ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តរៀបចំកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ ការស្វែងយល់ពីស្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ត នៅថ្ងៃទី ៣០ ខែកញ្ញា ដើម្បីឱ្យពលរដ្ឋមានចម្ងល់អាចចោទសួរ និងទទួលបានព័ត៌មានលម្អិតពីក្រសួង។
លោក ហ៊ាង សុទ្ធាយុទ្ធ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ កញ្ញា ថា កម្មវិធីលើកទី២ នេះ នឹងត្រូវចូលរួមពីវាគ្មិនកិត្តិយស លោកស្រី កុយ សុដានី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត។ កម្មវិធីនេះ ត្រូវបានអនុញ្ញាតឱ្យប្រជាពលរដ្ឋ គ្រប់រូបអាចធ្វើការសួរសំណួរ ដោយទម្លាក់ចូលក្នុងខមមិន (Comment) ដើម្បីឱ្យលោកស្រីវាគ្មិនឆ្លើយតបជូនក្នុងកម្មវិធីផ្សាយផ្ទាល់។
លោកថ្លែងថា៖ «កម្មវិធីនេះត្រូវបានបង្កើតឡើង ដើម្បីធ្វើការផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ និងបណ្តាសារព័ត៌មាន លើកជាសំណួរជុំវិញវឌ្ឍនភាពការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលត្រូវគ្នានឹងប្រធានបទនៃវគ្គនីមួយៗ»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២២ កញ្ញាថា នេះគឺជារឿងល្អមួយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីឱ្យមានប្រជាពលរដ្ឋអាចចោទសួរ និងឆ្លងឆ្លើយរវាងមន្ត្រីអ្នកផ្តល់សេវា និងប្រជាពលរដ្ឋអ្នកទទួលសេវាសាធារណៈ តាមរយៈប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម។
លោកថា ការឡាយតាមហ្វេសប៊ុកនេះ វាកាន់តែល្អ ព្រោះអាចឆ្លើយសំណួររបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង បើសិនជាក្រសួងផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋផ្តល់មតិទាក់ទងនឹងសេវា ដោយមិនមានការដាក់កំហិត ឬក៏មិនមានការព្រួយបារម្ភ បន្ទាប់ពីការសួររួច។ នេះបង្ហាញពីបញ្ហាពិតដែលបានកើតឡើងដល់ថ្នាក់ដឹកនាំដែលក្រសួងផ្សេងៗ គួរយកគំរូតាម។
លោកថ្លែងថា៖ «ខ្ញុំគិតថា នេះគឺជាការជំរុញឱ្យមានតម្លាភាព និងការទទួលបានព័ត៌មានពីក្រសួង។ ខ្ញុំឃើញឯកឧត្តមទេសរដ្ឋមន្ត្រី [ស៊ុន ចាន់ថុល] គាត់ច្រើនតែដឹកមុខគេ លើការជំរុញបញ្ហានេះ។ មួយទៀត បើក្រសួងដទៃធ្វើដូចគ្នានេះបានទៀត វាកាន់តែបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលដល់សេវារបស់គាត់»។
កម្មម្មវិធី MPWT Live Show លើកទី១ ត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី ៣០ សីហា ឆ្នាំ ២០២១ ក្រោមប្រធានបទ «វឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន» ដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើជាវាគ្មិន ដើម្បីបង្ហាញជូនអំពីវឌ្ឍនភាពសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាលលើការងារស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ទៅកាន់ប្រជាពលរដ្ឋ។
កម្មវិធី MPWT Live Show បង្កើតឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ និងសម្បូរបែបជូនប្រជាពលរដ្ឋអំពីបេសកកម្ម ចក្ខុវិស័យ កិច្ចខិតខំប្រឹងប្រែង សមិទ្ធផល និងវឌ្ឍនភាពការងាររបស់ក្រសួង ផ្សារភ្ជាប់ទំនាក់ទំនង រវាងថ្នាក់ដឹកនាំក្រសួងជាមួយបងប្អូនប្រជាពលរដ្ឋ និងឆ្លើយតបរាល់ចម្ងល់នានារបស់សាធារណជនពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន ផងដែរ។
ឆ្លើយតបទៅនឹងសំណួររបស់ពលរដ្ឋ ពាក់ព័ន្ធនឹងផ្លូវថ្នល់ វឌ្ឍនភាពការងារផ្លូវជាតិមួយចំនួន ផ្លូវក្នុងក្រុង បច្ចេកទេសផ្លូវថ្នល់ជាដើម លោក ស៊ុន ចាន់ថុល បានបញ្ជាក់អំពីសារៈសំខាន់ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានការរីកចម្រើន ជាពិសេស ការធ្វើសមាហរណកម្មផ្ទៃប្រទេស ការដឹកជញ្ជូនទំនិញ និងទេសចរណ៍ជាដើម៕
វីដេអូ៖