ភ្នំពេញៈ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ និង​អ្នក​នាំចូល​យានយន្ត​ថ្មី​មក​កម្ពុជា​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​បញ្ជាក់​សុវត្ថិភាព​ផលិតផល​យានយន្ត​របស់ខ្លួន​នៅ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​ ដើម្បី​បញ្ជាក់​ពី​សុវត្ថិភាព​។

តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​​ពីថ្ងៃ​ទី​ ១៧ ខែកញ្ញា ឆ្នាំនេះ​ឱ្យដឹងថា បច្ចុប្បន្ននេះ​ការធ្វើ​ចរាចរណ៍​ចែកចាយ​លក់​ផលិតផល​យានយន្ត​ថ្មី​នៅលើ​ទីផ្សារ​កម្ពុជា​បាន និង​កំពុង​ប្រព្រឹត្តទៅ​​តាម​រូបភាព​ផ្សេងៗ ដោយ​ពុំ​បាន​គិតគូរ​ឱ្យបាន​គ្រប់គ្រាន់​លើ​សុវត្ថិភាព​ផលិតផល​ស្របតាម​ស្តង់ដា និង​បទប្បញ្ញត្តិ​បច្ចេកទេស​ទេ​។

សេចក្តី​ជូនដំណឹង​នេះ​បន្តថា ក្នុង​​ទិសដៅ​គ្រប់គ្រង​បញ្ហា​សុវត្ថិភាព ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​នឹង​ចុះ​ត្រួតពិនិត្យ​ស្តង់ដា​សុវត្ថិភាព​ផលិតផល​យានយន្ត​នៅតាម​រោងចក្រ​សហគ្រាស​ និង​មូលដ្ឋាន​ចែកចាយ​លក់​ផលិតផល​យានយន្ត​ថ្មី ដែល​មាន​វត្តមាន​នៅក្នុង​ទីផ្សារ​កម្ពុជា នាពេលខាងមុខ​។

ដើម្បី​ពង្រឹង​ដល់​កិច្ចការ​ត្រួតពិនិត្យ​សុវត្ថិភាព ក្រសួង​នេះ​បាន​តម្រូវ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស​​ និង​អ្នក​នាំចូល​ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​បញ្ជាក់​សុវត្ថិភាព​នេះ​នៅ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ថតចម្លង​ និង​ផ្តល់​កិច្ចសហការ​ក្នុង​ការចុះ​ធ្វើ​អធិការកិច្ច​របស់​មន្ត្រី​អធិការកិច្ច​ស្តង់ដា​កម្ពុជា​។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា​ «​បុគ្គល​ ឬ​ជន​ណា​ដែល​រារាំង​ក្នុង​ការធ្វើ​អធិការកិច្ច និង​មិនមាន​ឯកសារ​ភ័ស្តុតាង​ដែល​បង្ហាញ​ពី​សុវត្ថិភាព​ផលិតផល​យានយន្ត​នឹង​ត្រូវ​ទទួលទោស​ ឬ​ពិន័យ​ទៅតាម​ច្បាប់​ជា​ធរមាន​»​។

លោក ចាន់ សូផា អគ្គនាយក​នៃ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២១ ខែកញ្ញា ថា ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​ប្រើ​នៅ​កម្ពុជា​គ្រប់​អ្នក​នាំចូល​រថយន្ត​ថ្មី ទាំង​អ្នកផលិត​នៅ​កម្ពុជា​ផង ត្រូវតែ​មាន​ការវាយតម្លៃ​លើ​ផលិត​នោះ ដោយ​តម្រូវឱ្យ​យានយន្ត​ធ្វើតេស្ត​ស្រប​ទៅ​តាម​ស្តង់ដា​ដែល​ត្រូវ​បានកំណត់​។

លោក​បន្តថា ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​នៅ​ប្រទេសមួយ​ចំនួន​លើ​ពិភពលោក​កម្ពុជា​បាន​ឯកភាព​គ្នា​លើ​ការធ្វើ​ពាណិជ្ជ​កម្ម​យានយន្ត​ដែល​មុននឹង​នាំ​ចូលមក​កម្ពុជា​ក៏ត្រូវ​តែ​គោរព​តាម​ស្តង់ដា​របស់​កម្ពុជា​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​កិច្ចព្រមព្រៀង​ដែល​យើង​ធ្វើ​យើង​ធ្វើ​តែ​ទៅលើ​រថយន្ត​ថ្មី​ទេ និង​មិន​ធ្វើ​ទៅលើ​រថយន្ត​ជជុះ ឬ​​រថយន្ត​ ១ ​ទឹក ឬ​ ២ ​ទឹក​ទេ ព្រោះ​រថយន្ត​ប្រភេទ​នេះ​ត្រូវ​បាន​ផ្លាស់ប្តូរ​គ្រឿងបន្លាស់​គ្រប់បែបយ៉ាង​។ អ៊ីចឹង​មិនអាច​កំណត់​បានទេ​»​។

