មណ្ឌលគិរីៈ ហ្វូងកូនសត្វក្រពើភ្នំ ដែលជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុតចំនួន ៨ ក្បាល ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការមូលនិធិសកលសម្រាប់ធនធានធម្មជាតិ (WWF) រកឃើញក្នុងដែនជម្រកធម្មជាតិនៃតំបន់ស្រែពក ដែលវាកំពុងរស់នៅដោយសុវត្ថិភាពក្នុងទីជម្រកធម្មជាតិ ក្រោមការការពារយ៉ាងតឹងរ៉ឹងពីមន្ត្រីឧទ្យានុរក្សនៃខេត្តមណ្ឌលគិរី។
សេចក្តីប្រកាសព័ត៌មានរួមគ្នារបស់ក្រសួងបរិស្ថាន និងអង្គការ WWF នៅថ្ងៃទី ២១ ខែកញ្ញាឱ្យដឹងថា គំហើញនៃហ្វូងកូនសត្វក្រពើភ្នំ នាពេលនេះគឺជាភ័ស្តុតាងបញ្ជាក់ដោយរូបភាពដំបូងបង្អស់នៃការរស់រានបន្តពូជរបស់សត្វនេះ ក្រោយការខិតខំស្រាវជ្រាវអស់រយៈពេលជាង ១ ទសវត្សរ៍នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារធម្មជាតិមួយនៃតំបន់ព្រៃទេសភាពភាគខាងកើតស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការ WWF។
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ លើកឡើងថា នេះគឺជាដំណឹងដ៏ល្អមួយដែលត្រូវសាទរ និងជាផ្លែផ្កាមួយនៃកិច្ចសហប្រតិបត្តិការអភិរក្សរវាងក្រសួងបរិស្ថាន អង្គការ WWF និងអង្គការដៃគូ។ ជាពិសេសសមាជិកទាំងអស់នៃក្រុមការងារស្រាវជ្រាវវិទ្យាសាស្ត្រ ដែលបានខិតខំប្រឹងប្រែងសិក្សា និងស្រាវជ្រាវរហូតទទួលបាននូវលទ្ធផល ដោយបានកត់ត្រាបញ្ជាក់ជាផ្លូវការលើកដំបូងបង្អស់នៃហ្វូងកំពុងបន្តពូជនៃសត្វក្រពើភ្នំដ៏កម្របំផុតនេះនៅតំបន់ស្រែពក។
លោកថ្លែងថា៖ «គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនេះបានបង្ហាញឱ្យឃើញពីសារៈសំខាន់នៃដែនជម្រកសត្វព្រៃស្រែពកជាតំបន់ជីវចម្រុះសកលមួយ ដែលមានសក្តានុពលខ្ពស់សម្រាប់ការស្ដារធនធាន ជីវចម្រុះ និងចំនួនសត្វព្រៃសំខាន់ៗមានតម្លៃជាសកលឡើងវិញ»។
លោក សាយ សំអាល់ បញ្ជាក់ថា ដំណឹងដ៏រំភើបនេះក៏បានឆ្លុះបញ្ចាំងផងដែរពីសារៈសំខាន់នៃប្រទេសកម្ពុជា សម្រាប់ការអភិរក្សសត្វក្រពើភ្នំដ៏កម្រ និងសត្វព្រៃសំខាន់ៗដទៃជាច្រើនប្រភេទទៀត។ លោកក៏បានអំពាវនាវយ៉ាងទទូចដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចាត់វិធានការរួមគ្នាជាបន្ទាន់ថែមទៀតចាំបាច់ សម្រាប់ការការពារសត្វក្រពើភ្នំដើម្បីឱ្យសត្វនេះចៀសផុតពីការផុតពូជ។ ដាក់ចេញនូវវិធីសាស្ត្រនានាដើម្បីធានាឱ្យសត្វនេះមានចំនួនកើនឡើងវិញសម្រាប់គាំទ្រការរស់រានរបស់វាតទៅអនាគត។
លោក ប៊ុន សុធា សមាជិកម្នាក់នៃក្រុមអ្នកស្រាវជ្រាវឱ្យដឹងដែរថា ក្នុងរដូវកូនក្រពើញាស់នេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការតាមដានជាប្រចាំ។ សម្រាប់ការចុះតាមដានមួយលើកនេះ ក្រុមការងាររបស់លោកបានចំណាយអស់រយៈពេល ៤ យប់ ដើម្បីអង្កេតមើលស្ថានភាពរបស់សត្វក្រពើភ្នំនៅតាមទីតាំងផ្សេងៗរបស់វា គឺចាប់តាំងពីម៉ោង ៧ យប់ រហូតដល់រំលងអធ្រាត្រប្រហែលទល់ម៉ោង ២ ព្រឹក។
លោកថ្លែងថា៖ «ភាពរំភើបត្រេកអរជាខ្លាំងក៏បានមកដល់ ក្រោយពេលដែលសមាជិកក្រុមការងារយើងម្នាក់បានប្រទះឃើញចំណាំងពន្លឺភ្នែករបស់កូនសត្វក្រពើដែលទើបនឹងញាស់»។
