ និង​ហុងគ្រី​បាន​ឆ្លងកាត់​ផ្លូវ​ដែលមាន​ភាពរលូន និង​ភាពល្អប្រសើរ​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​តាមរយៈ​ការបង្ហាញ​ឱ្យ​ឃើញ​នូវ​លទ្ធផល​គួរឱ្យ​កត់សម្គាល់ និង​ជា​ប្រវត្តិសាស្ត្រ​។

ព្រះអង្គ​បន្តថា កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ កាន់តែ​មាន​ភាពជិតស្និទ្ធ​ក្នុង​វិស័យ​ធំៗ​ដែល​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការជឿ​ទុកចិត្ត​ខាង​នយោបាយ និង​ការគាំទ្រ​គ្នា​ទៅវិញ-ទៅមក​ទាំង​ក្នុង​តំបន់ និង​ពិភពលោក គុណតម្លៃ និង​ផលប្រយោជន៍​រួម និង​ជំនួយ​។

ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា​៖ «​ខ្ញុំ​ជឿជាក់ថា ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី និង​ប្រវត្តិសាស្ត្រ​ប្រកប​ដោយ​ភាពរីករាយ​រវាង​ប្រទេស​យើង​ទាំង​ ២ នឹង​ត្រូវបាន​ពង្រឹង និង​ [​ពង្រីក​] ​បន្ថែម​ទៀត ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រជាជន​យើង​ទាំង​ ២»​។

ព្រះអង្គ​បន្ថែមថា ព្រះអង្គ​ទន្ទឹង​រង់ចាំ​​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ព្រះអង្គ​ទៅកាន់​ប្រទេស​ហុងគ្រី​ «​ដ៏ស្រស់ស្អាត​មាន​វិបុលភាព និង​សន្តិភាព​» នៅពេល​វេលា​មួយ​ដ៏សមស្រប និង​មាន​ភាពងាយស្រួល ដែល​នឹង​មកដល់​សម្រាប់​ព្រះអង្គ និង​លោក​ Jáno sÁder​។ ក្នុងខណៈ​នេះ​បញ្ហា​ប្រឈម​នៃ​ជំងឺ​កូវីដ​ ១៩ ​នៅតែ​បង្ក​ការគំរាមកំហែង និង​កង្វល់​ «​យ៉ាង​ធំ​» ដល់​មនុស្សជាតិ និង​សហគមន៍​ក្នុង​ពិភពលោក​​ «​ទាំងមូល​»​។

ដោយឡែក​យោងតាម​លិខិត​ដែល​ចេញផ្សាយ ដោយ​ក្រសួង​ការបរទេស​នៅ​ថ្ងៃ​ជាមួយ​គ្នា ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ផ្ញើ​ទៅ​នាយករដ្ឋមន្ត្រី​ហុងគ្រី លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​តាងនាម​រាជរដ្ឋាភិបាល ប្រជាជន​កម្ពុជា និង​រូបខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ សូម​សម្តែង​នូវ​អំណរសាទរ​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​ឯកឧត្តម និង​តាមរយៈ​ឯកឧត្តម សូម​ប្រសិទ្ធិ​ពរជ័យ​មង្គល​បវរមហា​ប្រសើរ ជូន​ប្រជាជន​ហុងគ្រី​ជា​បងប្អូន​ក្នុងឱកាស​ដ៏ប្រពៃ​នៃ​ខួប​លើក​ទី​៦៥ ​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ហុងគ្រី​»​។

លោក​សរសេរថា ទំនាក់ទំនង​មិត្តភាព​កម្ពុជា និង​ហុងគ្រី គឺ​ផ្អែកលើ​ការជឿ​ទុក​​ចិត្ត​គ្នា និង​កិច្ចសហប្រតិបត្តិការ​ «​យ៉ាង​ជិតស្និទ្ធ​»​។ ប្រទេស​ទាំង​ ២ ​មាន​ការយល់ឃើញ រួម​ចំពោះ​បញ្ហា​ប្រឈម ដែល​សហគមន៍​អន្តរជាតិ​កំពុង​ជួបប្រទះ​ពេលបច្ចុប្បន្ន និង​តែង​បានផ្តល់​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​វេទិកា​ផ្សេងៗ​។

