
សពបុរសដែលស្លាប់ក្រោយដឹកយកទៅមន្ទីរពេទ្យ។ រូបថត BKN
ភ្នំពេញៈ នគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីបាញ់យុវជនរើសអេតចាយម្នាក់បណ្ដាលឱ្យស្លាប់ និងចាប់បានបក្ខពួកជនរងគ្រោះម្នាក់ ករណីសង្ស័យលួចដែក កាលពីទៀបភ្លឺថ្ងៃទី ២៤ កញ្ញា នៅភូមិចាក់ជ្រូក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី ២៦ កញ្ញាថា ករណីបាញ់មនុស្សស្លាប់នេះគឺសមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេតបន្តទៀត ប៉ុន្តែលោកមិនបង្ហាញអត្តសញ្ញាណរបស់ជនសង្ស័យទេដោយគ្រាន់ឆ្លើយយ៉ាងខ្លីថា៖ «ជំនាញកំពុងសហការធ្វើកិច្ចនេះ»។
ទោះជាយ៉ាងណា មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យម្នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងនៅថ្ងៃទី ២៦ កញ្ញាថា ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ ខឿន វ៉ាន់ឌឿន ភេទប្រុស អាយុ ១៨ ឆ្នាំ។ រីឯជនសង្ស័យឈ្មោះម៉ា ច័ន្ទរិទ្ធី អាយុ ២៦ ឆ្នាំរស់នៅភូមិចាក់ជ្រូក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
មន្ត្រីរូបនេះបានបន្តថា៖ «ករណីនេះ ខាងការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញជាអ្នកកាន់សំណុំរឿងនេះ។ ប៉ុន្តែខាងខណ្ឌយើងក៏សហការដែរ»។
លោកបានរៀបរាប់ប្រាប់តាមសាក្សីនៅកន្លែងកើតហេតុថា កាលពីម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ កញ្ញា មានបុរសចំនួន ៤ នាក់ បានដើរអូសរទេះអេតចាយហើយបានលួចដែកពីផ្ទះ ១ កន្លែង។ពេលនោះម្ចាស់ដែកទាន់ហើយបានដេញក្រុមជនទាំងនោះ តែត្រូវជនទាំង ៤ នាក់យកដែកត្បែងដេញវាយម្ចាស់ដែកវិញ។
ប្រភពដដែលបានបន្តថាដោយឃើញជនទាំង៤នាក់ដេញវាយឪពុកក្មេកក៏ស្រាប់តែបុរសជាកូនប្រសា(ជនសង្ស័យ)យកកាំភ្លើងខ្លីបាញ់ត្រូវជនរងគ្រោះឈ្មោះខឿន វ៉ាន់ឌឿន ចំគល់ក្លៀកខាងស្តាំ១គ្រាប់របួសធ្ងន់ ហើយត្រូវអ្នកនៅជិតកន្លែងកើតហេតុនាំគ្នាដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យតែបានស្លាប់ក្រោយបញ្ជូនដល់មន្ត្រីពេទ្យបានបន្តិច។
មន្ត្រីនគរបាលរូបនោះបានបន្តដោយផ្អែកតាមសម្តីម្ចាស់ដែកដែរថា តាមពិតទៅក្រុមអ្នកដើររើសអេតចាយនោះធ្លាប់បានលួចដែកកាលពីថ្ងៃទី២៣កញ្ញាម្តងហើយ ប៉ុន្តែម្ចាស់គេទើបតាមទាន់នៅយប់ថ្ងៃទី២៤កញ្ញា។លុះថ្ងៃទី ២៥ កញ្ញា សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនបក្ខពួកជនរងគ្រោះបានម្នាក់។ ចំណែកខ្មាន់កាំភ្លើងក៏ចាប់បាននៅថ្ងៃនោះដែរ។
លោកបានបញ្ជាក់ថា៖ «អ៊ីចឹងសមត្ថកិច្ចឃាត់ខ្លួនបានទាំងអ្នកបាញ់គេបានទាំងបក្ខពួកចោរម្នាក់ផង»។
លោកបានបន្តទៀតថា ចំពោះជនសង្ស័យទាំង ២ នាក់ ដែលម្នាក់ជាអ្នកបាញ់សម្លាប់ជនរងគ្រោះ និងម្នាក់ទៀតជាបក្ខពួកចោរគឺសមត្ថកិច្ចកំពុងបន្តស៊ើបមុនពេលបញ្ជូនពួកគេទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមបន្តតាមនីតិច្បាប់៕
វីដេអូ៖