របកគំហើញនាពេលនេះត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ទុកជាការវិវឌ្ឍដ៏វិជ្ជមានមួយនៃការសិក្សាស្ដីពីសត្វក្រពើភ្នំក្នុងតំបន់ នៃដែនជម្រកសត្វព្រៃស្រែពក ដោយហេតុថា វត្តមានរបស់សត្វនេះមិនត្រូវបានគេបញ្ជាក់ជាផ្លូវការទេ បើផ្អែកតាមរបាយការណ៍ស្រាវជ្រាវនានា ដែលគេធ្លាប់ទទួលបានកាលពីរយៈពេលជាច្រើនឆ្នាំកន្លងមក។ រីឯការកត់ត្រាវត្តមានរបស់វាតាមរយៈរូបភាពក៏គ្មានដែរក្នុងទសវត្សរ៍ចុងក្រោយនេះ។ នេះបើតាមប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវចម្រុះនៃអង្គការ WWF កញ្ញា Milou Greatenberg។
កញ្ញា Milou និយាយថា៖ «គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនៅតំបន់ស្រែពកពេលនេះ ពិតជាផ្តល់នូវក្តីសង្ឃឹមសម្រាប់ការអភិរក្ស និងការពារការរស់រានរបស់សត្វនេះនៅក្នុងទីជម្រកធម្មជាតិរបស់វា ដែលវាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា និងពិភពលោកទាំងមូល»។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល សត្វក្រពើភ្នំ ធ្លាប់មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មក វត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះត្រូវបាត់បង់គួរឱ្យបារម្ភពីដែនជម្រកធម្មជាតិរបស់ពួកវា។
ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំដែលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសរុបចន្លោះពី ២០០ ទៅ ៤០០ ក្បាលកំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេស។ នៅលើពិភពលោកចំនួនសត្វក្រពើភ្នំដែលស្ថិតក្នុងវ័យអាចបន្តពូជបានមានប្រមាណមិនលើសពី ១ ០០០ ក្បាលឡើយ។
ជាមួយគ្នានេះ ការរស់រានរបស់សត្វក្រពើភ្នំនៅតែមានកត្តាគំរាមកំហែង ដូចជាការរេចរឹល និងការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ ដែលបណ្តាលមកពីតម្រូវការនៃការជួញដូរសត្វព្រៃខុសច្បាប់។ ការចាប់ដោយខុសច្បាប់ ដើម្បីផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមក្រពើ ការចាប់យកទៅបង្កាត់ពូជជាមួយពូជក្រពើផ្សេង ទំនប់វារីអគ្គិសនី និងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ជាដើម។
លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា ថ្លែងថា៖ «ខ្ញុំសូមអបអរសាទរចំពោះក្រុមការងារស្រាវជ្រាវ និងក្រុមការងារអនុវត្តច្បាប់ចំពោះគំហើញដ៏អស្ចារ្យនេះ។ ប្រសិនបើគ្មានការប្តេជ្ញាចិត្ត និងការខិតខំដ៏មោះមុត និងដោយទៀងទាត់នៅក្នុងតំបន់ការពារធម្មជាតិនោះទេ យើងទាំងអស់គ្នាក៏មិនទទួលបាននូវលទ្ធផលដ៏ប្រសើរបែបនេះដែរ»។
លោកថា ត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សបន្ថែមទៀត ដោយផ្តល់អាទិភាពលើការស្វែងរកនូវដំណោះស្រាយសមស្រប និងប្រកបដោយភាពច្នៃប្រឌិតសម្រាប់គាំទ្រដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការការពារធនធានសត្វព្រៃ។ លោក សេង ទៀក បន្តអំពាវនាវឱ្យចាត់វិធានការ និងរកវិធីសាស្ត្រឱ្យកាន់តែប្រសើរជាងមុន ដើម្បីគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងធនធានធម្មជាតិ។
ក្រសួងបរិស្ថាន និងអង្គការ WWF នឹងបន្តតាមដានស្ថានភាពសត្វក្រពើភ្នំនៅតំបន់ស្រែពកតទៅទៀត និងពង្រឹងវិធានការ ការពារទីជម្រករបស់សត្វនេះពីការគំរាមកំហែងផ្សេងៗ មានដូចជាការទន្ទ្រានដីដែលធ្វើឱ្យប៉ះពាល់ដល់ទីជម្រក និងសកម្មភាពល្មើសច្បាប់ផ្សេងៗទៀត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការចុះល្បាតជាប្រចាំតាមគ្រប់មធ្យោបាយទាំងក្នុង និងក្រៅតំបន់ការពារធម្មជាតិ៕