ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញពីការសិក្សាលើការគ្រប់គ្រងទឹក និងដី ដែលជាជម្រើសបច្ចេកទេសកសិកម្មវៃឆ្លាត ដើម្បីឆ្លើយតបនឹងបញ្ហាអាកាសធាតុ ហើយការអនុវត្តបច្ចេកទេសនេះ ជួយបង្កើនទិន្នផលស្រូវខ្ពស់ជាងស្រែដែលមិនបានអនុវត្តបច្ចេកទេសនេះ។
លោក វេង សាខុន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ១៨ កញ្ញាថា ស្រែបង្ហាញស្តីពីជម្រើសបច្ចេកទេសកសិកម្មវៃឆ្លាតនឹងអាកាសធាតុលើការគ្រប់គ្រងទឹក និងដី គឺជាប្រសិទ្ធភាពនៃបច្ចេកទេសវៃឆ្លាតនឹងអាកាសធាតុក្នុងការគ្រប់គ្រងទឹក និងដីលើដំណាំស្រូវ។ បច្ចេកទេសនេះគឺបានអនុវត្តនៅលើក្រុមដី ប្រទះឡាង ទួលសំរោង និងព្រៃខ្មែរនៅក្នុងខេត្តព្រៃវែង តាកែវ កំពង់ឆ្នាំង និងបាត់ដំបង ដោយធើ្វការដាំដុះពូជស្រូវផ្ការំដួលជាប្រភេទស្រូវកណ្តាល និងសែនពិដោរជាប្រភេទស្រូវស្រាល។
លោកបញ្ជាក់ថា៖ «គោលបំណងនៃការធ្វើស្រែបង្ហាញ គឺដើម្បីឱ្យកសិករចូលរួមធ្វើការផ្ទៀងផ្ទាត់អំពីប្រសិទ្ធភាពនៃបច្ចេកទេស (AWD) និងធ្វើការប្រៀបធៀបទិន្នផលលើស្រែដែលបានអនុវត្តបច្ចេកទេសពន្លិចឆ្លាស់ និងបង្គោកជាមួយនឹងស្រែដាំដុះតាមទម្លាប់ធម្មតា»។
នៅក្នុងដំណើរការធ្វើស្រែបង្ហាញនេះ នាយកដ្ឋានបង្ហាញលើការរៀបចំដី ការកៀរពង្រាបដីឱ្យស្មើល្អ ជម្រើសបច្ចេកទេសដាំដុះ ការគ្រប់គ្រងទឹក ការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងការវាស់កម្ពស់ទឹកក្នុងស្រែទាក់ទងនឹងកត្តាអាកាសធាតុប្រែប្រួលលើដំណាំ។ លើសពីនេះ ស្រែនៅតាមទីតាំងនីមួយៗក៏បានបង្ហាញអំពីការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុសក្នុងការបង្កើនគុណភាពដីកសិកម្ម និងរក្សាសំណើមដីដើម្បីទប់ទល់នឹងភាពរាំងស្ងួតផងដែរ។ នេះបើតាមការអះអាងរបស់លោក វេង សាខុន។
លោកបានពន្យល់ថា៖ «ការជ្រើសរើសទីតាំងអនុវត្តជម្រើសបច្ចេកទេសវៃឆ្លាតនឹងអាកាសធាតុ គឺជាភាពចាំបាច់ស្របទៅតាមទីតាំងភូមិសាស្ត្រនីមួយៗដែលស្ថិតនៅក្នុងតំបន់ងាយរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុ ហើយតំបន់នោះបានរងផលប៉ះពាល់មានដូចជា រាំងស្ងួត ទឹកជំនន់ និងសត្វល្អិតបំផ្លាញជាដើម»។
ជាច្រើនឆ្នាំមកហើយ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មបានអនុវត្តតួនាទី និងភារកិច្ចស្នូលយ៉ាងខ្ជាប់ខ្ជួន ដោយយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹងសមត្ថភាពអ្នកពាក់ព័ន្ធ និងប្រជាកសិករលើការងារគ្រប់គ្រងទឹក និងដី ឆ្លើយតបទៅនឹងបរិបទនៃការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា និងពិភពលោក។
នាយកដ្ឋាននេះបានដាក់ចេញនូវការសិក្សាស្តីពីជម្រើសបច្ចេកទេសកសិកម្មវៃឆ្លាតនឹងអាកាសធាតុលើការគ្រប់គ្រងទឹក និងដី ដោយបានរៀបចំស្រែបង្ហាញនៅលើស្រែកសិករ តាមរយៈការអនុវត្តបច្ចេកទេសពន្លិចឆ្លាស់ និងបង្គោក (Alternate Wetting and Drying AWD) លើដំណាំស្រូវនៅតំបន់ងាយរងគ្រោះដោយសារ ការប្រែប្រួលអាកាសធាតុ។
លោក សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មបាននិយាយថា បច្ចេកទេសនេះរួមចំណែកបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងអាចកាត់បន្ថយតម្រូវការប្រើប្រាស់បរិមាណទឹកពី ១៦ ភាគរយដល់ ៣៥ ភាគរយ ដោយពុំមានការថយចុះទិន្នផលព្រមទាំងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីដំណាំស្រូវដូចជា មេតាន (CH4-) ប្រមាណពី ៣០%-៤៨% ផងដែរ (IRRI Knowledge Bank)។
លោកបន្តថា៖ «តាមរយៈការអនុវត្តផ្ទាល់លើស្រែកសិករជាទូទៅ ការប្រមូលផលគឺទទួលបានទិន្នផលចាប់ពី ២,៧៥ ដល់ ៤,៧០ តោនក្នុង ១ ហិកតា ទៅតាមប្រភេទដីខុសៗគ្នា ហើយទិន្នផលមធ្យម ៣,៥៩ តោន/ហិកតា។ ការកត់សម្គាល់ជារួមដោយធ្វើការប្រៀបធៀបទិន្នផលស្រូវបានបង្ហាញថា ការអនុវត្តបច្ចេកទេស AWD បានជួយបង្កើនទិន្នផលស្រូវក្នុងបរិមាណពី ១៥០ ដល់ ៣៥០ គ. ក្រ/ហ.ត បើប្រៀបធៀបជាមួយនឹងស្រែកសិករដែលមិនបានអនុវត្តបច្ចេកទេសនេះ»។
លោកថ្លែងថា លទ្ធផលនៃការសិក្សាអំពីបច្ចេកទេស AWD នេះគឺជាការសិក្សាវាយតម្លៃជំហានដំបូងបង្អស់ក្នុងប្រទេសកម្ពុជា ដែលជួយដល់ការសន្សំសំចៃទឹកដោយមិនបណ្តាលឱ្យបាត់បង់ទិន្នផលស្រូវ ហើយវាមិនត្រឹមតែឆ្លើយតបនឹងគោលបំណងនេះទេ ថែមទាំងបានបង្កើនទិន្នផលដំណាំមួយកម្រិតទៀត៕