ភ្នំពេញៈ វិទ្យាស្ថានជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ និង​វិទ្យាស្ថាន​ និង​សហព័ន្ធ​សាលារៀន​អឺរ៉ុប​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ដើម្បី​រៀបចំ​វិទ្យាស្ថានជាតិ​ការទូត​ជា​ទីតាំង​ផ្តល់​សេវា​ប្រឡង​យក​សញ្ញាបត្រ​ភាសា​របស់ FEDE ជូន​ដល់​សាធារណជន។

សញ្ញាបត្រ​ភាសា​របស់ FEDE (The FEDE Language Certificate) ជា​សញ្ញាបត្រ​ភាសា ដែល​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​របស់ Common European Framework of Reference for Languages (CEFR) និង​មាន​ផ្តល់​ជូន​ជា ៦ ភាសា រួមមាន ភាសាបារាំង អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី និង​ព័រទុយហ្កាល់។

វិទ្យាស្ថានជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​កាល​នៅ​ថ្ងៃទី ២៤ ខែ​កញ្ញា​ថា MoU នេះ​ ចុះ​ហត្ថលេខា​ដោយ​លោក ទាន សំណាង ប្រធាន​វិទ្យាស្ថានជាតិ​ការទូត និង​លោកស្រី Claude Vivier Le Got ប្រធាន​សហព័ន្ធ​សាលារៀន​អឺរ៉ុប កាល​ពី​ថ្ងៃទី ២៣ ខែ​កញ្ញា តាម​ប្រព័ន្ធ​វីដេអូ ក្រោម​វត្តមាន​លោក ឆែម គាតរិទ្ធី រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី៕