ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តនៅតែបន្តជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដា២ អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
តាមរយៈសារលិខិតដើម្បីអបអរសាទរទិវាសន្តិភាពអន្តរជាតិថ្ងៃទី ២១ កញ្ញា ឆ្នាំ ២០២១ លោក ហ៊ុន សែន ថ្លែងថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យជាច្រើន ជាពិសេសស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល។ ពិភពលោកក៏កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច ជាសកលតាមរយៈការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ដោយសារការបង្អាក់លំហូរសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម។
លោកបានបន្តថា បន្ថែមលើវិបត្តិនៃជំងឺកូវីដ ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពសង្គមអន្តរជាតិ ការវិវឌ្ឍដ៏ស្មុគស្មាញមិនអាចប្រមាណទុកជាមុននៃស្ថានការណ៍ពិភពលោកបង្កឡើងដោយការប្រកួតប្រជែងរវាងមហាអំណាច ដើម្បីការពារផលប្រយោជន៍ និងរក្សាឥទ្ធិពល ទាំងនយោបាយ យោធា និងសេដ្ឋកិច្ចរបស់ខ្លួន បាននិងកំពុងគំរាមកំហែងដល់សុខសន្តិភាព និងស្ថិរភាពទាំងនៅក្នុងតំបន់ និងអន្តរជាតិ។ កម្ពុជាមិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាចអស់ទាំងនោះបានទេ។
ដោយទំនងសំដៅដល់ប្រទេសមហាអំណាចលោកខាងលិច លោក ហ៊ុន សែន ថ្លែងថា៖ «ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តនៅបន្តប្រើប្រាស់គ្រប់ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដា ២ អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
លោករំឭកដែរថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមិនភ្លេចទេនូវវិនាសកម្ម និងការឈឺចាប់ដែលបង្កឡើងដោយសង្គ្រាមដែលប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តបានដាក់បង្ខំមកលើកម្ពុជា។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «យើងក៏មិនបានឱ្យប្រទេសអស់ទាំងនោះ សងបំណុលសីលធម៌ ដែលពួកគេជំពាក់ ចំពោះប្រជាជនកម្ពុជាទេ។ តែយើងគ្រាន់តែប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួនជាម្ចាស់ទឹក ម្ចាស់ដី ការពារការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិតែប៉ុណ្ណោះ»។
លោកអះអាងថា កម្ពុជាប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងការគោរពគ្នា និងមានផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក។
លោក ហ៊ុន សែន រំឭកថា បទពិសោធ និងមេរៀនដ៏ជូរចត់ ដែលកម្ពុជាធ្លាប់ទទួលបានក្នុងដំណាក់កាលឆ្លងកាត់អស់រយៈជាង ២ ទសវត្សរ៍នៃសង្គ្រាម និងរបបខ្មែរក្រហម បានធ្វើឱ្យប្រជាជនកម្ពុជា ទាំងអស់គ្នាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព ដែលលោកចាត់ទុកជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោករំឭកទៀតថា៖ «អស់រយៈពេលជិត ២៣ ឆ្នាំហើយ ចាប់តាំងពីថ្ងៃទី ២៩ ធ្នូ ឆ្នាំ ១៩៩៨ ការបញ្ចប់សង្គ្រាមនៅលើទឹកដីមាតុភូមិកម្ពុជា ដោយនយោបាយឈ្នះឈ្នះរបស់ខ្ញុំព្រះករុណាខ្ញុំ បាននាំមកនូវសុខសន្តិភាពពេញលេញ និងការឯកភាពជាតិទាំងស្រុងពិតប្រាកដជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។
លោកចាត់ទុកថា រយៈពេលនេះបានផ្ដល់ឱកាសដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិឡើងវិញ ព្រមទាំងបោះជំហានយ៉ាងរឹងមាំលើមាគ៌ាអភិវឌ្ឍន៍ និងទទួលបានការរីកចម្រើនលើគ្រប់វិស័យ។
លោក ប៉ា ចន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២១ កញ្ញា ថានៅពេលមានការថ្លែងពីកង្វល់ ឬក្តីបារម្ភពីស្ថានភាពនៃការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាពីសហគមន៍អន្តរជាតិ ជាពិសេសពីសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិដទៃទៀត ដូចជាប្រទេសមួយចំនួននៅសហភាពអឺរ៉ុបជាដើម គេតែងតែឃើញមានការឆ្លើយតបពីរដ្ឋាភិបាលថា ជាការជ្រៀតជ្រែកផ្ទៃក្នុង។
លោកថ្លែងថា រឿងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមានលំអានទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ ដែលបានចែងច្បាស់អំពីការគោរពសិទ្ធិមនុស្ស និងចែងថា ប្រទេសកម្ពុជាកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ ការគោរពសិទ្ធិមនុស្សនេះក៏មានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញា និងអនុសញ្ញាដទៃទៀតដែរ ដែលកម្ពុជាបានចុះហត្ថលេខាទទួលស្គាល់។
លោក ចន្ទរឿន ថ្លែងថា៖ «ការលើកឡើងរបស់សហគមន៍អន្តរជាតិ ជាពិសេសគឺអតីតហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអំពីបញ្ហាការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជាហ្នឹង គឺជាការឈឺឆ្អាល ក៏ដូចជាការបំពេញនូវកាតព្វកិច្ចរបស់ពួកគេក្នុងនាមជាប្រទេស ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ និងជាដៃគូសហការជាមួយនឹងប្រទេសកម្ពុជា ដែលប្រកាន់គោលការណ៍នៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ថ្លែងថាប្រទេសមួយចំនួនអាចថា ប្រទេសលោកខាងលិច គឺនៅតែបង្កប់នូវរបៀបវារៈ នយោបាយ ដោយយកលេស ឬយកខែលសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យ ដើម្បីដាក់សម្ពាធផ្សេងៗមកលើប្រទេសខ្លះដើម្បីសម្រេចគោលបំណងនយោបាយរបស់ពួកគេ។
លោកថ្លែងថា៖ «ប្រសិនបើយើងធ្វើការប្រៀបធៀបស្ថានភាពដូចគ្នាហ្នឹង ពាក់ព័ន្ធ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ វាមិនមានតុល្យភាព ឬវាមិនមានភាពយុត្តិធម៌សម្រាប់ប្រទេសខ្លះធៀបជាមួយនឹងប្រទេសខ្លះ។ ពីព្រោះពួកប្រទេសទាំងអស់ហ្នឹង មហាអំណាចមួយចំនួននៅលោកខាងលិចហ្នឹង គេគិតគោលដៅផលប្រយោជន៍ ខាងនយោបាយ ខាងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរបស់គេ»៕