ភ្នំពេញៈ ក្រសួងសុខាភិបាលនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ប្រភេទស៊ីណូវ៉ាក់ដូសជំរុញដល់ពលរដ្ឋដែលមានអាយុពី ១៨ ឆ្នាំឡើង ដែលបានចាក់ដូសទី២ រួចហើយមានគម្លាតចាប់ពី ៤ ខែឡើងទៅនឹងចាប់ផ្តើមពីថ្ងៃទី ១១ ខែតុលាខាងមុខនេះ ដោយដំណើរការពីរាជធានីភ្នំពេញមុនគេ និងបន្តទៅតាមបណ្តាខេត្តជាបន្តបន្ទាប់ទៀតនៅទូទាំងប្រទេស។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានចេញសេចក្តីជូនព័ត៌មានកាលពីថ្ងៃទី ២១ កញ្ញាថា ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសជំរុញដល់ក្រុមគោលដៅនឹងធ្វើនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយចាប់ពីថ្ងៃទី ១១ ខែតុលា រហូតដល់ថ្ងៃទី ១០ ខែវិច្ឆិកា។
លោកស្រីបានបញ្ជាក់ថា៖ «សម្រាប់នៅរាជធានីភ្នំពេញក្នុងខណ្ឌទាំង ១៤ នឹងចាប់ផ្តើមពីថ្ងៃទី ១១ ខែតុលា រហូតដល់ថ្ងៃទី ៣០ ខែតុលា ឯខេត្តកណ្តាលនឹងចាប់ផ្តើមចាក់នៅគ្រប់ក្រុងស្រុកពីថ្ងៃទី ៣០ ខែតុលា ខេត្តព្រះសីហនុ (គ្រប់ក្រុងស្រុក) ចាប់ផ្តើមថ្ងៃទី ៨ ខែវិច្ឆិកា និងខេត្តកោះកុងនឹងចាប់ផ្តើមនៅថ្ងៃទី ១០ ខែវិច្ឆិកា នៅគ្រប់ក្រុងស្រុកដូចគ្នា»។
លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា ចំពោះពលរដ្ឋដែលកំពុងរស់នៅតាមបណ្តាគ្រប់ក្រុងស្រុកនៃខេត្តកំពង់ស្ពឺ និងរស់នៅតាមបណ្តាក្រុងស្រុកនៃខេត្តផ្សេងៗទៀតដែលត្រូវបានចាក់វ៉ាក់សាំងកូវីដ ១៩ រួចហើយមានគម្លាតចាប់ពី ៤ ខែ បន្ទាប់ពីចាក់ដូសទី២ ឬគ្រប់ដូសត្រូវមកចាក់វ៉ាក់សាំងនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលរដ្ឋបាលខេត្តទាំង ២១ នេះនឹងជូនដំណឹងពីទីតាំងដែលត្រូវចាក់ផងដែរ។
ប្រធាន (គ.វ.ក-១៩) រូបនេះបានបញ្ជាក់ថា សម្រាប់ក្រុងស្រុកទាំង ៨ នៃខេត្តកំពង់ស្ពឺ និងស្រុកចំនួន ៣ នៃខេត្តតាកែវនឹងចាប់ផ្តើមពីថ្ងៃទី ១៣ ខែវិច្ឆិកា ឯក្រុងដូនកែវ ខេត្តតាកែវ ចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា។ ចំណែកស្រុកមួយចំនួននៃខេត្តកំពង់ចាម ត្បូងឃុំ ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ នឹងចាក់វ៉ាក់សាំងដូសជំរុញពីថ្ងៃទី ២២ ខែវិច្ឆិកា។ រីឯក្រុងស្រុកមួយចំនួននៃខេត្តទាំងនេះដែលនៅសេសសល់នឹងចាក់នៅថ្ងៃទី ២ ខែធ្នូ។
សម្រាប់ខេត្តប៉ែលិន និងខេត្តព្រៃវែងនឹងចាក់នៅថ្ងៃទី ២៩ ខែវិច្ឆិកា ចំណែកឯខេត្តចំនួន ១១ ផ្សេងទៀត រួមមាន ខេត្តសៀមរាប បាត់ដំបង ឧត្តរមានជ័យ កំពង់ធំ ក្រចេះ កំពត កែបរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តមណ្ឌលគិរី នឹងចាប់ផ្តើមចាក់នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១។
