ភ្នំពេញៈ នៅក្នុងសវនាការជម្រះក្ដី នៃតុលាការកំពូលនៅថ្ងៃទី ២៣ ខែកញ្ញា ស្រ្តីរងគ្រោះម្នាក់បានស្នើដល់អង្គជំនុំជម្រះតម្កល់ទោសបុរសជនជាប់ចោទម្នាក់ ដែល​តុលាការ​ថ្នាក់​ក្រោម​សម្រេច​ដាក់​ពន្ធនា​គារ​ ១៤ ឆ្នាំ ពីបទប៉ុនប៉ង​ឃាតកម្ម។

ស្ត្រី​រងគ្រោះ​ឈ្មោះ​ សាន្ត ចិន្តា អាយុ​ ២៥ ​ឆ្នាំ ត្រូវបានជនជាប់ចោទកាត់ដៃត្រឹមកដៃម្ខាង និង​ជើង​ម្ខាង ​ត្រូវ​វះ​កាត់​ដោយសារ​ដាច់​ស​សៃ​ជង្គុង​ និងនៅលើ​ខ្លួន​មាន​ស្បែក​ជ្រួញ​ដោយ​ទឹក​អាស៊ីត​។

ស្ត្រី​រងគ្រោះថ្លែងទៅកាន់អង្គជំនុំជម្រះថា៖ «​ខ្ញុំ​ស្នើសុំ​ដល់​តុលាការ​កំពូល​មេត្តា​រក​យុត្តិធម៌​ដល់​ខ្ញុំទៅតាម​អ្វីដែល​ជនជាប់ចោទ​ប្រព្រឹត្ត​មកលើ​រូបខ្ញុំ។​ ជន​ជាប់​បានធ្វើ​អំពើ​ឃោរឃៅ​បំផុត​ហើយ​ខ្ញុំនៅតែ​ខ្លាច​ជនជាប់ចោទ​នឹងធ្វើ​បាប​ដល់​ក្រុមគ្រួសារ​ខ្ញុំ​នៅពេល​ចេញពី​ពន្ធនាគារ»​។

ស្ត្រីរងគ្រោះ​បន្តថា​៖ «​រហូតដល់​ពេលនេះ​ខ្ញុំ​នៅតែ​ភ័យខ្លាច​។​ ខ្ញុំ​មិន​ចង់​ទាមទារ​អី​ទេ​ខ្ញុំ​គ្រាន់តែ​សុំ​តុលា​ការរក្សា​សំណង​ ៨០០ ​លាន​រៀល និង​ទោស​ ១៤​ ឆ្នាំ​ដដែល​»​។

ចំណែក​​ជនជាប់ចោទ​បាន​និយាយប្រាប់​ចៅក្រម​នៅ​តុលាការ​កំពូល​នៅ​ថ្ងៃទី​ ២៣​ កញ្ញា​ដែរ​ថា​ គេគ្មាន​បំណង​សម្លាប់​ជនរងគ្រោះ​ទេ គ្រាន់តែ​គំរាម​ប៉ុណ្ណោះ​។

លោក​ អ៊ុក គឹម​សិទ្ធិ​ តំណាង​មហាអយ្យការ​បា​នស​ន្និ​ដ្ឋា​ន​ថា ​ជនជាប់ចោទ​បានគេច​ខ្លួន​ក្រោយ​ប្រព្រឹត្ត​បទល្មើស​ហើយ​ត្រូវ​តុលាការខេត្ត​តាកែវ​ជម្រះ​កំបាំងមុខ​។​

លោក​ថ្លែងថា​៖ «​ជនរងគ្រោះ​បាន​សុំ​តុលាការ​កំពូល​ឱ្យ​រក្សា​ទោស ​១៤ ​ឆ្នាំ​។​ ប៉ុន្តែ​តុលាការ​កំពូល​ពិចារណា​តែ​លើ​សំណង​រដ្ឋប្បវេណី​ទេ​»​។

លោក​បញ្ជាក់ថា ​​បណ្តឹង​សារទុក្ខ​របស់​ជនជាប់ចោទ​មាន​មូលហេតុ​ត្រឹមត្រូវ​។ ​ចំពោះ​ទណ្ឌកម្ម​ទោស​ដែល​សាលាឧទ្ធរណ៍​បន្ថយ​ពី​ ១៤​ ​ឆ្នាំ​ មក​ត្រឹម​ ១០ ​ឆ្នាំ ​គឺ​លោក​សុំ​តម្កល់​នៅ​ ១០​ ឆ្នាំ​ដដែល​។​ រីឯ​សំណង​ជំងឺ​ចិត្ត​ដែល​សាលាឧទ្ធរណ៍​បន្ថយ​ពី​ ៨០០ ​លាន​មក​ត្រឹម​ ៤០០ ​លាន​រៀល​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​នឹង​ពិចារណា​។

លោក​ មួង សុគន្ធ​ ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ស្ត្រី​រងគ្រោះ​សន្និដ្ឋានថា​បើតាម​ពិនិត្យ​លើ​រូប​កាយ​របស់​កូនក្តី​លោក​ គឺមាន​ស្ថានភាព​ជំងឺ​ពិបាក​ភ្នែក​មើល​ណាស់​។​ ជន​ជាប់ចោទ​បានធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​បំផុត​លើ​នារី​រងគ្រោះ​។ លោក​បន្តថា​៖ «​ខ្ញុំ​សូម​តុលាការ​កំពូល​ពិចារណា​តាមច្បាប់​»​។

យោងតាម​អង្គហេតុ​របស់​តុលាការ​កំពូល​បង្ហាញថា ​ជនជាប់ចោទ​បាន​បង្ក​ហេតុ​កាលពី​ថ្ងៃទី​ ២៧ ខែ​ កុ​ម្ភះ ឆ្នាំ​ ២០១៩ ​ភូមិ​ព្រះ​ម្លប់ ឃុំ​កណ្តឹង ស្រុក​បាទី​ខេត្តតាកែវ​។ ក្រោយ​ប្រព្រឹត្ត​ជនជាប់ចោទ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់បាន​នៅ​ភូមិ​ចំលង​រមាំង​លើ ឃុំ​អូរ​សំរិល ស្រុក​សំឡូត ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​ ៥​ ខែ កញ្ញា​ ឆ្នាំ​ ២០២០៕​