ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន និងយូនីសេហ្វ បានប្រគល់បរិក្ខារចាំបាច់សំខាន់ៗ ដល់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីឱ្យវ៉ាក់សាំងមានប្រសិទ្ធភាព ហើយធានាឱ្យការផ្តល់វ៉ាក់សាំង និងថ្នាំបង្ការជំងឺនេះជាប្រចាំ នៅក្នុងប្រទេសមានដំណើរការកាន់តែប្រសើរនៅក្នុងរយៈពេលវែង។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា រួមជាមួយអង្គការយូនីសេហ្វ បានឱ្យដឹងថា បរិក្ខារទាំងនោះសម្រាប់ពង្រឹងការគ្រប់គ្រងប្រព័ន្ធត្រជាក់ ដែលប្រើប្រាស់សម្រាប់វ៉ាក់សាំងកូវីដ ១៩ ត្រូវបានប្រគល់នៅក្នុងពិធីមួយដែលរៀបចំធ្វើឡើងនៅឃ្លាំងឱសថកណ្ដាល ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ២០ កញ្ញា។ បរិក្ខារទាំងនោះ រួមមានទូក្លាស្សេវ៉ាក់សាំងចំនួន ២១ គ្រឿង ម៉ាស៊ីនកំណត់កម្លាំងវ៉ុលអគ្គិសនី ២១ គ្រឿង និងឧបករណ៍សម្គាល់ទូក្លាស្សេសម្រាប់ពិនិត្យតាមដានសីតុណ្ហភាព ២៧១ គ្រឿងដែលបានទទួលថវិកាគាំទ្រពីរាជរដ្ឋាភិបាលជប៉ុន និងការគាំទ្រផ្នែកលទ្ធកម្មពីយូនីសេហ្វ។
សេចក្តីប្រកាសបានបញ្ជាក់ថា៖ «វត្តមាននៃបរិក្ខារប្រព័ន្ធត្រជាក់ដែលដំណើរការល្អនៅទូទាំងប្រទេសកម្ពុជានឹងធានាឱ្យមានការរក្សាទុកវ៉ាក់សាំងកូវីដ ១៩ បានល្អ និងឱ្យការផ្តល់វ៉ាក់សាំង និងថ្នាំបង្ការជាប្រចាំ នៅក្នុងប្រទេសនេះមានដំណើរការកាន់តែប្រសើរនៅក្នុងរយៈពេលវែង»។
គិតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់វ៉ាក់សាំងជូនពលរដ្ឋអាយុចាប់ពី ១២ ឆ្នាំឡើងទៅប្រមាណ ១១,៥ លាននាក់ ស្មើនឹងប្រហែល ៩៥% នៃក្រុមប្រជាជនគោលដៅ។ លទ្ធផលនេះធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋច្រើនជាងគេនៅក្នុងតំបន់អាស៊ាន និងនៅក្នុងសកលលោកដែលនេះជាសមិទ្ធផល១ដ៏អស្ចារ្យ។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន។ ការផ្ដល់ជំនួយទាន់ពេលវេលាជាបរិក្ខារប្រព័ន្ធត្រជាក់បន្ថែមពីរាជរដ្ឋាភិបាលជប៉ុន គឺជួយពន្លឿនកិច្ចខិតខំប្រឹងប្រែងនេះបន្ថែមទៀត ព្រោះថា បរិក្ខារទាំងនេះនឹងធានាថា ការចែកចាយវ៉ាក់សាំងកូវីដ ១៩ នាពេលបច្ចុប្បន្ននេះនឹងមិនទទួលសម្ពាធខ្លាំងពេកលើសមត្ថភាពបច្ចុប្បន្ន និងមិនបង្កការរំខានដល់សេវាផ្តល់ថ្នាំបង្ការជាប្រចាំ ជាពិសេសការផ្តល់ថ្នាំបង្ការដល់កុមារឡើយ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជាបានថ្លែងថា ដើម្បីឱ្យវ៉ាក់សាំងមានប្រសិទ្ធភាព គេត្រូវរក្សាទុកវានៅសីតុណ្ហភាពសមស្រប ដែលនេះគឺជាមុខងាររបស់ឧបករណ៍ទាំងនេះអាចធ្វើបាន។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ថា៖ «យើងមានទំនុកចិត្តយ៉ាងមុតមាំថា ការរួមចំណែករបស់យើងនឹងផ្តល់នូវកម្លាំងវិជ្ជមាន