សៀមរាបៈ ក្រុមអ្នកអភិរក្សនៃអាជ្ញាធរជាតិអប្សរាបានធ្វើកំណាយរកឃើញព្រះសិរមេទេវតាផ្នែកកន្ទុយនាគនៅខ្លោងទ្វារតាកាវក្នុងតំបន់អង្គរធំ ខេត្តសៀមរាប និងបានរៀបចំផ្គុំរូបចម្លាក់ឡើងវិញ ដើម្បីលើកកម្ពស់គុណតម្លៃនៃប្រាសាទខ្មែរ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែកញ្ញាថា ស្របពេលដែលក្រុមការងារបានធ្វើកំណាយ និងជួសជុលខ្លោងទ្វារតាកាវផងក៏បានរកឃើញព្រះសិរមេទេវតាផ្នែកកន្ទុយនាគ កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១។
លោកបានបញ្ជាក់ថា៖ «យើងបានរៀបចំដាក់រូបចម្លាក់នោះនៅតាមទីតាំងដើមវិញបានន័យថា យកមកដំឡើងជារូបភាពជាក់ស្តែងពិតរបស់ចម្លាក់នៅតាមដងខ្លួន»។
លោកបានឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមការងារក៏កំពុងមមាញឹកជួសជុលខ្លោងទ្វារតាកាវ និងបានជួសជុលចម្លាក់ទាញព្រ័ត្រ ទេវតា និងចម្លាក់យក្ស ដែលរងការខូចខាតខ្លាំងនៅតាមខ្លោងទ្វារសំខាន់ៗទាំងអស់ក្នុងតំបន់អង្គរផងដែរ។
លោកបន្តថា៖ «កន្លងមកទីកន្លែងនេះខូចខាតច្រើនដោយសារត្រូវបានដើមឈើកៀប មែកឈើធ្លាក់លើធ្វើឱ្យបាក់បែកដែរ ឥឡូវយើងជួសជុលបានប្រមាណ ៣០ ភាគរយហើយ ព្រោះយើងទើបចាប់ផ្តើមជួសជុលខ្ទង់ខែឧសភា ឆ្នាំ ២០២១ ប៉ុន្តែដំណើរការងារជួសជុលប្រព្រឹត្តទៅដោយរលូន បើទោះបីជាមានផលលំបាកខ្លះៗក្នុងការអនុវត្តការងារនេះក្ដី»។
លោក កុសល បានចាត់ទុកថា ការរកឃើញចម្លាក់ និងវត្ថុបុរាណជាបណ្តើរៗពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិ។
លោកថា៖ «ការរកឃើញនេះជាចំណែកមួយយ៉ាងសំខាន់ដែលកន្លងមកយើងធ្លាប់គិតថា បានបាត់បង់ទៅហើយ ក៏ប៉ុន្តែនៅពេលដែលយើងធ្វើកំណាយហើយរកឃើញចម្លាក់ទាំងនេះគឺជាសេចក្តីរីករាយណាស់សម្រាប់អ្នកអភិរក្ស ដែលកន្លងមកចម្លាក់ទាំងនេះជាការរួមចំណែកក្នុងការលើកកម្ពស់គុណតម្លៃនៃប្រាសាទរបស់ខ្មែរ»។
ទាក់ទងហានិភ័យនៃដើមឈើក្នុងតំបន់អង្គរដែលបង្កផលប៉ះពាល់ដល់ប្រាសាទមួយចំនួននោះ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងទទួលបន្ទុកការងារគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា ក្រៅពីប្រាសាទ ដើមឈើក៏ជាទស្សនីយភាពដ៏ទាក់ទាញភ្ញៀវទេសចរនៅរមណីយដ្ឋានអង្គរផងដែរ។
ពិតណាស់ថា ដើមឈើបានផ្តល់ប្រយោជន៍ក្រៃលែងដល់មនុស្ស និងកិច្ចការអភិរក្សប្រាសាទ តែដើមឈើក៏បង្កហានិភ័យមួយចំនួនផងដែរ ជាពិសេសពេលដើមឈើធំ ចាស់ ងាប់ និងឈានដល់ការពុកផុយ។ ក្នុងន័យសង្គ្រោះប្រាសាទក៏ដូចជា សុវត្ថិភាពមនុស្ស អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមជំនាញដើមឈើបានចុះតាមដានជាប្រចាំ និងស្នើសុំវិធានការនានាក្នុងនោះដូចជា ការព្យាបាល និងកាត់ដកហូតដើមឈើណាដែលអាចបង្កគ្រោះថ្នាក់ជាដើម។
លោកបន្តថា៖ «ក្រៅពីកិច្ចការចម្បងក្នុងការអភិរក្សប្រាសាទ ការអភិវឌ្ឍប្រកបដោយចីរភាព ការថែរក្សា និងលើកតម្លៃទេសភាពវប្បធម៌ ការងារថែរក្សាព្រៃឈើ និងបង្កើនគម្របបៃតងក្នុងរមណីយដ្ឋានអង្គរក៏ត្រូវបានអាជ្ញាធរជាតិអប្សរាចាត់ទុកជាការងារអាទិភាពផងដែរ»៕