ភ្នំពេញៈ ក្រសួងការពារជាតិចេញបទបញ្ជាហាមរថយន្តឯកជនបំពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) និងបានណែនាំដល់ម្ចាស់យានយន្តឯកជនដែលកំពុងជ្រកក្រោមស្លាកលេខពិសេសនេះរួសរាន់ទៅបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របច្បាប់ និងបទប្បញ្ញត្តិស្តីពីគយ។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ នៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២១ បានចេញសារាចរណែនាំស្តីពីការអនុវត្តវិធានការប្រមូលពន្ធ និងប្តូរចង្កូតពីស្តាំមកឆ្វេងលើយានជំនិះគ្រប់ប្រភេទដែលកំពុងប្រើស្លាកលេខ ខ.ម។ សារាចរនេះធ្វើឡើងដោយយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទីស្តីការគណៈរដ្ឋមន្ត្រី និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពាក់ព័ន្ធការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ។
នៅក្នុងលិខិតនេះលោក ទៀ បាញ់ បានជំរុញដល់ស្ថាប័នកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តឱ្យបានល្អប្រសើរ និងម៉ឺងម៉ាត់ចំពោះវិធានការរាជរដ្ឋាភិបាលស្តីអំពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ ២០២១ ជាលើកចុងក្រោយចំពោះយានយន្តឯកជនដែលជ្រកក្រោមស្លាកលេខ (ខ.ម) ដើម្បីឱ្យម្ចាស់ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធគយ។
ក្នុងលិខិតបន្តថា ចំពោះការអនុវត្តប្តូរចង្កូតពីស្តាំមកឆ្វេងនៃរថយន្តឯកជនជ្រកក្រោមស្លាកលេខ ខ.ម ត្រូវធ្វើឱ្យបានទាន់ពេលកំណត់យ៉ាងយូរត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២។
ក្នុងលិខិតបានគូសបញ្ជាក់ដែរថា ការចុះបញ្ជីអនុញ្ញាតឱ្យប្រើប្រាស់ស្លាកលេខ ខ.ម អាចដំណើរការបានតែចំពោះយានយន្តដែលរដ្ឋបំពាក់លេខដែលទទួលបានពីបណ្តាប្រទេសផ្ដល់ជំនួយយានយន្តជាអំណោយពីសប្បុរសជនដែលបានបំពេញកាតព្វកិច្ចពន្ធរួចរាល់ យានយន្តកម្មសិទ្ធិរបស់រដ្ឋដែលអស់ប្រសិទ្ធភាពប្រើប្រាស់ហើយត្រូវកែច្នៃរៀបចំឡើងសាជាថ្មី។ យានយន្តដែលទទួលបានពីការសម្រេចរបស់តុលាការ យានយន្តដែលនាយទាហានប្រើប្រាស់ធនធានផ្ទាល់ខ្លួនទិញដាក់បញ្ចូលប្រើប្រាស់ក្នុងក្របខ័ណ្ឌរដ្ឋដោយបានបំពេញកាតព្វកិច្ចបង់ពន្ធរួច។
ក្នុងលិខិតបន្តទៀតថា ចំពោះយានយន្តឯកជនដែលពាក់ស្លាកលេខ ខ.ម ហើយបានទៅបំពេញកាតព្វកិច្ចពន្ធ ក្រសួងការពារជាតិនឹងរក្សាទុកឱ្យប្រើប្រាស់ជាធម្មតា។ ប៉ុន្តែក្នុងករណីយានយន្តឯកជនពាក់ស្លាកលេខ ខ.ម មិនបានទៅបំពេញកាតព្វកិច្ចពន្ធ ក្រសួងការពារជាតិនឹងនិរាករណ៍ស្លាកលេខនោះដោយស្វ័យប្រវត្តិ។
ភ្នំពេញ ប៉ុស្តិ៍ មិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាត បាននៅឡើយទេកាលពីថ្ងៃទី ២១ ខែកញ្ញា។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI) បានថ្លែងថា ចំណាត់ការប្រមូលពន្ធ និងចំណាត់ការរបស់ក្រសួងសាមីបានបង្ហាញឱ្យឃើញថាមានរថយន្តឯកជនជាច្រើនកំពុងប្រើស្លាកលេខរដ្ឋ ដែលធ្វើឱ្យសាធារណជនភាន់ច្រឡំ ជាពិសេសបាត់បង់ចំណូលជាតិ។ យ៉ាងនេះក្តីលោកគាំទ្រចំពោះវិធានការនេះ និងជំរុញឱ្យមានការអនុវត្តបង់ពន្ធឱ្យស្មើភាពគ្នាចំពោះមុខច្បាប់។
លោកថា៖ «ការប្រមូលពន្ធ និងការហាមរថយន្តឯកជនមិនឱ្យពាក់ស្លាកលេខរដ្ឋជារឿងល្អ ប៉ុន្តែទាក់ទងការអនុវត្តវិញយើងត្រូវអនុវត្តដោយស្មើភាពគ្នា និងមិនមានការលើកលែង ឬយោគយល់ទេបើពុំនោះទេនៅតែមានករណីនេះកើតឡើងទៀត ខ្ញុំគិតថា បើយើងអនុវត្តច្បាប់តឹងរ៉ឹង គ្មានអ្នកណាហ៊ានធ្វើខុសទេ»។
លោកបន្តថា ទោះបីយ៉ាងណាម្ចាស់យានយន្តឯកជនដែលបំពាក់ស្លាក ខ.ម ហើយបានបង់ពន្ធរួចគួរប្តូរស្លាកលេខ ខ.ម នោះចេញ និងស្នើឱ្យគាត់ប្រើស្លាកលេខធម្មតា ដើម្បីចៀសវាងការភាន់ច្រឡំ។ លោកថា៖ «មានន័យថាអ្នកណាអត់មានសិទ្ធិប្រើប្រាស់ស្លាកលេខរដ្ឋគឺត្រូវដកសិទ្ធិនោះតែម្តងទោះបង់ពន្ធហើយ គួរប្រើស្លាកលេខឯកជន»។
សូមជម្រាបថា កាលពីថ្ងៃទី ៩ កញ្ញាឆ្នាំនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានដាក់ចេញគោលការណ៍ ៥ ចំណុច ដើម្បីប្រមូលពន្ធលើយានយន្តដែលគ្មានពន្ធ និងអាករនាំចូលស្របតាមច្បាប់ស្តីពីគយ និងបានណែនាំដល់ក្រសួងសាមីត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព។
ក្នុងនោះបានទុកឱសានវាទដល់ម្ចាស់យានយន្តឯកជនដែលជ្រកក្រោមស្លាកលេខផ្សេងៗ និងគ្មានពន្ធត្រូវទៅបង់ពន្ធឱ្យរួចរាល់នៅត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២។ បន្ទាប់ពីការកំណត់នេះយានយន្តដែលបង្ក្រាបបាននឹងតម្រូវឱ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យផងដែរ៕
វីដេអូ៖