ដើម្បីជួយពន្លឿនវឌ្ឍនភាពគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកការស្តារឡើងវិញដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានកន្លងមក។ មិត្តភាពរបស់យើងជាមួយនឹងពលរដ្ឋកម្ពុជាគឺជាមិត្តភាពដ៏សែនជ្រាលជ្រៅ ហើយយើងសង្ឃឹមថា ការគាំទ្រនេះនឹងជួយឱ្យមិត្តភាពរបស់យើងឈានទៅមុខមួយជំហានទៀត»។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាងយូនីសេហ្វប្រចាំកម្ពុជាបានថ្លែងថា ពលរដ្ឋជប៉ុនគឺជាមិត្តដ៏អស្ចារ្យរបស់ពលរដ្ឋកម្ពុជានៅក្នុងអំឡុងពេលនៃវិបត្តិនេះ ហើយនេះគឺជាការគាំទ្រដ៏សំខាន់ និងចាំបាច់មួយទៀតដែលពលរដ្ឋជប៉ុនបានផ្ដល់ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដ៏គួរឱ្យស្ញប់ស្ញែងក្នុងការឆ្លើយតបចំពោះការរាតត្បាតជាសកលនេះ។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ ក្នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេតែមួយគត់នៅក្នុងពិភពលោក លោកស្រី ថ្លែងថា យូនីសេហ្វគឺជាស្ថាប័នដឹកនាំការងារលទ្ធកម្ម និងផ្គត់ផ្គង់សម្រាប់យន្តការកូវ៉ាក់។ នៅកម្ពុជា យូនីសេហ្វ និងអង្គការសុខភាពពិភពលោកបានចំណាយពេល ៣ ទសវត្សរ៍ បំពេញតួនាទីជាស្ថាប័នដឹកនាំផ្នែកបច្ចេកទេស ដើម្បីគាំទ្រក្រសួងសុខាភិបាលក្នុងការពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដែលផ្តល់ប្រយោជន៍ដល់កុមាររាប់លាននាក់ជារៀងរាល់ឆ្នាំ។
លោកស្រីបានបញ្ជាក់ថា៖ «ការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុន បំពេញតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យកម្មវិធីផ្តល់វ៉ាក់សាំងកូវីដ ១៩ របស់ប្រទេសកម្ពុជាទទួលបានជោគជ័យ រួមចំណែកដល់ការអនុវត្តផែនការស្តារឡើងវិញរបស់ប្រទេសនេះ និងបន្តពង្រឹងសមត្ថភាពផ្ដល់ថ្នាំបង្ការ»។
សូមជម្រាបថា ការគាំទ្រនេះគឺជាផ្នែកមួយនៃជំនួយឆ្លើយតបចំពោះស្ថានភាពបន្ទាន់ពីរាជរដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់សរុបចំនួន ៣៦,៩ លានដុល្លារដល់ការិយាល័យយូនីសេហ្វប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក សម្រាប់គាំទ្រដល់ប្រទេសចំនួន ១២ ក្នុងការបង្កើនសមត្ថភាពនៃប្រព័ន្ធត្រជាក់របស់ខ្លួន។
ថវិកាចំនួន ៩០៧ ៥៨៨ ដុល្លារ ត្រូវបានវិភាជន៍សម្រាប់ប្រទេសកម្ពុជា។ បន្ថែមលើបរិក្ខារប្រព័ន្ធត្រជាក់ ប្រទេសជប៉ុនក៏កំពុងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងសមត្ថភាពនៃប្រព័ន្ធសុខាភិបាលក្នុងការគ្រប់គ្រង និងថែទាំបរិក្ខារទាំងនេះ ក៏ដូចជាជួយរៀបចំដំណើរការគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់ឱ្យកាន់តែប្រសើរនៅគ្រប់កម្រិតផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានដដែលនោះ៕