ភ្នំពេញៈ អង្គការ WCS Cambodia បង្ហាញលទ្ធផលនៃការស្រាវជ្រាវរកឃើញសម្បុករបស់សត្វ ត្រដក់តូច ដែលជាសត្វត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទងាយរងគ្រោះជាសកល ចំនួន ២ហ្វូង ក្នុងនោះហ្វូងទី១ មានសម្បុកចំនួន ៥ និងហ្វូងទី២ មានសម្បុកចំនួន ២។ នេះបើតាមហ្វេសប៊ុករបស់អង្គការ WCS Cambodia នៅថ្ងៃនេះ។
ហ្វេសប៊ុក អង្គការ WCS Cambodia នៅថ្ងៃនេះបានឱ្យដឹងថា ក្នុងពេលថ្មីៗនេះ ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS បានរកឃើញសម្បុករបស់សត្វ ត្រដក់តូច (Lesser adjutant) ចំនួន ២ហ្វូង ដែលហ្វូងទី១ មានសម្បុកចំនួន ៥សម្បុក និងហ្វូងទី២ មាន ២សម្បុក។
អង្គការនេះបន្តថា ក្រុមការងារបានចាប់ផ្តើមស្វែងរកសម្បុកសត្វត្រដក់តូច កាលពីដើមខែកញ្ញាកន្លងទៅបន្ទាប់ពីក្រុមការពារសម្បុកសហគមន៍បានយាមការពារសម្បុកសត្វត្រយងយក្សមួយសម្បុករហូតដល់កូនញាស់ហើរចេញដោយសុវត្ថិភាព កាលពីពីរបីសប្តាហ៍កន្លងទៅ។
អង្គការ WCS Cambodia បានឱ្យដឹងថា រដូវពងកូនរបស់សត្វត្រដក់តូចចាប់ផ្តើមពីខែកញ្ញាដល់ខែវិច្ឆិកា។ សត្វត្រដក់តូច ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទងាយរងគ្រោះជាសាកល។ បច្ចុប្បន្ន ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS បានចាត់តាំងក្រុមការពារសម្បុកសហគមន៍ឱ្យយាមការពារសម្បុកសត្វត្រដក់តូចទាំងអស់ ហើយក្រុមស្រាវជ្រាវសត្វព្រៃកំពុងស្វែងរកសម្បុកសត្វត្រដក់តូចបន្តទៀតដើម្បីការពារ។
អង្គការនេះលើកឡើងថា តាមការប៉ាន់ស្មាន ចំនួនសត្វត្រដក់តូចកំពុងតែថយចុះយ៉ាងខ្លាំងបណ្តាលមកពីកត្តាគំរាមកំហែងផ្សេងៗ ជាពិសេសដោយសារមានការលួចប្រមូលយកពងនិងកូនត្រដក់តូចពីហ្វូងរបស់វា ការបាត់បង់ទីជម្រកសម្រាប់ធ្វើសម្បុកពងកូន ការផ្លាស់ប្តូរនិងការបាត់បង់តំបន់ដីសើម និងការផ្លាស់ប្តូរទៅរកការធ្វើកសិកម្មតាមបែបប្រពលវប្បកម្ម។
អង្គការនេះសរសេរលើហ្វេសប៊ុកថា ៖«ត្រដក់តូច ក៏ទទួលរងការគំរាមកំហែងផងដែរតាមរយៈសកម្មភាពដាក់ថ្នាំបំពុលក្នុងទឹកដើម្បីចាប់ត្រី»។
កាលពីរដូវពងកូនឆ្នាំ ២០២០ ក្រុមការងារស្រាវជ្រាវសត្វព្រៃបានរកឃើញសម្បុកត្រដក់តូចចំនួន ៤សម្បុក ក៏ប៉ុន្តែពងនៅក្នុងសម្បុកទាំងអស់មិនបានញាស់ទេ ដោយសារតែមានការរំខានពីមនុស្ស។
អង្គការ WCS Cambodia សរសេរថា ៖«ប្រទេសកម្ពុជា គឺជាទីជម្រកមួយរបស់សត្វត្រដក់តូចដែលនៅលើពិភពលោកមានចំនួនសរុបប្រហែល ៣០០០ក្បាល ហើយចំនួននេះកំពុងថយចុះ ទោះបីជាមានវិធានការទប់ស្កាត់មិនឱ្យចំនួននេះថយចុះនៅក្នុងតំបន់មួយចំនួនក្តី»៕