ភ្នំពេញៈ យូនីសេហ្វបានចេញរបាយការណ៍សកលដោយអំពាវនាវឱ្យមានការបង្កើនថវិកាជាតិសម្រាប់ពង្រីកវិសាលភាពនៃកម្មវិធីអាហារូបត្ថម្ភសម្រាប់កុមារ ដោយលើកឡើងថាមានតែ ៤០ ភាគរយនៃកុមារកម្ពុជាដែលមានអាយុ ៦ ខែ ទៅក្រោម ២ ឆ្នាំប៉ុណ្ណោះដែលបានទទួលក្រុមអាហារក្នុងកម្រិតអប្បបរមា។
របាយការណ៍សកលនេះចេញផ្សាយកាលពីថ្ងៃទី ២២ ខែកញ្ញា បញ្ជាក់ថា របបអាហាររបស់កុមារលើពិភពលោកនៅមិនមានភាពប្រសើរឡើងនោះទេ នៅទសវត្សរ៍ចុងក្រោយនេះ ហើយកុមារនឹងអាចកាន់តែដុនដាបថែមទៀតនៅក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ ១៩ ដែលអាចបង្កអន្តរាយដល់ការលូតលាស់របស់កុមារ។
ក្នុងការវិភាគដែលធ្វើឡើងក្នុងប្រទេសចំនួន ៩១ របាយការណ៍នេះ បានរកឃើញថា ពាក់កណ្តាលនៃកុមារអាយុចាប់ពី ៦ ទៅ ២៣ ខែប៉ុណ្ណោះ ដែលបានទទួលនូវរបបអាហារក្នុងកម្រិតអប្បបរមាស្របតាមការណែនាំក្នុង ១ ថ្ងៃៗ ខណៈដែលកុមារ ១ ភាគ ៣ ប៉ុណ្ណោះដែលបានទទួលនូវក្រុមអាហារក្នុងកម្រិតអប្បបរមា ដើម្បីប្រឹងប្រែងនឹងលូតលាស់។
យូនីសេហ្វបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ២២ ខែកញ្ញា ថា៖ «ចំពោះប្រទេសកម្ពុជាយោងទៅតាមរបាយការណ៍សកលមានតែ ៤០% នៃកុមារដែលមានអាយុ ៦ ទៅ ២៣ ខែប៉ុណ្ណោះដែលបានទទួលក្រុមអាហារក្នុងកម្រិតអប្បបរមា ប៉ុន្តែជិត ២ ភាគ ៣ នៃកុមារទាំងនេះមកពីក្រុមដែលស្ថិតនៅបញ្ចភាគខាងលើគេ»។
ខណៈដែលជំងឺកូវីដ ១៩ កំពុងបន្តធ្វើឱ្យរអាក់រអួលដល់សេវាសំខាន់ៗ និងរុញច្រានប្រជាពលរដ្ឋជាច្រើនគ្រួសារនៅបណ្តាប្រទេសជាច្រើនបន្ថែមទៀតឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ របាយការណ៍សកលនេះបានរកឃើញថា ការឆ្លងរាតត្បាតនៃជំងឺនេះកំពុងតែបង្កផលប៉ះពាល់ដល់របៀបផ្តល់អាហារដល់កូនៗរបស់គ្រួសារទាំងនោះ។
ក្នុងចំណោមឧទាហរណ៍នៃបណ្តាប្រទេសជាច្រើន ការអង្កេតស្រាវជ្រាវមួយនៅកម្ពុជា ដែលបានធ្វើឡើងដោយយូនីសេហ្វ កម្មវិធីស្បៀងអាហារពិភពលោក និងដៃគូផ្សេងទៀត ចាប់ពីខែសីហា ឆ្នាំ ២០២០ ដល់ខែកក្កដា ឆ្នាំ ២០២១ បានរកឃើញថា ចំនួនចន្លោះពី ៤០% ទៅ ៥០% នៃគ្រួសារទាំងនោះមានបញ្ហាចំណូលថយចុះ ដែលនាំឱ្យពួកគេត្រូវប្រើប្រាស់យុទ្ធសាស្ត្រទប់ទល់កាន់តែច្រើនជាងមុនជុំវិញការបរិភោគអាហារ ដែលបង្កផលប៉ះពាល់ដល់គុណភាពនៃរបបអាហាររបស់ពួកគេ។
ទិន្នន័យពីខែកក្កដា ឆ្នាំ ២០២១ នៃការអង្កេតស្រាវជ្រាវនេះបានបង្ហាញថា មានកុមារកម្ពុជាអាយុក្រោម ៥ ឆ្នាំ ត្រឹមតែ ៣៥% ប៉ុណ្ណោះដែលបានទទួលទានអាហារក្នុងកម្រិតដែលអាចទទួលយកបានជាអប្បបរមា។
