សៀម​រាប​ រដ្ឋ​បាល​ក្រុង​សៀម​រាប​កាល​ពី​ថ្ងៃទី ២២​ ខែ កញ្ញា ឆ្នាំ ២០២១ ​បាន​ប្រគល់​អំណោយ​ជា​អង្ករ​ដល់​ប្រជា​ពលរដ្ឋ​ជិត ​៧ ០០០​ គ្រួសារ​ តាម​រយៈ​យុទ្ធនា​ការ​បន្ទាន់​មួយ​ឱ្យ​ក្រុម​ការងារ​នៃ​បណ្តា​ភូមិ-សង្កាត់​ក្នុង​តំបន់​ក្រហម​។

លោក​ នួន ​ពុទ្ធា​រ៉ា ​អភិបាល​ក្រុង​សៀម​រាប​បានឱ្យដឹងថាដោយ​សារ​វិបត្តិ​ជំងឺ​កូ​វីដ ១៩ បាន​អូស​បន្លាយ ធ្វើឱ្យប៉ះ​ពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជា​ពិសេស​ស្ថិត​ក្នុង​ស្ថាន​ភាព​នៃ​ការបិទ​ខ្ទប់​នេះ គឺ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋា​ន។

​ការផ្ត​ល់​ស្បៀងអា​ហារ គឺជា​អំណោយ​របស់​រដ្ឋបាល​ខេត្តជូន​ដល់​បងប្អូន​ពលរដ្ឋ​ចំនួន ៦ សង្កាត់ដែល​រស់នៅ​តំបន់​បិទ​ខ្ទប់ ហើយ​ការឧ​បត្ថម្ភ​នេះ ក្នុង​ ១ ​គ្រួសារ​ទទួលបាន​អង្ករ ១០ ​គីឡូក្រាម ។ បើតាម​លោក ពុទ្ធា​រ៉ា អំណោយនេះ មិនមែន​ជា​ដំណោះស្រាយ​នោះទេ ប៉ុន្តែ​គ្រាន់តែ​ជាការ​ចែក​រំលែក​កា​រលំបាក​ប៉ុណ្ណោះ​។

យោង​តាម​សេចក្តី​សម្រេច​របស់​រដ្ឋ​បាល​ខេត្ត​សៀម​រាប បាន​កំណត់​ភូមិ​សាស្ត្រ​មួយ​ចំនួន​ជា​តំបន់​ក្រហម​បណ្តោះ​អាសន្ន​រយៈ​ពេល​ ១​ សប្តាហ៍​ ដោយ​គិត​ចាប់ពី​ថ្ងៃទី​ ១៧ ដល់​ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២១ ​ ​រួម​មាន សង្កាត់​ស្លក្រាម​ ស្វាយដង្គំ​ គោកចក សង្កាត់​ជ្រាវ ភូមិ​តាវៀន​នៃ​សង្កាត់​សាលាកំរើក ភូមិ​ព្រៃធំ​និង​ភូមិ​ស្រ​ងែ​ក្នុង​សង្កាត់​ស្រ​ងែនៃ​ក្រុង​ខេត្តសៀមរាប ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩ នៅក្នុង​ភូមិសាស្ត្រ​កំណត់​ជា​តំបន់​ក្រហម និង​ទប់ស្កាត់​ជំងឺ​នេះ​មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត។

លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​ បច្ចុប្បន្នយើង​កំពុង​ប្រជុំ​ទាក់ទង​ជា​មួយ​នឹង​ការរៀបចំក៏ដូចជា​ការ​អនុវត្ត​យុទ្ធសា​ស្ត្រ​បន្តព្រោះថា ​ការបិទ​ខ្ទប់​រហូត​មក​ដល់​ថ្ងៃទី ២៣ នេះ​ គឺ​ត្រូវអស់​ឱសាន​វាទ​ ៧ ថ្ងៃមុន ដោយ​គិតពី​ថ្ងៃទី ៧ កញ្ញាមក​ដល់​ថ្ងៃទី ២៣ កញ្ញា ម៉ោង​ថ្ងៃ​ត្រង់​នេះ។ ដូច្នេះ​ពេលនេះយើង​កំពុង​ពិនិត្យ ដើម្បី​វាយ​តម្លៃ​ចំពោះ​ការ​អនុវត្ត​រយៈពេល ៧ ថ្ងៃនេះ​ថា​ តើ​ស្ថាន​ភាព​មានការ​ធូរ​ស្រាល​ហើយ​ឬ​នៅ? ឬ​យើង​ត្រូវ​បន្ត​ការ​បិទ​ខ្ទប់​បន្ត​ទៀត​។

លោក​លើកឡើ​ងថា ​​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​នេះ​ឃើញ​ថា​ចំនួន​ករណី​ឆ្លង​នៅមាន​ច្រើន​នៅឡើយ។ ដូច្នេះ​អង្គប្រជុំ​កំពុង​រក​វិធី​ថា​ តើ​គួរ​បិទ​ជា​សង្កាត់ឬ​ជា​ភូមិ​វិញ។ ប៉ុន្តែ​យើង​មិនទាន់បាន​សម្រេច​នៅឡើយ​ទេ ដោយសារ​អង្គប្រជុំ​មិនទាន់​ចប់។

លោក​បន្ត​ថា បើ​យោងតាម​របាយ​ការណ៍ សង្កាត់ធំៗ​របស់​ក្រុងដែលជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏​ធំ​នោះក៏​កំពុង​ស្ថិត​ក្រោម​ការបិទ​ខ្ទប់​ដែរ។

លោក​បន្ថែមថា​​ចំពោះ​រយៈពេ​ល​បិទ​ខ្ទប់​ចំនួន ៧ ថ្ងៃ​ គឺមាន​រយៈពេល​ខ្លី​ពេកដើម្បី​តាមដាន​ស្ថាន​ការ​កូ​វីដ ១៩ ដែលតាម​ស្តង់ដា​សុខាភិបាល​គឺ​ត្រូវការ​ពេល​ពី ១៤ ទៅ ២១ ថ្ងៃ​ទើប​អាច​គ្រប់គ្រង​សភាព​ការ​ណ៍បាន៕

សៀវ គួយអ៊ី