សៀមរាបៈ អាជ្ញាធរខេត្តសៀមរាបសម្រេចបន្តបិទខ្ទប់ និងកំណត់ជា “តំបន់ក្រហម” ក្នុងភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ជាតំបន់ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ជាបណ្តោះអាសន្ន រយៈពេល ១សប្តាហ៍ចាប់ពីថ្ងៃទី ២៥ រហូត ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២១។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកញ្ញានេះ បានចេញលិខិតសម្រេចបន្តបិទខ្ទប់និងកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រ ភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្តោះអាសន្នរយៈពេល១ សប្តាហ៍ទៀត ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩។
ក្នុងលិខិតសម្រេចបិទខ្ទប់នោះ លោកអភិបាលខេត្តបញ្ជាក់ថា ខ្លឹមសារបទប្បញ្ញត្តិនៃសេចក្តីសម្រេចលេខ ១៥៩/២១ ស.ស.រ ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ដែលជាតំបន់ក្រហមមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រហូតមានការចេញសេចក្តីសម្រេចជាថ្មី។
លោកថ្លែងថា៖ «បទប្បញ្ញត្តិទាំងឡាយណាដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មុនពេលសេចក្តីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស»។
លោកអភិបាលខេត្តសៀមរាប បានសម្រេចប្រគល់ភារកិច្ចទៅនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាល នៃគណៈអភិបាលស្រុកវ៉ារិន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងមេឃុំវ៉ារិន ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចភារកិច្ចរៀងៗខ្លួន៕