ភ្នំពេញៈ ធនាគារពិភពលោក (World Bank) ទទួលដឹងឮក្តីកង្វល់របស់ពលរដ្ឋ ២៩២ គ្រួសារ រស់នៅស្រុកស្អាង ខេត្តកណ្តាល ដែលស្នើសុំផ្លាស់ប្តូរទីតាំងចាក់សំរាមចេញពីតំបន់អាងទឹកព្រែករាំង ព្រមទាំងអះអាងថា នឹងលើកយកក្តីកង្វល់នោះ ទៅពិភាក្សាឱ្យបានល្អិតល្អន់ជាមួយសមភាគីទាំងអស់ នៃគម្រោងសាងសង់ទីលានទុកដាក់សំរាម សំណល់រឹង នៅក្នុងខេត្តកណ្តាល។
តំណាងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម នៅថ្ងៃទី ២០ កញ្ញា បានចេញលិខិតស្រាយបំភ្លឺ និងអះអាងប្រាប់ពលរដ្ឋថា នឹងលើកយកក្តីកង្វល់ពលរដ្ឋពាក់ព័ន្ធគម្រោងទីតាំងចាក់សំរាមនៅតំបន់អាងទឹកព្រែករាំង ដែលអាចប៉ះពាល់ដល់ការរស់នៅ និងជីវភាពពលរដ្ឋនៅទីនោះ ទៅពិភាក្សាឱ្យបានល្អិតល្អន់ជាមួយសមភាគីទាំងអស់នៃគម្រោងសាងសង់ទីលានទុកដាក់សំរាម សំណល់រឹង នៅក្នុងខេត្តកណ្តាល។
ទោះយ៉ាងណា លោកស្រីប្រាប់ពលរដ្ឋថា មកទល់ពេលនេះមានជម្រើសជាច្រើនកំពុងត្រូវបានយកមកពិនិត្យវាយតម្លៃ ប៉ុន្តែមិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ថានឹងយកទីតាំងជាក់លាក់ណាខ្លះសម្រាប់ធ្វើទីលានទុកដាក់សំរាម សំណល់រឹង។
លោកស្រីថ្លែងថា៖ «យើងសូមបញ្ជាក់ថា មកទល់ពេលនេះ មិនទាន់មានទីតាំងណាមួយត្រូវបានជ្រើសយកសម្រាប់សាងសង់ទីលានទុកដាក់សំរាម សំណល់រឹងនៅឡើយទេ។ ជាមួយគ្នានេះ យើងទទួលដឹងនូវក្តីកង្វល់ទាំងឡាយដែលលោក លោកស្រីលើកឡើង ហើយនឹងលើកយកក្តីកង្វល់នេះទៅពិភាក្សាជាមួយភាគីពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ»។
លោកស្រី ម៉ារីយ៉ាម សាលីម លើកឡើថា ធនាគារពិភពលោកកំពុងជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការសិក្សាមួយចំនួនទៅលើភាពស័ក្តិសមរបស់ទីតាំងសម្រាប់សង់ទីលានទុកដាក់សំរាម សំណល់រឹង នៅក្នុងខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ។ ដោយឡែក សម្រាប់ខេត្តកណ្តាល មានទីតាំងមួយត្រូវបានយកមកពិចារណា ក្នុងនោះមានជម្រើសទីតាំងមួយចំនួននៅក្នុងស្រុកស្អាង។
លោកស្រីបញ្ចាក់ថា ការវាយតម្លៃភាពស័ក្តិសមរបស់ទីតាំងផ្អែកលើលក្ខខណ្ឌតម្រូវមួយចំនួន ដូចជា ផ្លូវដឹកជញ្ជូន(ចម្ងាយទៅកាន់ទីតាំង) ស្ថានភាពជាក់ស្តែងរបស់ទីតាំងសម្រាប់ការរៀបចំឱ្យទៅជាទីលានទុកដាក់សំរាម សំណល់រឹង។ ការប្រើប្រាស់ដីធ្លីនាពេលបច្ចុប្បន្ន កម្មសិទ្ធិ និងការបែងចែកតំបន់អភិវឌ្ឍន៍។ ផលប៉ះពាល់ផ្នែកសង្គម សុវត្ថិភាពរបស់សហគមន៍ ទស្សនៈរបស់សហគមន៍ និងវត្តមានរបស់សម្បត្តិបរិស្ថាន ផលប៉ះពាល់បរិស្ថាន និងបេតិកភណ្ឌវប្បធម៌។
