មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ដើម្បីសម្រេចឱ្យបានចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងឆ្នាំ ២០៣០ ដែលផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់មនុស្សគ្រប់រូប គិតគូរពីចីរភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអាទិភាពចំនួនបួនសំខាន់ៗក្នុងការអនុវត្ត។
ថ្លែងនាថ្ងៃទី ២៤ ខែកញ្ញានេះក្នុងកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀង ដែលរៀបចំដោយអគ្គលេខាធិការអង្គការសហប្រជាជាតិនាទីក្រុងញ៉ូវយ៉កលោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានឱ្យដឹងថា ផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ ២០៣០ បានរៀបចំឡើងផ្អែកលើលទ្ធផលកិច្ចសន្ទនា និងការវិភាគ ហើយបានផ្សារភ្ជាប់នឹងក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រនានា ដែលមានស្រាប់។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអាទិភាពចំនួនបួន ដើម្បីសម្រេចឱ្យបានចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងឆ្នាំ ២០៣០ ដែលផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់មនុស្សគ្រប់រូប គិតគូរពីចីរភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
លោក យឹម ឆៃលី បានថ្លែងថា៖ « អាទិភាពទីមួយគឺ ការលើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា ដើម្បីបំបែកវដ្តអន្តរជំនាន់នៃបញ្ហាអាហារូបត្ថម្ភ។ កម្ពុជាប្ដេជ្ញាត្រឹមឆ្នាំ ២០៣០ នឹងធ្វើឱ្យរបបអាហារសុខភាព មានភាពងាយស្រួលអាចរកបាន និងមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប»។
លោកបានបន្តថា អាទិភាពទីពីរដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគឺ ការលើកកម្ពស់ភាពអង់អាចរបស់យុវជន ស្ត្រី និងជនងាយរងគ្រោះ។ កម្ពុជានឹងបន្តអនុវត្ត សកម្មភាពលើកកម្ពស់សមត្ថភាពយេនឌ័រ បង្កើតការងារសមរម្យ អភិវឌ្ឍន៍សហគ្រិន និងផ្តល់ឱកាស ការងារសម្រាប់យុវជនស្ត្រី និងជនងាយរងគ្រោះ និងផ្ដល់ទីកន្លែងសម្រាប់យុវជនចូលរួមក្នុងកិច្ចសន្ទនា គោលនយោបាយ។
ក្នុងបរិការណ៍ដែលពិភពលោកទាំងមូលបាននិងកំពុងប្រយុទ្ធនឹងជំងឺកូវីដ ១៩ និងការប្រែប្រួលអាកាសធាតុ ការរៀបចំកិច្ចប្រជុំកំពូលនេះបានក្រើនរំឭកទាំងអស់គ្នា ឱ្យយកចិត្តទុកដាក់លើការពង្រឹងភាពធន់លើមុខរបរចិញ្ចឹមជីវិត និងប្រព័ន្ធស្បៀង ដើម្បីឆ្លើយតបទៅនឹងវិបត្តិនិងបញ្ហានានា ដែលអាចកើតឡើងនៅពេលអនាគត។
លោក យឹម ឆៃលី បានបញ្ជាក់ថា នេះជាចំណុចទី ៣ ដែលកម្ពុជានឹងបន្តធ្វើសកម្មភាព ដើម្បីដោះស្រាយភាពងាយរងគ្រោះ និងកាត់បន្ថយភាពក្រីក្រ ពង្រឹងភាពធន់របស់តួអង្គពាក់ព័ន្ធ ពង្រឹងបណ្តាញការងារ និងហេដ្ឋារចនាសម្ព័ន្ធនានា។
លោក យឹម ឆៃលី បានលើកឡើងក្នុងកិច្ចប្រជុំនេះថា៖ «ការពង្រឹងអភិបាលកិច្ច ដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្ន គឺជាចំណុចអាទិភាពទី ៤ ដែលយើងបានដាក់។ កម្ពុជានឹងបន្តរៀបចំ កិច្ចសន្ទនា ការសម្របសម្រួល និងការសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្ន ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ជនងាយរងគ្រោះ និងជនជាតិដើមភាគតិច»។
លោកថា កម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ដែលជាពេលវេលាដ៏សំខាន់មួយសម្រាប់កម្ពុជាពង្រឹង កិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ដើម្បីឱ្យប្រព័ន្ធស្បៀងកាន់តែមានភាពរឹងមាំ និងមានចីរភាព សម្រាប់មនុស្ស ភពផែនដី និងវិបុលភាព។
ដោយប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ប្រព័ន្ធស្បៀង គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព លុបបំបាត់គ្រោះអត់ឃ្លាន និងបញ្ហាអាហារូបត្ថម្ភ និងកាត់បន្ថយភាពក្រីក្រ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ៕