ភ្នំពេញៈ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា កម្លាំងនគរបាលប្រមាណជិត ២ ០០០ នាក់ប្រើសម្រាប់ដាក់ពង្រាយការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងរាជធានីភ្នំពេញ អំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលចាប់ផ្តើមពីថ្ងៃទី ២២ ខែកញ្ញា រួមទាំងវិធានសុខាភិបាលបង្ការការឆ្លងជំងឺកូវីដ ១៩។
នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី ២០ ខែកញ្ញា លោក ស ថេត បានលើកឡើងថា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈត្រូវតែធ្វើការពង្រឹងឱ្យបានហ្មត់ចត់ក្នុងពិធីបុណ្យនេះ ជាពិសេសការអនុវត្តឱ្យបានម៉ឺងម៉ាត់ទាក់ទងនឹងវិធានការការពារជំងឺកូវីដ ១៩។
លោកថ្លែងថា៖ «បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជធានីភ្នំពេញនឹងប្រើប្រាស់កម្លាំងសមត្ថកិច្ចជិត ២ ០០០ នាក់ ដោយឈរជើងនៅតាមចំណុចសំខាន់ៗមួយចំនួន ពិសេសនៅតាមវត្តអារាមទាំងអស់ ដែលមានចំនួនជាង ១៥០ វត្តក្នុងរាជធានីភ្នំពេញ និងនៅតាមច្រកចេញចូលក្នុងទីក្រុង ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋក្នុងពេលគាត់ធ្វើដំណើរទៅវត្តអារាមនានា»។
លោក ស ថេត ក៏បានបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌទាំងអស់ត្រូវចុះការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងមានជំនឿទុកចិត្តមកលើសមត្ថកិច្ច។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានជំរុញឱ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំងអស់ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ដោយជំរុញឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យ និងតាមដាននូវការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យនេះផងដែរ ដើម្បីទទួលបាននូវសន្តិសុខ សុវត្ថិភាពល្អ និងមិនមានហានិភ័យពីការឆ្លងជំងឺកូវីដ ១៩។
លោកថ្លែងថា៖ «ចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលមានតួនាទីអនុវត្តការងារក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនេះត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះការឆ្លងជំងឺកូវីដ ១៩ ត្រូវចេះការពារខ្លួនឯង បើទោះបីមានបទពិសោធនាពេលកន្លងមកហើយក្តី»។
ក្នុងកិច្ចប្រជុំនោះលោកអភិបាលក្រុងក៏បានណែនាំឱ្យប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវកោះប្រជុំជាមួយគណៈកម្មការអាចារ្យវត្តទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់ ក្នុងការរៀបចំវត្តអារាមធ្វើយ៉ាងណាមិនឱ្យមានហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ នៅក្នុងពិធីបុណ្យនេះ។
លោក ស្រេង ថ្លែងថា៖ «តាមវត្តនីមួយៗនៅតាមខ្លោងទ្វារវត្តត្រូវបាញ់អាល់កុល និងវាស់កម្ដៅ»។
លោកបានឱ្យដឹងថា ក្រោយការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅរាជធានីភ្នំពេញ និងបច្ចុប្បន្នកំពុងចាក់វ៉ាក់សាំងជូនកុមារអាយុពី ៦ ឆ្នាំដល់ក្រោម ១២ ឆ្នាំនេះ ការឆ្លងជំងឺនេះហាក់មានការថយចុះយ៉ាងខ្លាំង។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នដោយសារការឆ្លងនៃវីរុសកូវីដ ១៩ មានការហក់ឡើងវិញនៅតាមខេត្ត និងតំបន់មួយចំនួនផងដែរ។
លោកស្រីថ្លែងថា៖ «ក្តីបារម្ភរបស់យើងនៅតែមានដោយសារតាមបទពិសោធហើយនិងស្ថានភាពដែលយើងសម្គាល់ឃើញក្នុងរយៈពេលកន្លងមកនេះឃើញថា ការឆ្លងខ្លាំងគឺកើតចេញមកពីការប្រមូលផ្តុំ ឬការជួបជុំគ្នានេះឯង»។
លោកស្រីថ្លែងថា៖ «យើងមិនត្រូវធ្វើឱ្យទីកន្លែងដែលមានការជួបជុំដើម្បីប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃដែលគង់នៅតាមទីវត្តអារាមនានានេះ ក្លាយជាកន្លែងមួយដែលផ្ទុះចេញនូវការចម្លងវីរុសកូវីដ ១៩ នោះទេ»។
វិធានការ៣ការពារ និង៣កុំ គឺត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវ និងជាប់ជាប្រចាំ នៅតាមបណ្តាវត្តនានា ត្រូវតែមានការពិនិត្យ និងពាក់ម៉ាស់ត្រឹមត្រូវ កន្លែងលាងដៃ ឬអាល់កុល និងត្រូវមានការវាស់កម្ដៅសម្រាប់អ្នកដែលចូលមកក្នុងវត្តផងដែរ៕
វីដេអូ៖