ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យជំរុញដល់សកម្មភាពបង្កើតសមាគមមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋានបន្ថែមទៀតឱ្យបានទូទាំងប្រទេស និងអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាលជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍សមាគមមនុស្សចាស់។
តាមរយៈសារាចរដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ២១ ខែកញ្ញា ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិនៅថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២១ លោក ហ៊ុន សែន លើកឡើងថា៖ «រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តផ្តល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀតនៅតាមសហគមន៍មូលដ្ឋានឱ្យបានទូទាំងព្រះរាជាណាចក្រកម្ពុជាស្របតាមផែនការដែលបានកំណត់ ឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ ជាពិសេសយកចិត្តទុកដាក់ជួយមនុស្សវ័យចាស់ជរាព្យាធិ ពិការក្រីក្រគ្មានទីពឹង។ ដៃគូអភិវឌ្ឍន៍អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការអន្តរជាតិសូមបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍សមាគមមនុស្សចាស់ដែលមានស្រាប់»។
ឆ្នាំនេះកម្ពុជានឹងមិនរៀបចំកម្មវិធីជួបជុំគ្នាដើម្បីប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិឱ្យបានអធិកអធមនោះទេដោយសារបញ្ហាជំងឺកូវីដ ១៩ នៅបន្តរីករាលដាលខណៈប្រធាននៃទិវានេះគឺ«ចូលរួមគាំទ្រថែទាំសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា»។
លោក ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធរត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់នៅតាមមូលដ្ឋានវត្តអារាម និងវិហារសាសនាដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជួយដល់មនុស្សវ័យចាស់និងបានប្រាប់ទៅក្រសួងព័ត៌មានឱ្យណែនាំដល់បណ្តាញសារព័ត៌មានរដ្ឋនិងឯកជនទាំងអស់ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពក្នុងឱកាសទិវានេះ។
លោកបានប្រាប់ក្រសួងអប់រំត្រូវធ្វើសេចក្តីណែនាំដល់ស្ថាប័នក្រោមឱវាទរបស់ក្រសួងជំរុញចលនាសិស្សនិស្សិតឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ និងឱ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ព្រមទាំងបង្កើតកម្មវិធីក្រៅម៉ោងសិក្សា ចុះសួរសុខទុក្ខមនុស្សវ័យចាស់ ពិសេសជួយបំពេញការងារជាឧត្តមប្រយោជន៍ជូនមនុស្សវ័យចាស់។
លោក ហ៊ុន សែន បានជំរុញក្រសួងធម្មការនិងសាសនាឱ្យណែនាំតាមវត្តអារាម វិហារសាសនាទូទាំងប្រទេសតាមរយៈបព្វជិតសាសនាដៃគូអភិវឌ្ឍន៍សប្បុរសជននិងមូលនិធិផ្សេងទៀតដើម្បីឱ្យមានសកម្មភាពជួយឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់ដើម្បីឱ្យអ្នកទាំងនោះអាចស្នាក់នៅសមរម្យ មានអាហារទទួលទាន អាចសម្រាន្តលក់ស្ងប់អារម្មណ៍ និងអាចតាំងសមាធិ សមាទានសីល ព្រមទាំងទទួលបានសេវាថែទាំផ្សេងៗទៀតជាបន្តបន្ទាប់។
លោកថ្លែងថា ការដែលកម្ពុជាប្រារព្ធទិវានេះគឺមានគោលបំណងលើកកម្ពស់កិច្ចគាំពារដើម្បីលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង។ទិវានេះក៏បង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សវ័យចាស់បុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ផ្តល់នូវចំណេះដឹង ចំណេះធ្វើនិងបទពិសោធ យ៉ាងច្រើនសម្រាប់មនុស្សជំនាន់ក្រោយ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលចាត់ទុកទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យរំឭកដល់គុណូបការៈរបស់មនុស្សវ័យចាស់កម្ពុជាបុព្វការីជន ជីដូន ជីតា ឪពុកម្តាយ អ៊ំ ពូ មីង ដែលបានកសាងនិងបន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងជំនាន់ក្រោយៗទៀត»៕
វីដេអូ៖