ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅចំពោះមុខអង្គការសហប្រជាជាតិ (អ.ស.ប.) ថា ប្រទេសធំ និងតូចតែងតែមានការរៀបចំនយោបាយខុសៗគ្នា ហើយប្រទេសនីមួយៗមិនគួរត្រូវបានបង្អាក់ដំណើរដោយសារតែការដាក់ទណ្ឌកម្ម ឬវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចនោះទេ ដែលជាការរំលោភលើច្បាប់អន្តរជាតិ។
ការលើកឡើងរបស់លោកយ៉ាងដូច្នេះធ្វើឡើងនៅក្នុងអង្គមហាសន្និបាត អ.ស.ប. លើកទី ៧៦ តាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២៥ ខែកញ្ញា។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ប្រទេសធំ និងតូចតែងតែមានប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី របៀបរបបរស់នៅ និងការរៀបចំនយោបាយខុសៗគ្នា។ ប្រទេសនីមួយៗមិនគួរត្រូវបានបង្អាក់ដំណើរដោយសារតែការដាក់ទណ្ឌកម្មជាឯកតោភាគី ការហាមឃាត់ ឬវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងទៀតដែលរំលោភបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះឡើយ»។
លោកលើកឡើងថា ពិភពលោកនៅតែត្រូវដោះស្រាយនូវបញ្ហាប្រឈមជាច្រើនផ្សេងទៀតដូចជា ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នារវាងមហាអំណាច សង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម ជម្លោះប្រដាប់អាវុធដណ្តើមទឹកដី អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រែប្រួលអាកាសធាតុ ហើយសន្តិភាព និងសន្តិសុខអន្តរជាតិនៅតែកំពុងទទួលរងនូវសម្ពាធធ្ងន់ធ្ងរដូចមុនដដែល។
លោកបានថ្លែងថា ប្រវត្តិសាស្ត្របានប្រាប់ម្តងហើយម្តងទៀតថា ការជ្រៀតជ្រែក និងការដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះគឺការប្រើប្រាស់ជម្រើសយោធាក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗមិនមែនជាដំណោះស្រាយនោះឡើយ។ ផ្ទុយទៅវិញ ជម្រើសទាំងអស់នេះបានត្រឹមនាំមកនូវការបាត់បង់ជីវិត ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គមសេដ្ឋកិច្ចកាន់តែច្រើនជាងមុនតែប៉ុណ្ណោះ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «កម្ពុជាគឺជាឧទាហរណ៍ជាក់ស្តែង ដែលបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុតហើយអ្វីដែលគួរឱ្យសោកស្តាយនោះ គឺនាពេលបច្ចុប្បន្នយើងកំពុងតែឃើញការអនុវត្តឡើងវិញនូវគោលនយោបាយដដែលនេះ។ ប្រសិនបើយើងអាចចាត់ទុកជាមេរៀននូវព្រឹត្តិការណ៍ថ្មីៗដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថាន និងព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតពីមុន ការគោរពនូវបំណងប្រាថ្នានៃប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តដោយខ្លួនឯងគឺជាគុណតម្លៃមួយដ៏ធំធេង»។
លោកបានអំពាវនាវឱ្យមានការពង្រឹងនូវពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើច្បាប់ ហើយសន្តិភាព និងសន្តិសុខអន្តរជាតិមានសារៈសំខាន់បំផុតសម្រាប់អនាគតប្រកបដោយចីរភាព។
លោក ហ៊ុន សែន លើកឡើងជាថ្មីពីជំហររបស់កម្ពុជាដែលប្រកាន់យកជាយូរមកហើយថា ការទទួលខុសត្រូវចម្បងក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិគឺស្ថិតនៅលើអង្គការសហប្រជាជាតិ។ ចាប់តាំងពីឆ្នាំ ២០០៦ មក កម្ពុជាបានរួមចំណែកតាមរយៈការបញ្ជូនកងកម្លាំងជាង ៧ ៥០០ នាក់ ដើម្បីបម្រើក្នុងបេសកកម្មរក្សាសន្តិភាពផ្សេងៗ នៅទូទាំងពិភពលោករបស់អង្គការសហប្រជាជាតិហើយកងកម្លាំងរបស់កម្ពុជាមួយចំនួនបានធ្វើពលិកម្មបូជាជីវិតក្នុងអំឡុងពេលបំពេញបេសកកម្មការពារជនស្លូតត្រង់។
លោកបញ្ជាក់ថា កម្ពុជាគាំទ្រដល់សកម្មភាពសម្រាប់គំនិតផ្តួចផ្តើមរក្សាសន្តិភាពបូក (A4P+) របស់អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres និងគាំទ្ររបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ដែលនឹងធ្វើសមាហរណកម្មទស្សនៈវិស័យយេនឌ័រដ៏មានអត្ថន័យទៅក្នុងប្រតិបត្តិការរក្សាសន្តិភាពនានា។
លោក ហ៊ុន សែន បន្តថា ការប្រែប្រួលតថភាពនៃសតវត្សរ៍ទី ២១ ទាមទារនូវអង្គការសហប្រជាជាតិមួយដែលមានទម្រង់ថ្មី និងមានភាពរហ័សរហួនក្នុងការឆ្លើយតប។ អង្គការនេះត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្ជួនជាងមុននូវអភិក្រមដោះស្រាយបញ្ហាតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្ន និងភាពជាតំណាង។
លោកថ្លែងថា៖ «ក្នុងន័យនេះកម្ពុជាសូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះកិច្ចខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្មរបស់ឯកឧត្តមអគ្គលេខាធិការក្នុងការរៀបចំអង្គការនេះឱ្យកាន់តែមានភាពឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសជាសមាជិក។ ទំនាក់ទំនងរវាងក្រុមប្រឹក្សាសន្តិសុខ អង្គមហាសន្និបាត និងអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិក៏ត្រូវមានការពង្រឹងឡើងវិញផងដែរ»។
លោកនាយករដ្ឋមន្ត្រីថ្លែងថា កម្ពុជាបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ខ្លួនចំពោះការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ។ កម្ពុជាប្រកាន់ទស្សនៈថា ការបង្កើនភាពជាតំណាងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលគ្របដណ្តប់ចំណែកធំបំផុតនៃប្រទេសជាសមាជិកគឺជាអាទិភាពចម្បងបំផុត។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៦ ខែកញ្ញាថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺគ្រាន់តែជាការឆ្លុះបញ្ចាំងលើការវិវឌ្ឍ និងនិន្នាការថ្មីៗមួយចំនួនរបស់មហាអំណាចមួយចំនួនតែងតែប្រើប្រាស់សម្ពាធ ឬការដាក់ទណ្ឌកម្មមកលើប្រទេសតូច ដើម្បីសម្រេចគោលដៅពួកគេ។
លោកថ្លែងថា៖ «កន្លងមកហ្នឹងក៏យើងធ្លាប់ទទួលនូវភាពអយុត្តិធម៌ពាក់ព័ន្ធជាមួយនឹងទណ្ឌកម្មពាក់ព័ន្ធជាមួយនឹងសម្ពាធអីមួយចំនួនអ៊ីចឹងដែរពីប្រទេសធំមួយចំនួនដែលតែងតែមើលកម្ពុជាក្នុងរូបភាពអវិជ្ជមានដោយសារគេមានជម្លោះ ឬក៏មានការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយជាមួយប្រទេសធំផ្សេងទៀត»៕