លោក សឿន ដារ៉ា នាយកប្រតិបត្តិ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២១ ខែកញ្ញាថា សហព័ន្ធ​បានទទួល​សេចក្តី​ជូនដំណឹង​នេះ​រួចហើយ ព្រោះ​សហព័ន្ធ​ និង​​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​បាន​ធ្វើ​កិច្ចការ​នេះ​ជាមួយ​គ្នា​។

លោក​បន្តថា ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បានចេញ​បទប្បញ្ញត្តិ​បច្ចេកទេស​សម្រាប់​ផលិតផល​យានយន្ត​ក្នុង​ឆ្នាំ​ ២០១៦ ដើម្បី​គ្រប់គ្រង​ការនាំ​ចូល​រថយន្ត​ថ្មី​ឱ្យស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ និង​ស្តង់ដា​ដោយ​​បាន​អនុវត្ត​តាំងពី​ថ្ងៃទី​ ១ ខែ​​មករា ​ឆ្នាំមុន​មក​។

លោក​បន្តថា​ រថយន្ត​ថ្មី​ដែល​បាន​ផលិត និង​នាំ​ចូលមក​កម្ពុជា​ត្រូវ​អនុវត្ត​នីតិវិធី​ស្នើសុំ​អាជ្ញាប័ណ្ណ ដើម្បី​អាចមាន​សិទ្ធិ​ប្រើប្រាស់​និមិត្តសញ្ញា​ស្តង់ដា​កម្ពុជា​ “​សុវត្ថិភាព​" ​លើ​រថយន្ត​ថ្មី​។ ​

លោក​ថា បន្ទាប់ពី​ទទួលបាន​អាជ្ញាប័ណ្ណ​ប្រើប្រាស់​​និមិត្តសញ្ញា​ស្តង់ដា "​សុវត្ថិភាព​" ​រថយន្ត​ថ្មី​នឹងត្រូវ​បំពាក់​ជាមួយ​និមិត្តសញ្ញា​ "S" ​ដើម្បី​បញ្ជាក់ថា ពិតជា​បាន​ផលិត នាំចូល និង​ត្រួតពិនិត្យ​យ៉ាងត្រឹមត្រូវ​តាម​បច្ចេកទេស​។

យ៉ាងណាក្ដី លោក​បញ្ជាក់ថា ប្រសិនបើ​រថយន្ត​ថ្មី​នោះ​មិន​មាន​បំពាក់​និមិត្តសញ្ញា​សុវត្ថិភាព​ “S” ទេ មានន័យថា រថយន្ត​នោះ​ពុំបាន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ឡើយ​។

លោក​ថា​៖ «​យើង​ស្វាគមន៍​ការដាក់ចេញ​នូវ​បទប្បញ្ញត្តិ​បច្ចេកទេស​សម្រាប់​រថយន្ត​ថ្មី និង​ចូលរួម​អនុវត្ត​ដើម្បី​ធានា​នូវ​ប្រយោជន៍​ដល់​អ្នកប្រើប្រាស់ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​។ ​ក៏ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​នោះ​គឺ​ការអនុវត្ត​បទប្បញ្ញត្តិ​បច្ចេកទេស​​ធ្វើឡើង​ទៅលើ​តែ​ក្រុមហ៊ុន​នាំ​​ចូល​រថយន្ត​ទទួល​សិទ្ធិ​នាំចូល​​ និង​ចែកចាយ​ផ្តាច់មុខ​ប៉ុណ្ណោះ​»​។

លោក​បាន​បន្តថា​៖ «​ដោយឡែក​ក្រុមហ៊ុន​ដែល​មិន​ទទួល​​បាន​សិទ្ធិផ្តាច់មុខ​អាច​នាំចូល​រថយន្ត​ដោយ​ពុំ​តម្រូវឱ្យ​ស្នើសុំ​សិទ្ធិ​ប្រើប្រាស់​និមិត្តសញ្ញា​ស្តង់ដា​កម្ពុជា​ "​សុវត្ថិភាព​" ​លើ​រថយន្ត ឬ​អនុវត្ត​បទប្បញ្ញត្តិ​បច្ចេកទេស​នោះទេ​គឺអាច​នាំចូល​រថយន្ត​បាន​ដោយ​ងាយ​»​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​​ សឿន ដារ៉ា បានស្នើសុំ​ដល់​រាជរដ្ឋាភិបាល​ក៏ដូចជា វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា គួរ​ពិចារណា​ឡើងវិញ​ក្នុង​ការអនុវត្ត​បទប្បញ្ញត្តិ​បច្ចេកទេស និង​ស្ដង់ដា​រថយន្ត​​ទាំង​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ និង​ក្រុមហ៊ុន​ដែល​មិន​ទទួលបាន​សិទ្ធិផ្តាច់មុខ​ដោយ​​តម្រូវ​ឱ្យ​អនុវត្តតាម​បទប្បញ្ញត្តិ​បច្ចេកទេស​សម្រាប់​ការនាំ​ចូល​គ្រប់​រថយន្ត​ថ្មី​មក​កម្ពុជា​៕

វីដេអូ៖