ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកដំណើរការជាផ្លូវការនូវកំណាត់ផ្លូវអាស៊ានហាយវេទី១ កំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីចំណុចខេត្តបាត់ដំបង ដល់ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ២៣ ខែកញ្ញា ដែលផ្លូវនេះជាគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យបានប្រសើរ និងងាយស្រួលក្នុងការធ្វើដំណើរផងដែរ។
រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងកាលពីថ្ងៃទី ២៣ ខែកញ្ញា ថា កំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណនេះ ចាប់ផ្តើមសាងសង់ចេញពីខេត្តបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ និងបច្ចុប្បន្នការសាងសង់បានសម្រេច ១០០%ហើយ។
លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងនាឱកាសពិធីប្រគល់ និងទទួលគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ (បាត់ដំបង-បន្ទាយមានជ័យ) ថា ផ្លូវមួយខ្សែនេះ បានចាប់ផ្តើមធ្វើពីចុងខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកមានប្រសាសន៍ថា ៖ «ផ្លូវនេះជាប្រភេទផ្លូវ ៤គន្លង ដែលមានទទឹង ២៣ ម៉ែត្រ សម្រាប់តំបន់ជនបទ និង ២៨ម៉ែត្រសម្រាប់តំបន់ទីប្រជុំជន ដោយចំណាយថវិកាក្នុងការសាងសង់សរុប ១៦០,៦លានដុល្លាសហរដ្ឋអាមេរិក»។
លោក តូច ចាន់កុសល បានបញ្ជាក់ថា ចំពោះខេត្តបាត់ដំបង មានផ្លូវវាងក្រុងបាត់ដំបងមួយខ្សែដែលមានប្រវែងសរុប ២៣,៩២ គីឡូម៉ែត្រ និងផ្លូវតាមបណ្ដោយផ្លូវជាតិលេខ ៥ ប្រវែង ២២,៣៥គីឡូម៉ែត្រ ដែលមានសួនច្បារនៅកណ្ដាល ដោយមានដាំដើមត្របែកព្រៃ និងចំពោះផ្នែកផ្លូវវាងក្រុង មានការដាំដើមក្ងោក នៅត្រឹមព្រំដី។
លោកថា៖ «ចំពោះផ្លូវ ចាប់ពីផ្លូវជាតិទៅដល់ព្រំដី គឺមិនអនុញ្ញាតឱ្យមានការសាងសង់ ឬធ្វើអ្វីដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពផ្លូវឡើយ ព្រោះចំណីផ្លូវ ពីផ្លូវថ្នល់រហូតដល់ព្រំដី ដែលមានដាំដើមក្ងោកប្រមាណ ៦ ០០០ ដើម រាជរដ្ឋាភិបាលបានធ្វើការដោះស្រាយ និងទិញពីប្រជាពលរដ្ឋរួចរាល់មកហើយ ដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវឱ្យកាន់តែធំ និងមានដើមឈើសងខាងផ្លូវ»។
លោកបានបន្តថា បើសិនជាមានករណីណាមួយខុសពីការកំណត់របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តត្រូវចាត់វិធានការនានាដែលបានកំណត់ ទៅបុគ្គលណាដែលបានរំលោភបំពានផ្លូវចំណី ឬសាងសង់សំណង់ផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពផ្លូវផងដែរ។
គួរបញ្ជាក់ថា គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ ៥ នេះ ត្រូវបានបែងចែកជា ២ កញ្ចប់ការងារគឺ កញ្ចប់ការងារទី១ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo Joint Venture មានប្រវែង ៤៦,២៧ គីឡូម៉ែត្រ (ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣,៩២ គីឡូម៉ែត្រ) និងកញ្ចប់ការងារទី២ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma Joint Venture មានប្រវែង ៣៨,៤៧ គីឡូម៉ែត្រ (ផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩,៣៤គីឡូម៉ែត្រ) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI និងKCEC & TANCONS៕
វីដេអូ៖