ភ្នំពេញៈ មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងលំនៅឋានពលរដ្ឋមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន កំពង់ឆ្នាំង និងខេត្តព្រះវិហារ និងមានពលរដ្ឋប្រមាណជាង ៥០០ គ្រួសារហើយ ដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ កញ្ញាថា យោងតាមរបាយការណ៍បឋម ដែល គ.ជ.គ.ម ទទួលបានគិតត្រឹមរសៀលថ្ងៃទី ២៦ ខែកញ្ញា ខេត្តបន្ទាយមានជ័យ ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយមានពលរដ្ឋជាង ៥០០ គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
លោកបានបញ្ជាក់ថា៖ «យ៉ាងណាក្ដី ក្រុមការងារយើងបានចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋតាំងពីដើមទីទាន់ពេលវេលា ដែលគិតត្រឹមថ្ងៃទី ២៦ ខែកញ្ញា មិនមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ស្លាប់ ដោយគ្រោះជំនន់ទឹកភ្លៀងនេះទេ»។
បើតាមលោក សុខា ក្រៅពីប៉ះពាល់លំនៅឋានពលរដ្ឋ ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យបានប៉ះពាល់ដំណាំស្រូវជាង ១២ ០៣៨ ហិកតា ដំឡូងមី ២ ២៥៥ ហិកតា និងដំណាំរួមផ្សំ ១១៤ ហិកតា ព្រមទាំងប៉ះពាល់ និងខូចខាតផ្លូវនៅទូទាំងខេត្តសរុបជាង ៨៦,៦ គីឡូម៉ែត។ ចំណែកនៅខេត្តបាត់ដំបង ប៉ៃលិន កំពង់ឆ្នាំង និងខេត្តព្រះវិហារ គឺប៉ះពាល់តិចតួចនៅឡើយ។
លោកបានបន្តថា ពេលនេះលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ (គ.ជ.គ.ម ) កំពុងដឹកនាំក្រុមការងារចុះជួយអន្តរាគមន៍សង្គ្រោះពលរដ្ឋពីតំបន់រងគ្រោះមកកាន់ទីទួលសុវត្ថិភាព និងផ្ដល់ជំនួយសង្គ្រោះបឋមមួយចំនួនដល់ពួកគេ ដើម្បីជួយសម្រួលភាពខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះ លោក ស៊ី ឌី អធិការក្រុងសិរីសោភ័ណបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដោយសារភ្លៀង និងទឹកហូរធ្លាក់ពីតំបន់ខ្ពស់តាមប្រព័ន្ធអូរនានាបានបង្កឱ្យទឹកស្ទឹងសិរីសោភ័ណជន់ឡើងយ៉ាងគំហុកបណ្ដាលឱ្យលិចផ្ទះពលរដ្ឋជាច្រើនរយខ្នងនៅប្របនឹងមាត់ស្ទឹងនេះ មិនអាចរស់នៅបាន ហើយបានបង្ខំចិត្ត មកស្នាក់នៅបណ្ដោះអាសន្ន ក្រោមដំបូលតង់លើទីទួលសុវត្ថិភាព ដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាននៅផ្សារបេនឡានថ្មីក្នុងភូមិ-សង្កាត់ព្រះពន្លា។
លោក ស៊ី ឌី បានថ្លែងថា៖ «គិតត្រឹមថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២១ នេះមានប្រជាពលរដ្ឋចំនួន ៣០៥ គ្រួសារហើយ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ ផ្លូវលំមួយចំនួននៅក្នុងក្រុងនេះក៏ត្រូវបានទឹកជន់លិច និងហូរកាត់រងការខូចខាតផងដែរ»។
ចំណែកអ្នកនាំពាក្យរដ្ឋបាលក្រុងប៉ោយប៉ែត លោក កែវ តារារស្មី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពេលនេះទឹកនៅអូរព្រំដែនកម្ពុជា-ថៃ គឺហាក់ដូចនៅនឹងព្រោះមេឃបានរាំងភ្លៀង។ ក៏ប៉ុន្តែមានពលរដ្ឋ ១៨០ គ្រួសារហើយត្រូវបានជម្លៀសមកនៅទីតាំងចំនួន ៥ កន្លែង ក្នុងនោះនៅសង្កាត់ប៉ោយប៉ែតមាន ៣ ទីតាំង សង្កាត់ផ្សារកណ្ដាល ១ ទីតាំង និងនៅសង្កាត់និមិត្ត ១ ទីតាំង។
រីឯនៅស្រុកមង្គលបុរីវិញ មកទល់ពេលនេះមានពលរដ្ឋជិត ៣០ គ្រួសារត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព ខណៈភ្លៀងនៅតែបន្តធ្លាក់ក្នុងកម្រិតមធ្យម។ នេះបើតាម លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី។
លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កម្ពស់ទឹកស្ទឹងមង្គលបុរីបានជន់លិចហៀរកាត់ផ្លូវ និងភូមិឋានពលរដ្ឋក្នុងឃុំចំនួន ៤ គឺឃុំបត់ត្រង់ ឃុំប៉ាលហាល, ឃុំសឿ និង ឃុំរហាត់ទឹក។
ដោយឡែកកម្ពស់ទឹកស្ទឹងសែនក្នុងខេត្តព្រះវិហារនៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា បានឡើងលើសកម្រិតប្រកាសអាសន្ន ៣០ សង់ទីម៉ែត្រ និងហូរហៀរលិចចូលដីលំនៅឋានពលរដ្ឋមួយចំនួនក្នុងតំបន់ទំនាប ប៉ុន្តែនៅមិនទាន់ធ្ងន់ធ្ងរដូចឆ្នាំមុននៅឡើយទេ។ នេះបើតាម លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ។
លោក ចាប កុយ បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ដោយមានភ្លៀងធ្លាក់ខ្លាំង កាលពីយប់ថ្ងៃទី ២៥ ខែកញ្ញា បានធ្វើឱ្យកម្ពស់ទឹកស្ទឹងសែននៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ជន់ឡើងដល់ ១១,៨០ ម៉ែត្រគឺខ្ពស់ជាងកម្រិតប្រកាសអាសន្នដែលមានត្រឹមតែ ១១,៥០ ម៉ែត្រ។
លោកបានបញ្ជាក់ថា៖ «នៅពេលនេះទឹកស្ទឹងសែននៅតែបន្តការជន់ឡើងដោយសារមានភ្លៀងបានធ្លាក់ខ្លាំងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន»។
បើតាមលោក ចាប កុយ មកទល់ពេលនេះ ពលរដ្ឋនៅពុំទាន់មានការជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាពនោះទេ ប៉ុន្តែអាជ្ញាធរក៏មិនព្រងើយកន្តើយដែរ គឺកំពុងរៀបចំសាងសង់ជម្រកតង់នៅទីទួលសុវត្ថិភាព និងត្រៀមកម្លាំង និងមធ្យោបាយសម្រាប់ជម្លៀសពលរដ្ឋក្នុងគ្រាដែលទឹកជន់ឡើង និងលិចលង់ជាងនេះ។
ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គ ពិសេសនៅក្នុងប្រទេសថៃ និងប្រទេសឡាវ ធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គនៅកម្ពុជាបានហក់ឡើងជាបន្តបន្ទាប់។
នេះបើតាមការព្យាករកម្ពស់ទឹកទន្លេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ២៦ ខែកញ្ញា។
តាមរយៈការព្យាករនេះ កម្ពស់ទឹកទន្លេមេគង្គ នៅសា្ថនីយជលសាស្ត្រខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងនៅសា្ថនីយជលសាស្ត្រអ្នកលឿង ទឹកនឹងបន្តហក់ឡើង រហូតដល់ថ្ងៃទី ២៨ ខែកញ្ញា ខាងមុខនេះ។
ជុំវិញករណីនេះ លោក ហេង រ័ត្នម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពេលនេះ ទឹកទន្លេមេគង្គបានជន់ឡើង និងហូរចូលក្នុងព្រែក ស្ទឹង ប្រឡាយ និងប្រព័ន្ធទឹកបិទ (បឹង និងអាងស្តុកទឹក) មួយចំនួនទៀត ទើបតែបានប្រមាណ ៤០ ភាគរយប៉ុណ្ណោះ។
លោកថា៖ «សម្រាប់ខេត្តក្រចេះកម្ពស់ទឹកទន្លេមេគង្គឡើងដល់ ២០ ម៉ែត្រទើបល្អ ព្រោះទឹកអាចហូរចាក់បំពេញតាមស្ទឹងបឹងព្រែក និងអាងស្តុកទឹករបស់យើងបាន ១០០ ភាគរយដែលអាចជួយដល់កសិករសម្រាប់ធ្វើស្រូវប្រាំងបាន»។
បើតាមលោក រ័ត្នម៉ូនីដា ទឹកទន្លេមេគង្គនៅស្ថានីយជលសាស្ត្រខេត្តក្រចេះគិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២១ មានកម្ពស់ ១៧,៩០ ម៉ែត្រ នៅពេលកម្ពស់ទឹកត្រូវប្រកាសអាសន្ន ២២ ម៉ែត្រ ប៉ុន្តែបើតាមការព្យាករនៅថ្ងៃទី ២៨ ខែកញ្ញា ខាងមុខនេះ កម្ពស់ទឹកនៅស្ថានីយជលសាស្ត្រខេត្តក្រចេះនឹងឡើងដល់ ១៨,៨៥ ម៉ែត្រ៕
វីដេអូ៖