លោកស្រី ឱ វណ្ណឌីន ក៏បានលើកឡើងផងដែរថា សម្រាប់ក្រុមគោលដៅនៅតាមបណ្ដាស្រុកដែលនៅសេសសល់ក្នុងខេត្តចំនួន ១៨ រួមមាន ខេត្តតាកែវ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង រតនគិរី ស្ទឹងត្រែង ព្រះវិហារ ពោធិ៍សាត់ សៀមរាប ឧត្តរមានជ័យ កំពង់ធំ កំពត មណ្ឌលគិរី ព្រៃវែង បន្ទាយមានជ័យ បាត់ដំបង ក្រចេះ និងខេត្តត្បូងឃ្មុំ ដែលត្រូវចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញនេះដែរនោះនឹងចាប់ផ្តើមចាក់នៅថ្ងៃទី ៦ ខែធ្នូ លើកលែងតែខេត្តរតនគិរីដែលត្រូវចាក់នៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១។
ចំពោះអ្នកដែលត្រូវចាក់វ៉ាក់សាំងដូសជំរុញក្នុងអំឡុងពេលនេះត្រូវភ្ជាប់មកជាមួយនូវបណ្ណចាក់វ៉ាក់សាំងកូវីដ ១៩ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី១។
ទន្ទឹមនឹងនេះដែរ លោកស្រី ឱ វណ្ណឌីន បានបន្តរំឭកទៅដល់ពលរដ្ឋថា៖ «ទោះបីជាបុគ្គលម្នាក់ៗបានទទួលការចាក់វ៉ាក់សាំងរួចរាល់ ឬចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ រួចហើយក្តី ក៏ត្រូវតែបន្តអនុវត្តនូវវិធានការ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាលជាប់ជាប្រចាំដូចជា បន្តរួមគ្នាអនុវត្តតាមយុទ្ធនាការជាតិរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ ដើម្បីចូលរួមទប់ស្កាត់ការចម្លងនៅក្នុងសហគមន៍នៃប្រទេសកម្ពុជា»។
ទាក់ទងនឹងការចាក់ដូសទី៣ ឬដូសជំរុញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានស្នើឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសកំណត់យកនូវស្តង់ដាមួយថា «បើចាក់វ៉ាក់សាំងដូសទី១ ទី២ ហើយ ត្រូវតែមានដូសទី៣»។
លោក ហ៊ុន សែន បានលើកឡើងដូចនេះកាលពីថ្ងៃទី ១៧ ខែកញ្ញានាពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដល់កុមារអាយុ ៦ ឆ្នាំដល់ក្រោម ១២ ឆ្នាំ និងយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី៣ ឬដូសជំរុញ។
លោកមានប្រសាសន៍ថា៖ «យើងត្រូវយកស្តង់ដានេះ បើមិនដូច្នេះទេវានឹងមិនមានភាពស៊ាំនៅក្នុងសហគមន៍»។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២១ ខែកញ្ញា ពលរដ្ឋអាយុពី ១៨ ឆ្នាំឡើងជាង ៩,៨ លាននាក់ ឬស្មើនឹង ៩៨,៣៣ ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់។
ចំណែកការចាក់វ៉ាក់សាំងលើយុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ មានចំនួនជាង ១,៧ លាននាក់ ឬស្មើនឹង ៨៨,១៦ ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅជិត ២ លាននាក់ និងលើកុមារអាយុពី ៦ ឆ្នាំដល់ក្រោម ១២ ឆ្នាំ ចាក់បានជាង ៧០ ម៉ឺននាក់ ឬស្មើទៅនឹង ៣៧,៣៤ ភាគរយ បើធៀបជាមួយនឹងប្រជាជនគោលដៅចំនួនជាង ១,៨ លាននាក់៕
វីដេអូ៖