ព្រះវិហារៈ កម្ពស់ទឹកស្ទឹងសែននៅខេត្តព្រះវិហារហក់ឡើងដល់ជិត ១១,៤ ម៉ែត្រគឺនៅកៀកនឹងកម្រិតប្រកាសអាសន្ន ១១,៥ ម៉ែត្រ ហើយអាជ្ញាធរខេត្តនេះអំពាវនាវដល់ប្រជាពលរដ្ឋឱ្យត្រៀមបង្ការគ្រោះមហន្តរាយជាយថាហេតុដោយទឹកជំនន់។
រដ្ឋបាលខេត្តព្រះវិហារបញ្ជាក់ក្នុងហ្វេសប៊ុកនៅថ្ងៃទី ២៥ ខែកញ្ញា នេះ ថា៖ «សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន និងត្រៀមបង្ការនូវគ្រោះមហន្តរាយជាយថាហេតុដោយទឹកជំនន់។ យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ គិតត្រឹមវេលាម៉ោង ៦.២៧ ព្រឹក ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ ទឹកស្ទឹងសែននៅភូមិសាស្ត្រខេត្តព្រះវិហារ ទឹកមានកម្ពស់ ១១,៣៨ ម៉ែត្រ ហើយកម្ពស់ទឹកស្ទឹងសែនដែលត្រូវប្រកាសអាសន្នគឺ ១១,៥០ ម៉ែត្រ»។
រដ្ឋបាលខេត្តនេះបញ្ជាក់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី ២៤ ខែកញ្ញាថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារទាំងមូលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងកំពុងតែបន្តភ្លៀង ដែលធ្វើឱ្យទឹកស្ទឹងសែនហក់ឡើងខ្លាំង លឿន និងអាចឈានទៅដល់កម្រិតមួយបង្កឱ្យមានការលិចលង់ និងត្រៀមបង្ការសង្គ្រោះ។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះមហន្តរាយជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ជាពិសេសបងប្អូនដែលកំពុងរស់នៅតាមដងស្ទឹងសែន និងមាត់ទន្លេមេគង្គ ព្រមទាំងបងប្អូនដែលកំពុងតែរស់នៅតាមតំបន់ងាយរងគ្រោះ ដោយសារទឹកជំនន់មួយចំនួន មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេង»៕