យូនីសេហ្វប៉ាន់ប្រមាណថានៅកម្ពុជាកុមារម្នាក់ក្នុងចំណោម ៣ នាក់ក្រិសក្រិន និងម្នាក់ក្នុងចំណោម ១០ នាក់ស្គមស្គាំង។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាងយូនីសេហ្វប្រចាំកម្ពុជាបានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ២២ ខែកញ្ញា ថា តាងនាមឱ្យទីភ្នាក់ងារសហប្រជាជាតិនានាដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា លោកស្រីវាយតម្លៃខ្ពស់ដល់សកម្មភាពពង្រីកការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីកាត់បន្ថយទុក្ខលំបាកជាពិសេសលើវិស័យគាំពារមាតា និងអាហារូបត្ថម្ភរបស់កុមារ។
លោកស្រីថ្លែងថា៖ «នាពេលបច្ចុប្បន្ននេះ យើងត្រូវតែវិនិយោគដើម្បីបន្តផ្តល់ការគាំទ្រដល់រយៈពេល ១ ០០០ ថ្ងៃដំបូងរបស់ទារក ដែលជារយៈពេលដ៏សំខាន់បំផុតនៃជីវិតរបស់ពួកគេ។ ការវិនិយោគទាំងនេះក៏រួមចំណែកបង្កើនកម្រិតការអប់រំ និងផលិតភាពរបស់កុមារម្នាក់ៗសម្រាប់អនាគតនៃជីវិតរបស់ពួកគេផងដែរ។ ឥឡូវនេះគឺជាពេលសំខាន់ជាងពេលណាៗទាំងអស់ ដែលចាំបាច់ត្រូវបង្កើនថវិកាជាតិសម្រាប់ពង្រីកវិសាលភាពនៃកម្មវិធីអាហារូបត្ថម្ភ»។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ បន្តថា៖ «តាមរយៈការសហការជាមួយនឹងដៃគូបច្ចុប្បន្នរបស់យើង យើងនឹងគាំទ្រដល់ការពន្លឿនអនុវត្តផែនការជាតិបច្ចុប្បន្ន ដូចជា យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ គោលនយោបាយ និងផែនការសកម្មភាពជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ផែនទីបង្ហាញផ្លូវស្តីពី GAP និងផែនទីបង្ហាញផ្លូវដែលត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះ ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀង»។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃទី ២២ ខែកញ្ញាថា បច្ចុប្បន្ន រដ្ឋាភិបាលកំពុងអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំដែលលើកកម្ពស់អាហារូបត្ថម្ភសម្រាប់ទារក និងកុមារដែលបានអនុវត្តជិត ២ ឆ្នាំមកហើយ និងទទួលបានការអបអរសាទរ និងជោគជ័យយ៉ាងខ្លាំង។
លោកថ្លែងថា៖ «សព្វថ្ងៃនេះស្ត្រីដែលស្ថិតនៅក្នុងស្ថានភាពក្រីក្រគឺគាត់ត្រូវទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ហើយកុមារក្រោម ២ ឆ្នាំនៅក្នុងស្ថានភាពគ្រួសារក្រីក្រហ្នឹងគាត់ត្រូវទៅទទួលវ៉ាក់សាំងមិនអស់លុយ ហើយគាត់បានថវិកាទៀត ...។ និយាយរួម ថវិកាហ្នឹង យើងបានឧបត្ថម្ភសម្រាប់ពួកគាត់ចាប់ពីមានផ្ទៃពោះរហូតដល់គាត់អាយុ ២ ឆ្នាំហ្នឹង បូកទៅ វាបានម្នាក់ប្រហែលជា ១៩០ ដុល្លារ»៕