លោក​ ហ៊ុន សែន បន្ត​ថា​ពេល​កន្លងមក​ថ្មីៗ ការផ្លាស់ប្តូរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ សបញ្ជាក់​ឱ្យឃើញ​អំពី​សញ្ញាណ​នៃ​ការជឿទុកចិត្ត​ផ្នែក​នយោបាយ​ទៅវិញទៅមក ដែល​ពិតជា​បាន​ឆ្លុះបញ្ចាំង​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។

លោក​សរសេរ​ថា​៖ «​ខ្ញុំ​ត្រៀមខ្លួន​រួច​ជាស្រេច​ក្នុង​ការធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​របស់​យើង​ក្នុង​វិស័យ​ផ្សេងៗ​ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រជាជន​យើង​ទាំង​ ២»​។

កាលពី​ឆ្នាំ​ ២០២០ ​រដ្ឋមន្ត្រី​ការបរទេស​ និង​ពាណិជ្ជកម្ម​ហុងគ្រី លោក​ ភីធើ ស៊ីចាតូ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា​រយៈពេល​ ១ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ៣ ខែវិច្ឆិកា បាន​បើកសម្ពោធ​ការិយាល័យ​ស្ថានទូត​របស់ខ្លួន​ប្រចាំ​កម្ពុជា​ជា​ផ្លូវការ​ និង​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិការ​រួមមាន កិច្ចព្រមព្រៀង​ស្តីពី​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ហុងគ្រី​។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក រវាង​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​របស់​កម្ពុជា ជាមួយ​ក្រសួង​មហាផ្ទៃ​ហុងគ្រី​។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​របស់​កម្ពុជា​ជាមួយ​ក្រសួងកសិកម្ម​ហុងគ្រី​។

ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ហុងគ្រី​បាន​ចាប់ផ្ដើម​តាំងពី​ដំបូង​នៅ​ថ្ងៃទី​ ២០ កញ្ញា ឆ្នាំ​ ១៩៥៦ ប៉ុន្តែ​ទំនាក់ទំនង​នេះ​ត្រូវបាន​រំខាន​ក្នុង​របប​ខ្មែរក្រហម​ពី​ឆ្នាំ​ ១៩៧៥ ដល់​ ១៩៧៩​។ បន្ទាប់ពី​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​ ១៩៧៩ ​ប្រទេស​ទាំង​ ២ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នា​ថ្ងៃទី​ ២០ កញ្ញា ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ហុងគ្រី គឺជា​ទំនាក់ទំនង​កេរដំណែល​ប្រវត្តិសាស្ត្រ ដែលមាន​តាំងពី​សម័យ​សង្គ្រាម​ត្រជាក់ ហើយ​នៅតែ​រក្សា​ទំនាក់ទំនង​ជា​លក្ខណៈ​ប្រពៃណី​នេះ​បានល្អ និង​មាន​ការគោរព​ និង​គាំទ្រ​គ្នា​ទៅវិញទៅមក​។ ហុងគ្រី​តែងតែ​គាំទ្រ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​សហភាព​អឺរ៉ុប​កន្លងមក​។

លោក​ថ្លែងថា​៖ «​ក៏ប៉ុន្តែ ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ វា​អត់​ទាន់​ដល់​កម្រិត​មួយ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ទេ​។ ដោយឡែក ការផ្លាស់ប្តូរ​រវាង​ប្រជាជន​ និង​ប្រជាជន ជាពិសេស​គឺ​ភ្ញៀវទេសចរ រវាង​ប្រទេស​ទាំង​ ២ ​ហ្នឹង​ក៏​អត់​មាន​ទៅមក​ច្រើន​ជាមួយ​គ្នា​ដែរ​»៕