បើតាមលោកស្រី ម៉ារីយ៉ាម សាលីម លក្ខខណ្ឌតម្រូវនៃក្របខ័ណ្ឌបរិស្ថាន និងសង្គមរបស់ធនាគារពិភពលោក ការចូលរួមប្រកបដោយអត្ថន័យពីសំណាក់តួអង្គពាក់ព័ន្ធ រួមទាំងការពិគ្រោះយោបល់ជាមួយសហគមន៍មូលដ្ឋានផង គឺជាផ្នែកសំខាន់នៃការវាយតម្លៃភាពស័ក្តិសមនៃទីតាំងសម្រាប់សាងសង់ទីលានទុកដាក់សំរាម សំណល់រឹង។
អ្នកស្រី ឆុំ សុធី តំណាងប្រជាពលរដ្ឋនៅភូមិទួលឃ្មួញ ឃុំទឹកវិល ស្រុកស្អាង និយាយនៅថ្ងៃទី២១ កញ្ញា ថា ក្រោយទទួលបានលិខិតឆ្លើយតបពីតំណាងធនាគារពិភពលោកនៅកម្ពុជា អ្នកស្រីមានការរំភើបរីករាយ និងអរគុណជាអនេក ដែលធនាគារពិភពលោកបានយកចិត្តទុកដាក់ទៅលើកង្វល់របស់ប្រជាពលរដ្ឋ។ អ្នកស្រីសង្ឃឹមថា ទីលានចាក់សំរាម នឹងមិនត្រូវបានធ្វើឡើងនៅតំបន់អាងទឹកព្រែករាំងនោះទេ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំមានអារម្មណ៍ថា ធនាគារពិភពលោកគាត់បានធ្វើឱ្យប្រជាជនខ្ញុំកក់ក្តៅណាស់។ គាត់ពិចារណា គាត់វិភាគមើល តើសមហេតុសមផល ឬអត់ បានគាត់អនុវត្ត។ អ៊ីចឹងគាត់យល់ហេតុផលប្រជាពលរដ្ឋខ្ញុំ អ៊ីចឹងខ្ញុំអរណាស់»។
លិខិតចុះថ្ងៃទី២៦ ខែសីហា របស់តំណាងពលរដ្ឋ ២៩២ គ្រួសារ ដែលបានដាក់ស្នើទៅធនាគារពិភពលោកឱ្យជួយអន្តរាគមន៍ផ្លាស់ប្តូរគម្រោងទីតាំងទុកដាក់សំរាម ចេញពីអាងទឹកព្រែករាំង បញ្ជាក់ថា បើគម្រោងនោះដំណើរការជាផ្លូវការ នឹងមានផលប៉ះពាល់ធ្ងន់ធ្ងរជាទីបំផុត ចំពោះពលរដ្ឋភូមិទួលខ្មួញ និងភូមិព្រែករាំង ឃុំព្រែករាំង ព្រោះទីតាំងនោះនៅជិតលំនៅឋានរបស់ពលរដ្ឋ។
ក្នុងលិខិត តំណាងពលរដ្ឋសរសេរថា៖«ផលប៉ះពាល់មាន ២ យ៉ាង ទី១ បាត់បង់ដីដែលធ្លាប់អាស្រ័យផល តាំងពីឆ្នាំ ១៩៧៩ អាចធ្វើឱ្យយើងខ្ញុំត្រូវដាច់ពោះស្លាប់ និងទី២ ត្រូវបានអាជ្ញាធរយកសំរាមមកចាក់នៅក្បែរផ្ទះ ទទួលរងនូវក្លិនមិនល្អ ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ»។
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្តាលថ្លែងនៅថ្ងៃទី ២១ កញ្ញាថា ខាងខេត្តកំពុងរង់ចាំការសម្រេចឆ្លើយតបមកវិញ ពីខាងធនាគារពិភពលោក បន្ទាប់ពីបានណែនាំទីតាំងចាក់សំរាម ដែលស្ថិតក្នុងស្រុកស្អាងនេះ សម្រាប់ការអនុវត្តគម្រោងកែលម្អការគ្រប់គ្រងសំណល់រឹង និងសំណល់ប្លាស្ទិក។
លោកថ្លែងថា៖ «អ្វីៗដែលយើងបានជួបជុំជជែកគ្នាជាមួយក្រុមការងារក្រសួង ក៏ដូចជាតំណាង World Bank គេកំពុងតែសិក្សាលើព័ត៌មានដែលយើងបានរៀបចំជូនឯកសារចុងក្រោយជូនទៅគាត់ហ្នឹង»។
បើតាមលោក គ្រុយ ម៉ាឡែន រដ្ឋបាលខេត្តកណ្តាលសម្រេចថា នឹងអាចកាត់ឆ្វៀលដីជូនដល់ធនាគារពិភពលោកអនុវត្តគម្រោង ១៥ ហិកតា ឬលើសពីនេះបន្តិច ដើម្បីធានាថា តម្រូវការជាក់ស្តែងរដ្ឋបាលខេត្តមិនខ្វះទីតាំងដី៕