លោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី១ គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ (គ.ជ.គ.ម.) នា​ថ្ងៃទី ២៤ ខែកញ្ញានេះ បាន​ណែនាំ​ទៅ​ដល់​កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​គ្រោះមហន្តរាយ​ទាំង ១៦ កង ឱ្យ​ត្រៀម​លក្ខណៈ ២៤ ម៉ោង​លើ ២៤ ម៉ោង នៅ​គ្រប់​រាជធានី-ខេត្ត ក្នុង​ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ករណី​មាន​គ្រោះមហន្តរាយ​កើតឡើង ដោយ​សារ ជំនន់​ទឹកភ្លៀង។

គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឱ្យដឹង​ថា លោក គន់ គីម ក៏​បាន​ឱ្យ​កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​លេខ ៧០៤ របស់​យោធ​ភូមិភាគ​ទី៤ ធ្វើការ​ចល័ត​ក្នុង​ការ​ត្រៀម​ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ ក្នុង​នោះ​លោក​ក៏បាន​បញ្ជា​ឱ្យ​កង​កម្លាំង​ចេញ​ដំណើរ​ពី​ខេត្តសៀមរាប ឆ្ពោះទៅ​គោលដៅ​ខេត្តបន្ទាយមានជ័យ ដើម្បី​ត្រៀម​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ផងដែរ។

ទន្ទឹម​នឹងនេះ​ដែរ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ក៏បាន​ដឹកនាំ​កម្លាំង​ទាំង ៣ប្រភេទ ធ្វើ​រោង​ជម្លៀស​ប្រជាពលរដ្ឋ​មក​ទីទួល​សុវត្ថិភាព​នៅ​ក្រុងសិរីសោភ័ណ និង​បាន​ចុះពិនិត្យ​មើល​ស្ថានភាព​ទឹក ព្រមទាំង​ពិនិត្យ​មើល​ស្ថានភាព​ប្រជាពលរដ្ឋ​ចំនួន ២០គ្រួសារ​ឡើង​មក​ទីទួល​សុវត្ថិភាព​ក្បែរ​ផ្លូវវាង​ក្រុង​នេះផងដែរ។

លោក​បាន​អំពាវនាវ ដល់​ថ្នាក់​ដឹកនាំ​មន្ត្រី​មូលដ្ឋាន​អាជ្ញាធរ​ដែនដី កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ត្រៀម​លក្ខណៈ ទាំងសម្ភារ កម្លាំង ដើម្បី​ត្រៀម​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ក្នុង​ករណី​កើតមាន​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​ជា​យថាហេតុ​ណាមួយ​កើតឡើង។

ប្រជាជនដែលបានជម្លៀសមកទីទួលសុវត្តិភាព កំឡុងពេលជួបគ្រោះទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ថ្ងៃទី ២៤ ខែកញ្ញា។ រូបភាព គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ

លោក អ៊ុំ រាត្រី ​ថា៖ «សូម​ពុកម៉ែ ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​សូម​រក្សា​អនាម័យ និង​គោរពវិធានការ ៣ការពារ និង​៣កុំ​ឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​ការពារ​ពីការ​ឆ្លង​វីរុស​កូវីដ ១៩ ទោះបី​ស្ថិត​ក្នុង​ភាព​លំបាក​ដោយ​គ្រោះ​ទឹកជំនន់​នេះក៏ដោយ»។

ជាមួយគ្នា​នេះដែរ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​អាជ្ញាធរ​ក្រុងសិរីសោភ័ណ បាន​ដឹកនាំ​កងកម្លាំង​ទាំងបី​ប្រភេទ​មាន​នគរបាល​ក្រុង អាវុធហត្ថក្រុង និង​កម្លាំង​ប្រតិបត្តិការ​សឹករងខេត្ត បាន​ចុះ​រៀបចំ​ទួល​សុវត្ថិភាព សាងសង់​រោង ត្រៀម​សម្រាប់​ទទួល​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ក្នុង​ក្រុង​សិរីសោភ័ណ ខណៈ​ទឹកស្ទឹង​បាន​បន្ត​កើនឡើង​ជា​បន្តបន្ទាប់ ផ្លូវលំ​មួយចំនួន​នៅ​ក្នុង​ក្រុង​ទឹក​ហូរកាត់​ជា​ច្រើន​កន្លែង។

ក្នុងការ​ចុះ​ពិនិត្យ​មើល​ក្រុម​ការងារ​រៀបចំ​ទួល​សុវត្ថិភាព​នោះដែរ លោក អ៊ុំ រាត្រី ក៏បាន​ដាក់​បទបញ្ជា​ដល់​អភិបាលក្រុង-ស្រុក ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ខ្ពស់ ធ្វើការ​ចុះពិនិត្យ តាមដាន​ជា​ប្រចាំ​នូវ​ស្ថានភាព​ទឹក បើ​ក្នុង​ករណី​ចាំបាច់​ត្រូវ​ធ្វើការ​ជម្លៀស​ប្រជាពលរដ្ឋ​ភ្លាមៗ ទៅ​រក​ទីទួល​សុវត្ថិភាព ដែល​បាន​រៀបចំ​ជា​ស្រេច​នោះ​ឱ្យទាន់​ពេលវេលា៕

វីដេអូ៖